រដ្ឋាភិបាល​ស្វីស​ប្ដេជ្ញា​បន្ត​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទោះ​ស្ថាបនិក​មន្ទីរពេទ្យ​នេះ​ឈឺ​ធ្ងន់

ដោយ អ៊ុង សេរីវុទ្ធ
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។
កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Sek Bandith

រដ្ឋាភិបាល​ស្វីស (Switzerland) ប្ដេជ្ញា​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​​នេះ​ឲ្យ​មាន​ថវិកា​យូរ​អង្វែង ទោះ​ស្ថាបនិក​មន្ទីរពេទ្យ​​គឺ​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុង​ឈឺ​ធ្ងន់​យ៉ាង​ណា​ក្ដី។

ការ​ប្រកាស​គាំទ្រ​របស់​រដ្ឋាភិបាល​ស្វីស​ឡើង​វិញ​នៅ​ពេល​នេះ បន្ទាប់​ពីមាន​​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​របស់​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ។ តាំង​ពី​ឆ្នាំ​១៩៩៤ រដ្ឋាភិបាល​ស្វីស​បាន​គាំទ្រ​​ថវិកា​ដល់មន្ទីរពេទ្យ​គន្ធបុប្ផា សរុបប្រមាណ​ជាង​៥០​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី២៨ មីនា ក្រុមប្រឹក្សា​អភិបាល​របស់​មូលនិធិ​គន្ធបុប្ផា​នៅ​ទីក្រុង​ហ្សូរិក (Zurich) ប្រទេស​ស្វីស ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ ហើយ​តែងតាំង​អនុប្រធាន​ក្រុមប្រឹក្សា​អភិបាល​របស់​មូលនិធិ​គន្ធបុប្ផា គឺលោក​វេជ្ជបណ្ឌិត ភីធីរ ស្ទូដឺរ (Peter Studer) មក​គ្រប់គ្រង​ជំនួស​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ដោយ​​ឯករាជ្យ ផ្ដល់​សេវា​ថែទាំ​សុខភាព​កុមារ និង​មាតា​ដោយ​ឥត​គិត​ប្រាក់ និង​ធានា​នូវ​គុណភាព​ខ្ពស់។

ក្នុង​រយៈពេល​ប្រមាណ​២៥​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៥៥០លាន​ដុល្លារ​អាមេរិក សម្រាប់​ព្យាបាល​កុមារ​ក្រីក្រ​នៅទូទាំង​ប្រទេសកម្ពុជា។ ថវិកា​ទាំង​នោះ​បាន​មក​ពី​រដ្ឋាភិបាល​ស្វីស រដ្ឋាភិបាល​កម្ពុជា និង​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល