មន្ត្រី​ជំនាញ​កសិកម្ម​កំពុង​រក​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​ចូល​មក​កម្ពុជា

ដោយ សេក បណ្ឌិត
2019-04-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
Photo: RFA

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា ពិតជា​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​(African Swine Fever) ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ភូមិ​សោមកានិញ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ប្រាកដ​មែន។ ទោះ​យ៉ាងណា​ក្តី ក្រសួង​មិនបាន​បញ្ជាក់​ទេ​ថា ករណី​ផ្ទុះ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ការ​រីក​រាលដាល ឬ​ការ​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​នោះ​ទេ។

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កសិកម្ម ខេត្ត​រតនគិរី ក៏បាន​ប្រកាស​ជា​ផ្លូវការ​ដែរ អំពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក និង​កំពុង​ស្វែងរក​មូលហេតុ​នៃ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​នេះ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ ការពារ និង​ទប់ស្កាត់​មួយ​ចំនួន។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត​រតនៈគិរី តាំងពី​ថ្ងៃ​ទី២២ មីនា មក​ម្ល៉េះ ហើយ​ជ្រូក​ជាច្រើន​រយ​ក្បាល​របស់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច បាន​ធ្លាក់ខ្លួន​ឈឺ និង​ងាប់​ជា​បន្តបន្ទាប់ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​នេះ​អាហ្វ្រិក​នេះ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ភាគ​ខាងជើង និង​នៅ​ប្រទេស​ចិន។

អភិបាលស្រុក អូរយ៉ាដាវ និង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​រតនគិរី បាន​ឱ្យ​ដឹង​ដូចគ្នា​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិ្វក​នេះ ដំបូង​ឡើយ​គេ​សង្ស័យ​ថា កើត​នៅ​ក្នុង​ភូមិ​សោមកានិញ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី តាំងពី​ពាក់​កណ្តាល​ខែ​មីនា មក​ម្ល៉េះ ប៉ុន្តែ​ទើបនឹង​ដឹង​ច្បាស់​អំពី​រោគសញ្ញា​នេះ​នៅ​ម្ដុំ​ចុងខែ​មីនា កន្លងមក និង​នៅ​ដើមខែ​មេសា​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម​ចេញផ្សាយ​កាលពី​២ មេសា ឱ្យ​ដឹង​ថា ក្រសួង​បាន​បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​នេះ ដោយ​បំផ្លាញ​ចោល​សត្វ​ជ្រូក​គ្រប់​ប្រភេទ ផ្អាក​ការទិញ​លក់ ឬ​ដឹក​ឆ្លងកាត់​ក្នុង​រង្វង់ ៣​គីឡូម៉ែត្រ​ពី​តំបន់​ផ្ទុះ​ជំងឺ សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​នេះ និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក​ជា​ប្រចាំ។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​រតនគិរី លោក សយ សូរណា មាន​ប្រសាសន៍ ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៥ មេសា​ថា ការ​ដឹង​ច្បាស់​អំពី​ការ​ផ្ទុះ​ជំងឺ​ជ្រូក​នេះ ក្រោយ​ពេល​រដ្ឋ​ម្ចាស់​ជ្រូក​មក​ប្រាប់​អាជ្ញាធរ​ថា ជ្រូក​ពួកគេ​បាន​ឈឺ រហូត​មាន​ងាប់​ជា​បន្តបន្ទាប់​ស្ទើរ​ពេញ​ភូមិ៖ «ពេល​វា​ឈឺ​ងាប់​អ៊ីចឹង​ទៅ​ខាង​ពេទ្យសត្វ​ភូមិ​ប្រាប់​ថា ពួកគាត់​ព្យាបាល​អត់​ជា​សោះ ពេល​ឃើញ​អញ្ចឹង​យើង​ទៅ​បូម​ឈាម​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ ក៏​ឃើញ​វិជ្ជមាន​ជ្រូក​នោះ​មាន​ផ្ទុក​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក»

លោក​បន្ត​ថា មុននឹង​ផ្ទុះ​ជំងឺ​នេះ មន្ទីរ​ក្រសួងកសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ដឹង​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​នេះ និង​វិធី​ការពារ​មួយ​ចំនួន​ដែរ។

អភិបាលស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មានប្រសាសន៍ នៅ​ថ្ងៃ​ទី៥ មេសា ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ និង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​រក​ឃើញ​ជ្រូក​ឈឺ និង​ងាប់​ជិត ៦​រយ​ក្បាល ក្នុងចំណោម​ជ្រូក​ជិត​មួយ​ពាន់​ក្បាល របស់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ជាង​២០០​គ្រួសារ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​។​

លោក​បន្ត​ថា មកដល់ពេលនេះ​អ្នក​ជំនាញ ក៏​ពុំ​ទាន់​ប្រាប់​ថា ជំងឺ​នេះ កើតឡើង ឬ​ឆ្លង​របៀប​ម៉េច និង​ឆ្លង​មកពី​ប្រភព​ណា​ច្បាស់លាស់​នោះ​ទេ​។ ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា ភូមិសាស្ត្រ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ នៅ​ជាប់​នឹង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម​។ លោក​បន្ត​ថា ទាំង​ច្បាប់ និង​អាជ្ញាធរ បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​មាន​ការ​នាំ​ជ្រូក​ចូល​មកពី​វៀតណាម​នោះ​ទេ ប៉ុន្តែ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​ការដោះដូរ​ទំនិញ រវាង​ប្រជាពលរដ្ឋ​ទាំងពីរ រួមមាន​ទាំង​សាច់​ជ្រូក និង​សាច់​សត្វ​ផ្សេងៗ​នោះ​ជាដើម ប្រាកដជា​មិន​អាច​ជៀសវាង​បាន​ទាំងស្រុង​នោះ​ឡើយ៖ «តំបន់​ហ្នឹង​ជាប់​នឹង​ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​ជិតខាង​ទាំងពីរ​តែងតែ​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ដូចជា​ខាងយើង​យក​បន្លែ​ទៅ​លក់ ហើយ​គាត់​ទិញ​សាច់​មកវិញ​អ៊ីចឹង តែ​យើង​មិនទាន់​អាច​សន្និដ្ឋាន​ថា វា​ឆ្លង​មកពី​ខាង​ប្រទេស​គេ ឬក៏​យ៉ាងណា​នោះ​ទេ ទាល់តែ​ចាំ​មើល​ការអង្កេត​ស្រាវជ្រាវ​តាម​បែបបទ​បច្ចេកទេស​សិន»

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត រតនគិរី លោក សយ សូរណា មានប្រសាសន៍ថា ទោះបី​ទីតាំង​ភូមិសាស្ត្រ​ដែល​ផ្ទុះ​ជំងឺ​នៅ​កម្ពុជា​ជា​លើកដំបូង​នេះ នៅ​ជាប់​ព្រំដែន​វៀតណាម ជា​ប្រភព​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​មុន​កម្ពុជា​នោះ ក៏​គេ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ជំងឺ​នេះ​ឆ្លង​ពី​វៀតណាម​បាន​ដែរ ព្រោះ​អាជ្ញាធរ ខេត្ត​យ៉ាឡាយ របស់​វៀតណាម នៅ​មិន​ទាន់​មាន​របាយការណ៍ ឬ​សេចក្ដី​ប្រកាស​ថា គេ​មាន​កើត​ជំងឺ​ប៉េស្ត​ជ្រូក​នេះ​នៅឡើយ។

លោក​ថា ហេតុផល​សង្ស័យ​ផ្សេងទៀត គឺ​ជ្រូក​នៅ​តំបន់​ជនជាតិភាគតិច ច្រើន​ចិញ្ចឹម​លែង​ឱ្យ​ដើរលេង​រកស៊ី ក្នុង​ព្រៃ ដូច្នេះ​ករណី​អាច​នឹង​ឆ្លង​ជំងឺ​ពី​ជ្រូកព្រៃ ដែល​ជា​ប្រភព​ដើម​នៃ​ជំងឺ​នេះ និង​នៅ​មាន​ហេតុផល​ផ្សេង​មួយ​ចំនួន​ទៀត។

លោក​បន្ត​ថា ពេលនេះ ក្រសួងកសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស្វែងរក​ហេតុផល​ពិត​ជាក់លាក់​មួយ ជុំវិញ​ប្រភព​ឆ្លង​នៃ​ជំងឺ​ជ្រូក​នេះ និង​រក​ពិធី​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។ វិធានការ​ចម្បង​នា​ពេល​នេះ គឺ​ប្រមូល​ជ្រូក​ដែល មាន​ជំងឺ និង​ងាប់​កប់​ដី និង​ដុត​ចោល អស់​ជាង​មួយ​រយ​ក្បាល​ហើយ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​នៅ​តាម​ទ្រុង​ជ្រូក ទាំង​កន្លែង​មាន​ផ្ទុះ​ជំងឺ និង​កន្លែង​មិនទាន់​ផ្ទុះ​ជំងឺ ព្រមទាំង​អប់រំ​ពលរដ្ឋ​កុំ​ឱ្យ​យក​សាច់​សត្វ ជាពិសេស​សាច់​ជ្រូក ពី​ប្រទេស​វៀតណាម និង​ទិញ​ជ្រូក​ពី​តំបន់​ណា​ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ថា​តំបន់​នោះ​មាន​ជ្រូក​ឈឺ ឬក៏​យ៉ាងណា​នោះ​។ ក្រសួង​កសិកម្ម គូស​បញ្ជាក់​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ជា​ជំងឺ​កាច​សាហាវ និង​ឆ្លង​រាលដាល​ខ្លាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដែល​បណ្ដាល​ឱ្យ​ជ្រូក​ឈឺ និង​ងាប់ ក្នុង​អត្រា​ខ្ពស់​ដល់​ទៅ ១០០​ភាគរយ ព្រមទាំង​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម បញ្ជាក់​ថា ជំងឺ​នេះ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល