សេចក្ដីថ្លែងការណ៍រួមបញ្ជាក់គុណភាពថ្នាំបង្ការជំងឺកញ្ជ្រឹលស្អូច
2014.01.30
ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាអតីតប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ លោក សាន់ ច័ន្ទសឿន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមករា ថា ថ្មីៗនេះមានពាក្យលេចឮមិនត្រឹមត្រូវជាច្រើននៅតាមសហគមន៍មួយចំនួនពីការភ័ន្តច្រឡំ និងការភ័យខ្លាចមិនមានហេតុផលពីគុណភាពនៃវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលនិងស្អូច។
ពាក្យចចាមអារ៉ាមទាំងនោះ មានការនិយាយតគ្នាពីមួយទៅមួយ ថាថ្នាំវ៉ាក់សាំងនោះមិនមានគុណភាព ហើយយកមកពីប្រទេសវៀតណាម ដើម្បីចាក់ឲ្យកុមារដែលមានអាយុពី ៩ខែ ដល់ ១៥ឆ្នាំស្លាប់ក្នុងរយៈពេល ៣ឆ្នាំក្រោយ។
លោកបញ្ជាក់ថា វ៉ាក់សាំងទាំងឡាយដែលក្រសួងសុខាភិបាលសម្រេចដាក់ឲ្យប្រើក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការជាប្រចាំថ្ងៃ និងថ្នាំបង្ការជំងឺកញ្ជ្រឹលនិងស្អូច រួមបញ្ចូលគ្នា សុទ្ធតែបានផ្គត់ផ្គង់តាមរយៈអង្គការយូនីសេហ្វ ហើយចេញពីរោងចក្រផលិតដែលបានទទួលស្គាល់គុណភាពជាមុនពីអង្គការសុខភាពពិភពលោក ហើយក្រសួងមិនបានទិញវ៉ាក់សាំងទាំងនោះពីប្រភពផ្សេងទៀតឡើយ ដើម្បីធានាគុណភាព។
ឆ្នាំ២០១៤ នេះ ក្រសួងសុខាភិបាលមានយុទ្ធនាការផ្ដល់វ៉ាក់សាំងជំងឺកញ្ជ្រឹល និងស្អូចរួមគ្នាដល់កុមារអាយុចាប់ពី ៩ខែ ដល់ ១៥ឆ្នាំ ចំនួន ៤លានកន្លះ ឬស្មើនឹងចំនួនកុមារ ១០០ភាគរយនៃចំនួនកុមារសរុបដើម្បីលុបបំបាត់ជំងឺកញ្ជ្រឹលនិងស្អូចទាំងស្រុង៕