លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្កោះជាតិរិះគន់ការបិទខ្ទប់ក្រុងភ្នំពេញថា ជាវិធានការជ្រុលហួសហេតុដែលនាំឱ្យពលរដ្ឋជួបជីវភាពលំបាក។
លោក សម រង្ស៊ី បានសរសេបែបនេះនៅលើហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃទី១៨ មេសា ម្សិលម៉ិញ។ លោកបន្តថា សេចក្តីសម្រេចបិទខ្ទប់ទាំងស្រុង និងជាបន្ទាន់ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ដោយចាប់ផ្ដើមពីថ្ងៃ១៥ ខែមេសា ២០២១ បណ្តាលមកពីការខ្វះការយល់ដឹង និងភាពស្លន់ស្លោ ពីសំណាក់ថ្នាក់ដឹកនាំ។ លោកថែមទាំងណែនាំឱ្យរដ្ឋាភិបាលក្រុងភ្នំពេញសិក្សាពីបទពិសោធន៍នៃប្រទេសជិតខាង ដែលបានទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ មិនចាំបាច់បិទខ្ទប់រដ្ឋធានីរបស់គេទាំងស្រុងឡើយ គឺបទពិសោធន៍ពីប្រទេសវៀតណាម។ លោកថា ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម អាស្រ័យលើវិធានការប្រុងប្រយ័ត្នក្នុងសង្គមជាទូទៅ និងវិធានការបិទខ្ទប់ ឬមិនបិទខ្ទប់ ទីក្រុងធំតូច ហើយអាស្រ័យលើកម្រិត និងរយៈពេលនៃការបិទខ្ទប់នីមួយៗ ក្នុងនោះការបិទខ្ទប់មាន ៣កម្រិត គឺកម្រិតស្រាល កម្រិតខ្ពស់ និងកម្រិតភាពអាសន្ន។ ជាមួយគ្នានោះ ការបិទខ្ទប់ក្នុងភាពអាសន្នមានតិចតួចជាទីបំផុត ហើយគេមិនធ្វើចំពោះទីក្រុងធំៗ ទាំងមូល ដូចនៅប្រទេសកម្ពុជានោះទេ។
លោក សម រង្ស៊ី ក៏បានណែនាំដែរថា កុំយករឿងនយោបាយមកលាយឡំជាមួយរឿងបច្ចេកទេស និងរឿងវិទ្យាសាស្ត្រ។
គិតត្រឹមថ្ងៃទី១៨ ខែមេសា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម មានចំនួន ៣៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៣.៧៨១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។