សង្គម​ស៊ីវិល​ថា មាន​ចំណុច​សង្ស័យ​ចំពោះ​ការ​ពុល​ជា​ថ្មី​ទៀត​លើ​ពលរដ្ឋ​ជិត​១០០​នាក់​នៅ​​ក្រចេះ

អាស៊ីសេរី
2018-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
Social Media

មន្ត្រី​សង្គម​ស៊ីវិល​ហាក់​ទាន់​ស្ងប់​អារម្មណ៍ ទាក់ទិន​ពលរដ្ឋ ៧៥​នាក់ រស់នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កើត​អាការៈ​ខុស​ប្រក្រតី ដែល​មាន​ការ​សង្ស័យ​ថា ពុល​នំប៉័ង។ ការ​លើកឡើង​នេះ​ក្រោយ​ពី​ពលរដ្ឋ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ជិត ១​រយ​នាក់ បាន​នាំ​គ្នា​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ និង​មណ្ឌល​សុខភាព កាលពី​យប់​ថ្ងៃ​ទី២៥ ឧសភា។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អធិការ​ស្រុក​ចិត្របុរី និង​អភិបាល ស្រុក​នេះ លោក ហង្ស ចាន់ឌី ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណាក៏ដោយ​អភិបាលស្រុក​រូប​នេះ បាន​កាសែត​ក្នុង​ស្រុក​ថា មុន​ពេល​កើត​មាន​បាតុភាព​នេះ​ឡើង អ្នកភូមិ និង​កុមារ បាន​បរិភោគ​នំប៉័ង​ដែល​មន្ទីរ​កសិកម្ម​របស់​ខេត្ត​ចុះ ផ្សព្វផ្សាយ ជូន​ពលរដ្ឋ​ពី​បច្ចេកទេស​ដាំ​ឡូង​មី ហើយ​បាន​ចែក​នំប៉័ង​ឲ្យ​ពលរដ្ឋ​បរិភោគ។ លោក​ថា បន្ទាប់​ពី​ពលរដ្ឋ​បរិភោគ​នំប៉័ង​រួច ពួកគេ​មាន អាការៈ​ពុល ក្អួត​ចង្អោរ និង​រាគ​រួស ហើយ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត និង​មួយ​ចំនួន​នៅ​មណ្ឌល​សុខភាព។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​មិន​ទុកចិត្ត​ចំពោះ តម្រុយ​នៃ​ការ​រក​ឃើញ​របស់​អាជ្ញាធរ​ជំនាញ​ខេត្ត​ក្រចេះ​នោះ​ទេ ហើយ​ការស្រាវជ្រាវ​របស់​មន្ទីរ​សុខាភិបាល គ្រាន់​ជា​ការ​សន្និដ្ឋាន​បឋម​ប៉ុណ្ណោះ។

កន្លងទៅ​ករណី​ពុល​ទឹក​ព្រែក​ទេរ បង្ក​ឲ្យ​ពលរដ្ឋ​ជិត ២០​នាក់​ស្លាប់ និង ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រសួង​ចំនួន ៣ គឺ​ក្រសួង​ចំនួន​៣ បង្ហាញ ហេតុផល​ផ្សេងៗ​គ្នា​ហាក់​គ្មាន​ការទទួលខុសត្រូវ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា អាជ្ញាធរ​បាន​សន្និដ្ឋាន​លើ​ការ​ពុល​នំប៉័ង ហាក់ដូចជា​ឆាប់រហ័ស​ពេក ដែល​លោក​ចាត់ទុកថា មាន​ចំណុច មន្ទិលសង្ស័យ​លើ​ហេតុផល​ផ្សេង។ លោក​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត និង​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​លើ​បាតុភាព​នេះ ពីព្រោះ​តំបន់​នោះ មាន​ជាប់​ពាក់ព័ន្ធ​ការ​វិនិយោគ​ក្រុមហ៊ុន​រុករក​រ៉ែ ដែល​មាន​ជាប់​ពាក់ព័ន្ធ នឹង​បញ្ហា​ពុល​ទឹក​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «អ៊ីចឹង​វា​ជា​ទម្រង់​មួយ​ដែល​វា​ចង់​ឃើញ​ថា ភាព​ថ្លា​ច្បាស់​បែប​វិទ្យាសាស្ត្រ​បែប​បច្ចេកទេស ជាជាង​សន្និដ្ឋាន​លឿន ហើយ​លទ្ធផល​ចុងក្រោយ​ពលរដ្ឋ​មិន​ស្ងប់ចិត្ត និង​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ»

កាលពី​ថ្ងៃ​ទី​២៦ ឧសភា មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ចេញ​របាយការណ៍​បឋម​ភ្លាមៗ ស្ដីពី​ការ​ពុល​ចំណីអាហារ នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី បង្ហាញ​ថា ពលរដ្ឋ​មាន​អាការៈ ឈឺពោះ ក្អួតចង្អោរ អស់កម្លាំង និង​រាគ​រួស មាន​ចំនួន ៧៥​នាក់ ក្នុង​នោះ​មាន​កុមារ ២៦​នាក់។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ រហូតមកដល់​បច្ចុប្បន្ន​នៅ​ខេត្ត​ក្រចេះ មាន​មនុស្ស​ស្លាប់​ជាង ៣០​នាក់ និង​ជាង ៣០០​នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពលរដ្ឋ​ពិសា​ស្រា​ស សាច់​ឆ្កែ​ដែល​គេ​បំពុល ពុល​ត្រី​កំពត ពុល​ទឹកក្រូច និង​ករណី​ពុល​ទឹក​ព្រែក​ទេរ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចុះក្រសួងសុខាភិបាល មិនមានលទ្ធភាពពិនិត្យ នឹងធ្វើកោសលវិច័យ រកហេតុផលរបស់សពទេឬអី?

May 27, 2018 06:00 AM

គេហទំព័រ​ទាំងមូល