អាជ្ញាធរ​តៃវ៉ាន់​នឹង​ផាក​ពិន័យ​អ្នក​ដំណើរ​ដែល​នាំ​ផលិតផល​សាច់​ជ្រូក​ពី​កម្ពុជា

ដោយ សុ ជីវី
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផលិតផលសាច់ជ្រូកកម្ពុជា
ផលិតផលសាច់ជ្រូកកម្ពុជា
Photo: RFA

អាជ្ញាធរ​កោះ​តៃវ៉ាន់ ហាម​អ្នក​ដំណើរ​នាំ​ផលិតផល​សាច់​ជ្រូក​ពី​ប្រទេស​កម្ពុជា​ចូល​ទឹក​ដី​កោះ​មួយ​នេះ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ក្នុង​ស្រុក។

ផែនការ​ផាក​ពិន័យ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រសួង​កសិកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣ មេសា បាន​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅ​តាម​ឈ្មោះ​សកល​ថា African Swine Fever កើត​មាន​នៅ​កម្ពុជា ជា​លើក​ដំបូង នៅ​ក្នុង​ខេត្ត​រតនគីរី ជាប់​ព្រំដែន​វៀតណាម ដែលនៅទីនោះជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបានសម្លាប់ ​ជូ្រកអស់៤០០ក្បាល។

សារព័ត៌មាន តៃវ៉ាន់ ញូវស៍ (Taiwan News) រាយការណ៍​ថា អាជ្ញាធរ​នៃ​ការិយាល័យ​ត្រួត​ពិនិត្យ​សុខភាព​សត្វ និង​រុក្ខជាតិ តៃវ៉ាន់ (Taiwan's Bureau of Animal and Plant Health Inspection and Quarantine (BAPHIQ)) ចេញ​វិធានការ​ផាក​ពិន័យ​អ្នក​ដំណើរ​ទាំង​ឡាយ​ណា ដែល​ល្មើស​បម្រាម​នាំ​ផលិតផល​សាច់​ជ្រូក​ពី​កម្ពុជា ចូល​កោះ​តៃវ៉ាន់។

ទឹក​ប្រាក់​ផាក​ពិន័យ គឺ​មាន​ចំនួន​រហូត​ដល់ ២០​ម៉ឺន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើ​នឹង​ជិត ៦ពាន់ ៥រយ (.៤៨៩) ដុល្លារ​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ​មិន​បង់​ប្រាក់​ផាក​ពិន័យ​នេះ​ទេ អាជ្ញាធរ​តៃវ៉ាន់​នឹង​បណ្ដេញ​អ្នក​ដំណើរ​នោះ​ចេញ​វិញ ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​កោះ​តៃវ៉ាន់​ឡើយ។ ចំនួន​ទឹក​ប្រាក់​ផាក​ពិន័យ ២០​ម៉ឺន​ដុល្លារ​តៃវ៉ាន់​នេះ គឺ​សម្រាប់​អ្នក​ល្មើស​បម្រាប​ដំបូង។ រីឯ​អ្នក​ដំណើរ​មិន​រាង​ចាល នឹង​ត្រូវ​ផាក​ពិន័យ​ដល់ ១លាន​ដុល្លារ​តៃវ៉ាន់ ដែល​ស្មើ​នឹង​ជាង ៣ម៉ឺន (៣២.៤៤៥) ដុល្លារ​សហរដ្ឋ​អាមេរិក។ វិធានការ​ផាក​ពិន័យ​នេះ មិន​មែន​ចំពោះ​តែ​ប្រទេស​កម្ពុជា​ទេ គឺ​មាន​ប្រទេស​វៀតណាម ម៉ុងហ្គោលី និង​ចិន​​ដែរ ដែល​មាន​របាយការណ៍​ថា កំពុង​កើត​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

អាជ្ញាធរ​តៃវ៉ាន់​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ច្រក​កំពង់ផែ និង​វាល​យន្តហោះ លើ​រាល់​វ៉ាលី​មក​ពី​ប្រទេស​ទាំង​នេះ​ឆ្លង​កាត់។ ជាពិសេស វាល​យន្តហោះ​អន្តរជាតិ តៅយួន (Taoyuan) ដែល​ទទួល​អ្នក​ដំណើរ​ពី​ភ្នំពេញ និង​សៀមរាប។ បន្ថែម​លើស​នេះ​ទៀត អាជ្ញាធរ​តៃវ៉ាន់​បាន​តម្រូវ​ឱ្យ​រាល់​រថយន្ត​ដឹក​ជ្រូក បំពាក់​ម៉ាស៊ីន​ប្រព័ន្ធ ជីភីអេស (GPS) ដើម្បី​ងាយ​ស្រួល​តាម​ដាន​ចរាចរណ៍​ជ្រូក​នៅ​ក្នុង​ប្រទេស។ ម្ចាស់​រថយន្ត ឬ​ក្រុមហ៊ុន​នឹង​ត្រូវ​ផាក​ពិន័យ បើ​មិន​ធ្វើ​តាម​ការ​ណែ​នេះ។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន តែងតែ​សម្ដែង​ក្តី​ព្រួយ​បារម្ភ អំពី​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ដែល​កំពុង​កើត​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ចូល​មក​កម្ពុជា ដោយ​មិន​សូវ​មាន​វិធានការ​តឹងរ៉ឹង​ដូច​នៅ​តៃវ៉ាន់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល