ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលកំពុងប្រឈម នឹងកង្វះស្បៀងអាហារ នៅក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ឧសភានេះ នឹងទទួលអំណោយជាអង្ករ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀតពីពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក។ គម្រោងចែកស្បៀងនេះ ធ្វើឡើងក្រោយពីមានពលរដ្ឋជាច្រើននាក់បានផ្ទុះការតវ៉ាទាមទារឱ្យអាជ្ញាធរចែកស្បៀងអាហារដល់ពួកគេ ដោយសារតែរដ្ឋាភិបាលបានបិទខ្ទប់ទីក្រុងកន្លងទៅ ក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
ពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៅក្នុងទីក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន បាននាំគ្នាចេញមកខាងក្រៅផ្ទះដើម្បីតវ៉ាទាមទារឱ្យអាជ្ញាធរផ្ដល់ស្បៀងអាហារដល់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល មិនឱ្យពួកគេចេញក្រៅផ្ទះជាច្រើនថ្ងៃមក។
បើទោះរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួនក្ដី ក៏ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់សហរដ្ឋអាមេរិក នឹករលឹក និងចង់ជួយដល់ពលរដ្ឋខ្មែរគ្នាឯង ដែលកំពុងជួបបញ្ហាខ្វះខាតស្បៀង នៅឯកម្ពុជា។
ឧបាសក ឆាយ អ៊ីវសៀង និងឧបាសិកា ហុង គឹមសែ រស់នៅរដ្ឋម៉ារីលែនដ៍ (Maryland) បានរួមគ្នាជាមួយនឹងពលរដ្ឋខ្មែរមួយចំនួនទៀត ទិញស្បៀងអាហារចែកជូនពលរដ្ឋដែលកំពុងប្រឈមបញ្ហាខ្វះខាត។
ឧបាសិកា ឆាយ អ៊ីវសៀង បញ្ជាក់ថា មកដល់ពេលនេះលោកស្រីប្រមូលបានថវិកា សរុបចំនួន ១៦.២៧០ដុល្លារ ហើយលោកស្រីបានឱ្យអ្នកតំណាងនៅក្នុងប្រទេសកម្ពុជាទិញអង្ករ ទឹកត្រី មីកញ្ចប់ ត្រីខកំប៉ុង និងទឹកស៊ីអ៊ីវ ដើម្បីចែកជូនពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកនេះ។
ឧបាសិកាបន្តថា ការចែកស្បៀងនេះ គឺកើតចេញពីទឹកចិត្តស្រឡាញ់ពលរដ្ឋខ្មែរ ក្នុងនាមជាខ្មែរដូចគ្នា មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយទេ៖ «ពួកខ្ញុំនេះអត់មានអ្នកនយោបាយអ្វីទេ ជាអំណោយសប្បុរសធម៌ អត់មានបក្សពួក នយោបាយក្នុងប្រទេស ក្រៅប្រទេសអី អត់ទេ ជាសប្បុរសជនដែលអាណិតស្រឡាញ់ជាតិខ្មែរ ប៉ុណ្ណឹងឯង។ ខ្ញុំក៏ប្រាប់ទៅអ្នកចាត់ការទូទៅដែរថា អត់មានរឿងនយោបាយ អត់មានរឿងបក្សពួក អត់មានរឿងខ្មៅ ស ឱ្យតែគ្នាអត់ឃ្លានចែកទៅ។ មិនឱ្យមានរើសអើងពូជសាសន៍អីទេ»។
លោកស្រី អ៊ូ សៀងផុង តំណាងអ្នកចែកចាយមួយរូបនៅក្នុងទីក្រុងភ្នំពេញ បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី៧ ឧសភានេះ ចំនួន ៣០០ គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៦គីឡូក្រាម មី ២៥កញ្ចប់ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ ១យួរ។
ការផ្ដួចផ្ដើមចែកស្បៀងជូនពលរដ្ឋនៅកម្ពុជានេះ មិនមែនមានតែពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ សម្រាប់ពលរដ្ឋខ្មែរក្រោម និង ពលរដ្ឋខ្មែរមួយចំនួនទៀត នៅរដ្ឋកាលីហ្វ័រញ៉ា (California) ក៏បានប្រមូលថវិកាចែកជូនពលរដ្ឋដែលកំពុងខ្វះស្បៀងអាហារនៅតាមបណ្ដាខេត្ត ផងដែរ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ថា សហព័ន្ធខ្មែរក្រោម នៅសហរដ្ឋអាមេរិក បានប្រមូលថវិកាប្រមាណ ៥.០០០ដុល្លារ ដើម្បីចែកជួនពលរដ្ឋចំនួន ៤០០គ្រួសារ នៅក្នុងទីក្រុងភ្នំពេញ សៀមរាប និងនៅក្នុងខេត្តស្វាយរៀង ក្នុងមួយគ្រួសារគិតជាទឹកប្រាក់បានចំនួន ១០ដុល្លារ៖ «ចែកជូនដល់ខ្មែរកម្ពុជាក្រោមដែលរងជំងឺកូវីដ ឬរងឥទ្ធិពលនៃជំងឺកូវីដ ហើយនឹងខ្មែរកម្ពុជាក្រោមដែលដាច់ស្បៀងអាហារដែលដាច់ស្បៀងអាហារ ដោយសារជំងឺកូវីដ ដែលមិនអាចចេញទៅធ្វើការបានដែលសរុបទឹកប្រាក់ដែលសហព័ន្ធផ្ញើមកចំនួន ៥ពាន់ដុល្លារ»។
លោក តាំង សារៈ បានបញ្ជាក់ថា មានពលរដ្ឋខ្មែរក្រោមប្រមាណ ៥០ គ្រួសារមានជំងឺកូវីដ ១៩ ប៉ុន្តែអំណោយដែលសហព័ន្ធខ្មែរក្រោមចែកនេះ គឺផ្ដល់ជូនដល់ពលរដ្ឋខ្មែរទាំងអស់ ដែលខ្វះស្បៀងអាហារ មិនថាពលរដ្ឋខ្មែរកណ្ដាល ឬខ្មែរក្រោមនោះទេ។
ដោយឡែកពលរដ្ឋខ្មែរ ម្នាក់ទៀតរស់នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោក ភូ រស្មី មានប្រសាសន៍ថា លោកបានប្រមូលថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់ចែកជូនពលរដ្ឋខ្មែរ នៅក្នុងខេត្តបាត់ដំបង នៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងនៅក្នុងទីក្រុងភ្នំពេញ ចំនួន ៦០០គ្រួសារ។ លោកថា ក្នុងមួយគ្រួសារទទួលបានអង្ករ មី និងទឹកស៊ីអ៊ីវ ក្នុងពេលដែលពួកគេកំពុងប្រឈម នឹងកង្វះស្បៀងអាហារសម្រាប់ទទួលទាន។
សំឡេង«អារម្មណ៍ខ្ញុំក៏ធ្លាប់កម្សត់ណាស់ដែរ ជាជនភៀសខ្លួនមកពីស្រុកខ្មែរតាំងពីអាយុ ៦ ឆ្នាំពេល ឃើញអ៊ីចឹងទៅ កម្សត់ម៉្យាងដែរ ឃើញខ្វះខាត ណាក៏ដូចអ្នកណាដែរ មិនថា បងប្អូនយើង បងប្អូនគេទេ។ បើយើងធ្លាប់ឃើញគេអត់មានអាហារ យើងចេញតូចចិត្តអន់ចិត្ត»។
ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ កាលពីសប្ដាហ៍មុនបាននាំគ្នាចេញមកតវ៉ាជាលើកដំបូងទាមទារ ឱ្យរដ្ឋាភិបាលផ្ដល់ស្បៀងអាហារដល់ពួកគេ ក្រោយពេលរដ្ឋាភិបាលរាំងខ្ទប់មិនឱ្យពលរដ្ឋចេញក្រៅផ្ទះនៅក្នុងតំបន់ក្រហមអស់ជាច្រើន បណ្ដាលឱ្យពួកគេមិនជួបបញ្ហាខ្វះស្បៀង។ បច្ចុប្បន្ន បានបន្ធូរបន្ថយការបិទខ្ទប់តំបន់ពណ៌លឿង និងពណ៌លឿងទុំ តែនៅបន្តឃាំងខ្ទប់តំបន់ក្រហម ដែលមានចំនួនអ្នកឆ្លងជំងឺកូដវីដ១៩ ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។