រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកដឹកនាំការផលិតខ្សែភាពយន្ត អំពីប្រវត្តិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ លោក ម៉ៅ អាយុទ្ធ វ័យ ៧៧ឆ្នាំ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។
លោក ម៉ៅ អាយុទ្ធ ជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលរៀបរាប់អំពីប្រវិត្តលោក ហ៊ុន សែន។
លោកគឺជាអ្នកជំងឺកូវីដ-១៩ ទី៣៨ ហើយ ដែលស្លាប់ដោយសារជំងឺនេះ។ ក្នុងពេលជាមួយគ្នានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានកើនឡើងដល់ ៤.៦៧៦នាក់ កាលពីថ្ងៃទី១៤ ខែមេសា ក្រោយពីក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មី ៣៣៩នាក់ទៀត។
គិតត្រឹមព្រឹកថ្ងៃទី១៥ មេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៥.២១៨នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ២.៣១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២.៨៥៨នាក់។
ចំនួនកើនឡើងនេះអ្នកជំងឺ ធ្វើឲ្យក្រសួងសុខាភិបាល ប្រឈមនឹងបញ្ហារកកន្លែងដាក់អ្នកជំងឺមិនទាន់ រួចក៏ចេញសេចក្ដីណែនាំអំពីរបៀបថែទាំ និងព្យាបាលជំងឺដោយខ្លួនឯងនៅតាមផ្ទះ។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមេសា បានប្រាប់ឈ្មោះថ្នាំពេទ្យខ្លះ និងណែនាំរបៀបព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះនោះ។ ប៉ុន្តែថ្នាំ និងរបៀបព្យាបាលជំងឺដោយខ្លួនឯងនេះ ក្រសួងថា ធ្វើបានសម្រាប់តែករណីអ្នកជំងឺ គ្មានចេញរោគសញ្ញា និងមានរោគសញ្ញាដែរ រោគសញ្ញាស្រាល។
បើអ្នកជំងឺក្ដៅខ្លួនក្រោម ៣៧,៥ អង្សា គ្មានក្អក គ្មានហៀរសំបោរ គ្មានឈឺបំពង់ក និងសភាពទូទៅធម្មតា មិនចាំបាច់ប្រើថ្នាំព្យាបាលទេ។ ករណីនេះ ចាត់ទុកថា គ្មានរោគសញ្ញា។
បើអ្នកជំងឺក្ដៅខ្លួនលើស ៣៧,៥ មានឈឺសាច់ដុំ ឬឈឺបំពង់ក ចាត់ទុកថា មានរោគសញ្ញាស្រាល។ ករណីបែបនេះ ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល។
ករណីមានសញ្ញាបន្ថែម ដូចជា តឹងច្រមុះ ឬ ហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស្ម) ត្រូវប្រើថ្នាំ ប៉្រូម៉ិចស៊ីន (Bromhexine) ឬសេទីរីហ្ស៊ីន (Cetirizine)។
ក្រសួងបានណែនាំបន្ថែម ឲ្យអ្នកជំងឺនៅដាច់ដោយឡែកពីគេ ហូបអាហារមានជីវជាតិគ្រប់គ្រាន់ និងពិសាទឹកឲ្យបានច្រើនជាដើម។
ការណែនាំនេះ ធ្វើឡើងក្រោយតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាថា កម្ពុជាស្ថិតដល់មាត់ជ្រោះមរណៈ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ស្ថានការណ៍រីករាលដាលនៃជំងឺនេះ ទ្រាំទ្រលែងបានហើយ។
ក្រសួងសុខាភិបាលថា ដំណាក់កាលនេះ អ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញកើនឡើងច្រើន លើសពីចំណុះរបស់មន្ទីរពេទ្យ។ អគារធំៗ ជាច្រើន នៅទីក្រុងភ្នំពេញ ដូចជា អគារកោះពេជ្រជាដើម ដែលធ្លាប់ទទួលភ្ញៀវការ ឥឡូវបានប្រែក្លាយទៅជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺ។ ប៉ុន្តែ ចំនួនអ្នកជំងឺថ្មី បន្តកើនឡើង លើសគ្រែពេទ្យ ដែលអ្នកជំងឺជាច្រើន មិនទាន់រកកន្លែងសម្រាកព្យាបាលឃើញនៅឡើយ។
អ្នកជំងឺ ១.៤៩៣នាក់ កំពុងនៅផ្ទះ រង់ចាំបុគ្គលិកពេទ្យទាក់ទងមកទទួល ដើម្បីបញ្ជូនទៅកន្លែង ឬមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដណាមួយ ដែលមានគ្រែទំនេរ។
ឱសថការីខ្មែ-អូស្រ្តាលី សាទរចំពោះសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធីថែទាំសុខភាព និងការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺតាមផ្ទះនេះ។ ប៉ុន្តែសេចក្ដីប្រកាសនេះ ធ្វើឡើងជាងមួយឆ្នាំក្រោយករណីផ្ទុះកូវីដ-១៩ នៅកម្ពុជា។ ឱសថការី លឹម សួរ ថា វិធានការនេះ រាងយឺតពេលបន្តិចទៅហើយ។
រីឯក្រសួងការងារឯណោះ ក្រសួងនេះជូនដំណឹងពីតម្រូវការឯកសារ និងទីកន្លែងស្នើសុំ «លិខិតអនុញ្ញាតចេញ-ចូល» រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសាខាងមុខ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី១៥ ខែមេសា បញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ដែលសាលាក្រុងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ត្រូវទៅធ្វើលិខិតសុំអនុញ្ញាតដោយយកឯកសារបើកសហគ្រាស និងបញ្ជីឈ្មោះកម្មករនិយោជិត និងបុគ្គលិក ចាំបាច់ដែលត្រូវធ្វើដំណើរមកបំពេញការងារ ក្នុងអំឡុងពេលបិទខ្ទប់។
ក្រសួងបន្តថា ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅរាជធានីភ្នំពេញ ត្រូវចាត់តំណាង ១រូប មកស្នើសុំនៅក្រសួងការងារនៅរាជធានីភ្នំពេញ។ ចំណែករោងចក្រ និងសហគ្រាស សិប្បកម្ម នៅក្រុងតាខ្មៅវិញ ត្រូវមកស្នើសុំនៅមន្ទីរការងារក្នុងខេត្តកណ្ដាល។
សាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចជាបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីពេលនេះរហូត ដល់ថ្ងៃទី២៨ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។