ក្រសួង​អំពាវនាវ​ឱ្យ​ប្រយ័ត្ន​ចំពោះ​ការ​រីក​រាលដាល​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កំពង់ចាម​និង​កំពង់ធំ

ដោយ សេក បណ្ឌិត
2017-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
Photo: RFA

ក្រសួង​សុខាភិបាល​អំពាវនាវ​សាជាថ្មី ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​អំពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ដែល​កំពុង​ផ្ទុះឡើង និង​រីក​រាលដាល​លើ​សត្វ​បក្សី​នៅ​ក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ព្រមទាំង​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ទាំង ៣​ករណី​នេះ ក្រសួង​រក​មិនទាន់​ឃើញ​មាន​ការ​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ តែ​យ៉ាងណា មន្ត្រី​ជំនាញ​របស់​ក្រសួង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យកចិត្តទុកដាក់។

ក្រសួង​សុខាភិបាល​ស្នើ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន ចំពោះ​ការ​ចម្លង​ជំងឺ​នេះ​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ដែល​នឹង​មកដល់​នៅ​ពេល​ឆាប់ៗ​ខាងមុខ និង​ស្នើ​កុំ​ឱ្យ​យក​មាន់​ទា ឬ​បក្សី​ដែល​ឈឺ ឬ​ងាប់​យក​មក​ចម្អិន​ធ្វើ​ជា​ម្ហូបអាហារ ឬ​លក់​បន្ត​នោះ​ឡើយ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​មន្ត្រី​ជំនាញ បើ​សង្ស័យ​ថា មាន​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី។

តួលេខ​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា ពី​ឆ្នាំ​២០០៥ ដល់​២០១៤ ជំងឺ​ផ្ដាសាយ​បក្សី​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​មាន​ចំនួន ៥៦​ករណី ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់។

ក្រសួង​សុខាភិបាល​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ដែល​មាន​រោគសញ្ញា​គ្រុន​ក្ដៅ លើស​ពី ៣៨.៥ អង្សាសេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ​ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​អំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគសញ្ញា ត្រូវ​ចាត់ទុកថា​ជា​ករណី​សង្ស័យ ហើយ​ក្រសួង​ណែនាំ​ឱ្យ​បញ្ជូន​អ្នកជំងឺ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល ព្រោះ​នៅ​ទីនោះ​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ។

សាធារណជន​អាច​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​តាម​ទូរស័ព្ទ​លេខ ១១៥ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ជំងឺ​ផ្ដាសាយ​បក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល