លោក ទៀ បាញ់ សារភាពថា បានចាក់វ៉ាក់សាំងចិនមុនគេ តាំងពី ២០ថ្ងៃមុន
ទាក់ទងនឹងរឿងចាក់វ៉ាក់សាំងចិននេះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃទី១០ ខែកុម្ភៈថា លោកពិតជាបានចាក់វ៉ាក់សាំងចិន របស់ក្រុមហ៊ុន ស៊ីណូហ្វាម (Sinopharm) មុនគេ គឺចាក់តាំងពី ២០ថ្ងៃមុនមកម្ល៉េះ។
ការសារភាពនេះ ធ្វើឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក (Fresh News) ដោយដកស្រង់ប្រសាសន៍របស់លោក ទៀ បាញ់ ថា លោកសូមនិយាយរឿងពិតមួយចំនួន ដោយសារតែលោកបានចាក់វ៉ាក់សាំងនេះមុនហើយ។ លោកបន្តថា មកដល់ថ្ងៃនេះ (ថ្ងៃទី១០ ខែកុម្ភៈ) គឺនៅសល់តែ ១០ថ្ងៃទៀតទេ ដល់ពេល ១ខែ។ លោកបន្ថែមថា មុននឹងលោកចាក់នោះ មានមន្ត្រីខ្មែរមួយចំនួន ចាក់មុនលោកទៅទៀត ដើម្បីសាកល្បងមើល។ លោកអះអាងថា ក្រោយសាកល្បងលើអ្នកមុនៗ នោះហើយ ឃើញថា គុណភាពល្អ ប្រសិទ្ធភាពល្អ មានសុវត្ថិភាព អត់មានបញ្ហាអ្វីទាំងអស់ ទើបគេក៏ចាក់លោកដែរ។
ការលើកឡើងរបស់លោក ទៀ បាញ់ នៅពេលនេះ គឺផ្ទុយគ្នាទៅនឹងការបញ្ជាក់របស់ក្រសួងសុខាភិបាល ដែលថាវ៉ាក់សាំងចិននេះ មិនអាចចាក់បានលើមនុស្សអាយុក្រោម ១៨ឆ្នាំ និងលើ ៥៩ឆ្នាំនោះទេ។ លោក ហ៊ុន សែន មានអាយុ ៦៨ឆ្នាំ ទើបលោកមិនចាក់។ ប៉ុន្តែលោក ទៀ បាញ់ មានអាយុ ៧៥ឆ្នាំឯណោះ ប៉ុន្តែលោកអះអាងថា លោកបានចាក់តាំងពីវ៉ាក់សាំងនេះ មិនទាន់បញ្ជូនមកដល់កម្ពុជាម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។