អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ស្នើ​រដ្ឋាភិបាល​អនុវត្ត​ស្មើភាព​គ្នា​រវាង​អ្នក​ប្រើ​កាត​ប.ស.ស​និង​អ្នក​បង់​លុយ​ផ្ទាល់

ដោយ សន ចាន់រដ្ឋា
2017.12.12
ម៉ូតូ​កង់​បី​ប៉ោយប៉ែត ២០១៧ ៨៥៥ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ជាប់​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​អ្នក​រត់​ម៉ូតូ​កង់​បី និង​កម្មករ​ជាដើម​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ដោយ​ស្មើ​ភាព​គ្នា​រវាង​អ្នក​ជំងឺ​ដែល​ទទួល​បាន​កាត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) និង​អ្នក​ជំងឺ​ដែល​ទៅ​ព្យាបាល​ដោយ​បង់​លុយ​ផ្ទាល់។ ការ​ស្នើ​ឡើង​បែប​នេះ ដោយសារ​កន្លង​មក​ពួកគាត់​ជួប​ការ​លំបាក​ដោយសារ​គ្រូពេទ្យ​នៅ​តែ​រើសអើង​ចំពោះ​អ្នក​ជំងឺ។

ការ​ស្នើ​សុំ​របស់​អ្នក​រត់​ម៉ូតូ​កង់​បី កម្មករ​សំណង់ និង​សហជីព​នៅ​ក្រោយ​ពេល​ពួកគេ​បាន​ដឹង​ថា រដ្ឋាភិបាល​មាន​គម្រោង​ផ្ដល់​អត្ថប្រយោជន៍​របប​ថែទាំ​សុខភាព និង​របប​គ្រោះថ្នាក់​ការងារ​ដល់​ក្រុម​អ្នក​ប្រកប​របរ​នៅ​ក្រៅ​ប្រព័ន្ធ​ឲ្យ​ដូច​អ្នក​ប្រកប​មុខ​របរ​ក្នុង​ប្រព័ន្ធ និង​មន្ត្រី​រាជការ​ដែរ។​

​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធិ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​អំពី​អត្ថប្រយោជន៍​ដែល​បុគ្គលិក កម្មករ និយោជិត ទាំង​ក្រៅ​ប្រព័ន្ធ ក្នុង​ប្រព័ន្ធ និង​មន្ត្រី​រាជការ​ទទួល​ពី​រដ្ឋាភិបាល គឺ​ចាប់​ពី​ចុង​ខែ​ធ្នូ នេះ​ទៅ ពួកគេ​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​លើ​ការ​ចេញ​ថ្លៃ​ទាំង​ស្រុង​លើ​របប​គ្រោះថ្នាក់​ការងារ ដោយ​ផ្ដោត​សំខាន់​លើ​សកម្មភាព​៣ គឺ​គ្រោះថ្នាក់​នៅ​កន្លែង​ដែល​កម្មករ និយោជិត បំពេញ​ការងារ​ឲ្យ​និយោជក​ក្នុង​សហគ្រាស គ្រឹះស្ថាន ឫ​ក្រុមហ៊ុន។ គ្រោះថ្នាក់​នៅ​ពេល​ដែល​កម្មករ និយោជិត​ធ្វើ​ដំណើរ​ពី​កន្លែង​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ ឫ​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​ការងារ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ចាត់​ទុក​ជា​គ្រោះថ្នាក់​ការងារ​ផង​ដែរ និង​មាន​ការ​ធានា​គ្រោះថ្នាក់​នៅ​ពេល​ដែល​កម្មករ និយោជិត​កើត​ជំងឺ​ដោយសារ​បំពេញ​វិជ្ជាជីវៈ។

ដោយឡែក​ចំពោះ​របប​ថែទាំ​សុខភាព លោក ជាវ ប៊ុនរិទ្ធិ អះអាង​ថា ប.ស.ស ធានារ៉ាប់រង​២៤​ម៉ោង​លើ​២៤​ម៉ោង។ ប.ស.ស បាន​ចុះ​កិច្ចសន្យា​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ប្រមាណ​ជាង ១​ពាន់​មន្ទីរពេទ្យ ដែល​បាន​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​បុគ្គលិក កម្មករ និយោជិត​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​នៅ​ថ្នាក់​ជាតិ។

លោក ជាវ ប៊ុនរិទ្ធិ អះអាង​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ឈ្មោះ "សប្បាយ" ថា ដើម្បី​ឲ្យ​បុគ្គលិក កម្មករ និយោជិត ទូទាំង​ប្រទេស​កម្ពុជា ទទួល​បាន​អត្ថប្រយោជន៍​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​បណ្ដា​គ្រឹះស្ថាន សហគ្រាស ទោះបី​ប្រើ​កម្មករ និយោជិត​ក្រៅ​ប្រព័ន្ធ​ក្ដី ក្នុង​ប្រព័ន្ធ​ក្ដី និង​ប្រជាពលរដ្ឋ​ជា​អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​កង់​បី ត្រូវ​តែ​ទៅ​ចុះ​បញ្ជី​នៅ​អគារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​មាន​ទីតាំង​ក្នុង​ទីស្នាក់ការ​ក្រសួង​ការងារ និង​សាខា ប.ស.ស តាម​ខណ្ឌ និង​តាម​ខេត្ត។

​ចំពោះ​ឯកសារ​តម្រូវ គឺ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ប្រសិនបើ​បាត់​អត្តសញ្ញាណប័ណ្ណ អាច​ទៅ​ធ្វើ​នៅ ប.ស.ស ក៏​បាន​ដែរ ដោយសារ​ ប.ស.ស បាន​សហការ​ជាមួយ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​របស់​ក្រសួង​មហាផ្ទៃ។ ការ​ចុះ​បញ្ជី​នេះ មិន​តម្រូវ​ឲ្យ​មាន​ការ​បង់លុយ​ទេ៖ «បាន​ចុះ​បញ្ជិកា ចុះ​បញ្ជី​របស់​ប.ស.ស អគារ​គ្រឹះស្ថាន​ឯកជន​នានា វិស័យ​សេដ្ឋកិច្ច​ទាំង​អស់ មាន​ប្រមាណ​ជាង​មួយ​ម៉ឺន​បី​សែន​នាក់ ដោយ​ឡែក​របប​សន្តិសុខ​និយោជិត យើង​បាន​ចុះ​បញ្ជី​ប្រមាណ​ជាង​មួយ​លាន​នាក់»

​បើ​ទោះ​ជា ប.ស.ស អះអាង​ថា ស្ថាប័ន​រដ្ឋ​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ​ស្ទើរ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ដែល​ទៅ​ទទួល​យក​សេវា​ព្យាបាល​តាម​រយៈ​ប័ណ្ណ ប.ស.ស ត្អូញត្អែរ​ថា ពួកគេ​មិន​ដែល​ទទួល​បាន​ការ​រួសរាយ​រាក់ទាក់​ពី​ក្រុម​គ្រូពេទ្យ​នោះ​ទេ។

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ហាក់​មិន​សូវ​រំភើប​ចំពោះ​កាដូ​ថ្មី​ដែល​រដ្ឋាភិបាល​ប្រកាស​គ្រោង​ផ្ដល់​ឲ្យ​នោះ​ទេ។ លោក​អះអាង​ថា លោក និង​ក្រុម​គ្រួសារ​ជា​អ្នក​ជួប​ផ្ទាល់​នៅ​ពេល​ដែល​សាច់ញាតិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បង្ហាញ​ប័ណ្ណ ប.ស.ស នេះ​ទៅ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រុស្ស៊ី មិន​សូវ​មាន​ការ​រាក់ទាក់ ដូច​កាល​ពី​ពេល​មិន​ទាន់​បង្ហាញ​ប័ណ្ណ​ឡើយ៖ «ខ្ញុំ​សង្ឃឹម​ថា ប.ស.ស នឹង​ធ្វើ​ឲ្យ​បាន មិន​មែន​គ្រាន់​តែ​ថា​ហើយ​សន្យា​មិន​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ទេ ធ្វើ​ហើយ​ទុក​ចោល ខ្ញុំ​មិន​ដែល​ទទួល​បាន​អ្វី​ដែល​ប.ស.ស និយាយ​ជាមួយ​ពួក​ខ្ញុំ​ទេ»

​ចំណែក​កម្មករ​សំណង់​វិញ​ក៏​មើល​ឃើញ​ស្រដៀង​គ្នា​ដែរ។ លោក​ស្នើ​ឲ្យ​ស្ថាប័នរដ្ឋ​មួយ​នេះ បង្កើន​ទំនុក​ចិត្ត​បន្ថែម​ទៀត​សម្រាប់​សមាជិក  ប.ស.ស៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ពី​របៀប​​ធ្វើ​ការ​កែប្រែ បើ​មាន​សំណង​អី​សមរម្យ​គួរ​តែ​ផ្ដល់​ឲ្យ មិន​មែន​គ្រាន់​តែ​ជា​លេស​នយោបាយ​ទេ។ ខ្ញុំ​សង្ឃឹម​ថា ពលរដ្ឋ កម្មករ​នឹង​ទទួល​បាន​ពិត​ប្រាកដ»

​មន្ទីរពេទ្យ​រដ្ឋ​ដែល ប.ស.ស បាន​ចាប់ដៃ​សហការ​គ្នា​នោះ មាន​នៅ​ថ្នាក់​ក្រោម​ជាតិ ដូចជា គ្រប់​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ ចំណែក​មន្ទីរពេទ្យ​ថ្នាក់​ជាតិ មាន​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​លោកសង្ឃ ព្រះអង្គឌួង មន្ទីរពេទ្យ​រុស្ស៊ី និង​មន្ទីរពេទ្យ​មួយ​ចំនួន​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មើល​ឃើញ​ថា ការ​រើសអើង​ពី​ក្រុម​គ្រូពេទ្យ​រដ្ឋ​ចំពោះ​អ្នក​កាន់​ប័ណ្ណ ប.ស.ស មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​កាត់​បន្ថយ​បន្តិចបន្តួច​ហើយ។ ប៉ុន្តែ​​បើ​ទោះ​ជា​យ៉ាង​ណា លោក អាត់ ធន់ ថា នៅ​តែ​មាន​ករណី​ក្រុម​គ្រូពេទ្យ​រដ្ឋ​រើស​អើង​សមាជិក ប.ស.ស និង​ពេទ្យ​ឯកជន​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ​បង់​ថ្លៃ​ទូទាត់​ទៅ​វិញ​យឺតយ៉ាវ និង​មានតម្លៃ​ទាប ទើប​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅ​មាន​ការ​លំបាក​សម្រាប់​អ្នក​ជំងឺ​ដែល​ជា​សមាជិក  ប.ស.ស៖ «រឿង​ទី​១ គឺ​ពេទ្យ ភាគ​ច្រើន​គឺ​គាត់​ព្យាបាល ឬ​ក៏​គាត់​ទទួល​អី​ហ្នឹង គាត់​មាន​សេវា​អ៊ីចឹង ដល់​ពេល​ប.ស.ស ហ្នឹង​ទៅ​គាត់​អត់​មាន​សេវា​ពេទ្យ ឲ្យ​គាត់​នៅ​ក្រៅ។ ពេទ្យ​ខ្លះ​គាត់​ក៏​នៅ​មាន​បញ្ហា​យឺតយ៉ាវ​ដែរ ហើយ​ពេទ្យ​ឯកជន​មួយ​ចំនួន​គេ​ថា ការ​ទូទាត់​ពី​ប.ស.ស ហ្នឹង គឺ​គេ​កំណត់​បារ៉ែន​វា​ទាប​ពេក ការ​ទូទាត់​មក​វិញ​វា​រាង​យឺតយ៉ាវ។ អា​ហ្នឹង​ដែល​យើង​ធ្លាប់​ជួប​ប្រទះ ហើយ​យើង​បាន​ជជែក​គ្នា ដំណើរ​បារ៉ែន​នៃ​ការ​ព្យាបាល​ហ្នឹង​ហើយ ប៉ុន្តែ​វា​នៅ​តែ​បញ្ហា វា​ពិបាក​ណាស់​រឿង​ពេទ្យ​យើង​កន្លង​មក សេវា​សម្រាប់​អ្នក​ក្រ សម្រាប់​អ្នក​អត់​មាន​លុយ វា​ខ្សោយ​ណាស់ មើល​តែ​អ្នក​មាន​លុយ ដល់​ពេល​អ៊ីចឹង ពេល​យើង​អនុវត្ត​ប.ស.ស ហ្នឹង​ទៅ ជួប​ឧបសគ្គ​តែម្ដង»

​ប្រធាន ប.ស.ស លោក ជាវ ប៊ុនរិទ្ធិ អះអាង​ថា មន្ត្រី​រាជការ​នឹង​ទទួល​បាន​របប​ថែទាំ​សុខភាព និង​របប​គ្រោះថ្នាក់​ការងារ​ពី ប.ស.ស ដែរ បន្ថែម​ពី​លើ​របប​សោធន​និវត្តន៍។ លោក​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​គ្នា​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ហើយ​បច្ចុប្បន្ន​នេះ​វិស័យ​ឯកជន​បាន​ដើរ​នាំ​មុខ​រួច​ហើយ​លើ​របប​គ្រោះថ្នាក់​ការងារ និង​ថែទាំ​សុខភាព។ មន្ត្រី​រាជការ​នឹង​ទទួល​បាន​របប​នេះ​នៅ​ឆ្នាំ​២០១៨។ លោក​អះអាង​ថា ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ស្មើៗ​គ្នា។

​កាល​ពី​ចុង​ខែ​ឧសភា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម រង​ការ​រិះគន់​ពី​ស្វាមី និង​គ្រួសារ​របស់​សព​កម្មការិនី​ម្នាក់​ថា ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​មន្ទីរពេទ្យ​ជប៉ុន បាន​រើសអើង​រហូត​បណ្ដាល​ឲ្យ​កម្មការិនី ឈ្មោះ ឈា សារិន ស្លាប់​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ពេល​កំពុង​សម្រាល​កូន។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មើល​ឃើញ​ថា ដើម្បី​បង្ការ​កុំ​ឲ្យ​របប​ទាំង​ពីរ (របប​គ្រោះថ្នាក់​ការងារ និង​របប​ថែទាំ​សុខភាព) ដែល ប.ស.ស ផ្ដល់​ឲ្យ រង​ការ​រិះគន់​ថា គ្មាន​ប្រសិទ្ធភាព ឬ​រង​ការ​រើស​អើង​ពី​គ្រូពេទ្យ​ទៀត ស្ថាប័ន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ត្រូវ​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​ពង្រឹង​ក្រមសីលធម៌​គ្រូពេទ្យ ដាក់​ពិន័យ ឬ​ព្រមាន​ចំពោះ​គ្រូពេទ្យ​ណា​ដែល​ប្រើ​ភាសា កាយវិការ ឥរិយាបថ មិន​សមរម្យ​លើ​អ្នក​ជំងឺ​ដែល​កាន់​ប័ណ្ណ ប.ស.ស។

លោក​បន្ត​ថា ប.ស.ស ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ទាំង​ក្រុម​គ្រូពេទ្យ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ពី​សេវា​ដែល​អ្នក​ជំងឺ​ត្រូវការ និង​មន្ទីរពេទ្យ​មាន​ផ្ដល់​ឲ្យ។ ដោយ​ឡែក​អ្នក​ជំងឺ​ខ្លួន​ឯង​ក៏​ត្រូវ​យល់​ឲ្យ​ច្បាស់​បន្ថែម​ទៀត​ពី​ភាព​ជា​សមាជិក​របស់​ ប.ស.ស។ លោក អាត់ ធន់ ហៅ​ការ​ផ្ដល់​សេវា​ទាំង​ពីរ​របស់ ប.ស.ស នេះ​ថា​គឺ​ជា​សេវា​ថ្មី ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​ចូលរួម​ពី​គ្រប់​ភាគី​ទើប ប.ស.ស អាច​ជៀស​ផុត​ពី​ការ​រិះគន់​ដូច​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។