ក្រសួង​ប្រកាស​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ផលិតផល​ប្រេង​ខ្យង​អយស្ទ័រ​មាន​ជាតិ​គីមី

ដោយ ដែន អយុធ្យា
2017-06-11
Share
ដុត​កម្ទេច​ត្រី​ខ​កំប៉ុង ព្រះសីហនុ ២០១៧ ១៤៤០ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ យក​ត្រី​ខ​កំប៉ុង​ខូច​គុណភាព​ជាង ៤០​ឡាំង ឬ​ប្រអប់​ធំ ទៅ​ដុត​ចោល​នៅ​ទីលាន​ចាក់​សំរាម ឋិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

អគ្គនាយកដ្ឋាន​ត្រួត​ពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល និង​លក់​ដូរ​ទំនិញ​ហាមឃាត់។ ក្នុង​នោះ​រួម​ទាំង​ការ​ចុះ​ពិនិត្យ​អង្កេត​នៅ​លើ​ទីផ្សារ ចំពោះ​ផលិតផល​ម្ហូប​អាហារ គ្រឿងផ្សំ​រស ឬ​ប្រេងខ្យង​ប្រភេទ​អយស្ទ័រ (Oyster Sauce) ដែល​នាយកដ្ឋាន​បច្ចេកទេស​ត្រួត​ពិនិត្យ​ចំណី​អាហារ​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ​ដើម្បី​ទុក​ប្រើប្រាស់​បាន​រយៈពេល​វែង។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ទៅ​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​រាជធានី-ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស ពី​ការ​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​មួយ​ប្រភេទ​នៅ​ក្នុង​គំរូ​ផលិតផល​គ្រឿងផ្សំ​រស (ប្រេង​ខ្យង)

ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេជ្ជរិទ្ធ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា សារធាតុ​គីមី​នោះ​មាន​ឈ្មោះ​បច្ចេកទេស​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate) គឺ​ជា​សារធាតុ​គីមី​បន្ថែម​សម្រាប់​ដាក់​ក្នុង​ផលិតផល​ម្ហូប​អាហារ ដែល​មាន​មុខងារ​ជួយ​ថែរក្សា​ផលិតផល​ម្ហូប​អាហារ​នានា​ឲ្យ​មាន​អាយុកាល​វែង (Preservative) ដែល​គេ​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ។

ករណី​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំ​ដល់​គ្រប់​សាខា​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចុះ​អនុវត្ត​វិធានការ​រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​ដែល​មាន​សារធាតុ​ហាមឃាត់​នេះ​ជា​បន្ទាន់។ លើស​ពី​នេះ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​ដែល​នាំ​ចូល​ផលិតផល​ទាំងនេះ ចុះ​ត្រួត​ពិនិត្យ​អាជីវករ​លក់​ដុំ និង​លក់​រាយ​នៅ​តាម​ទីផ្សារ​នានា ដោយ​ហាម​មិន​ឲ្យ​នាំ​ចូល មិន​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ និង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​តូច ឬ​ផ្សារ​ទំនើប​ទាំងអស់ ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិន​បើ​មាន​ការ​ដាក់​តាំង​លក់​ផលិតផល​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នេះ។

ឆ្លើយតប​បញ្ហា​នេះ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ផ្តល់​សម្ភាស​ថា នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ ទប់ស្កាត់​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ផលិតផល​គ្រឿងផ្សំ​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា ការ​ត្រួត​ពិនិត្យ​នេះ នឹង​ត្រូវ​ចុះ​អនុវត្ត​ទាំង​នៅ​តាម​ច្រក​កំពង់ផែ តាម​ទីផ្សារ​តូច​ធំ និង​ផ្សារ​ទំនើប​ជាដើម នា​មូលដ្ឋាន​នេះ​នា​សប្ដាហ៍​ខាង​មុខ៖ «សារធាតុ​គីមី​ដែល​គេ​ដាក់​ទៅ​លើ​ចំណី​អាហារ​ដើម្បី​រក្សា​ទុក​បាន​យូរ​ថ្ងៃ ឬ​ស្រស់​នេះ បើ​សិន​ជា​គេ​ដាក់​ច្រើន​ទៅ​លើ​មុខ​ម្ហូប នឹង​អាច​បណ្ដាល​ឲ្យ​មនុស្ស ឬ​អ្នក​ទទួល​ទាន​អាច​ស្លាប់​បាន»

លោក ជា ប៉ិច ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​លក់​ដូរ​ទំនិញ ឬ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​មក​កាន់​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បើ​ពួក​គេ​សង្ស័យ​ទីតាំង​ណា​មួយ​មាន​ដាក់​តាំង​លក់​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​ត្រូវ​ហាមឃាត់​នេះ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល៖ «សូម​បង​ប្អូន​ទាក់ទង​មក​ស្ថាប័ន​យើង​ខ្ញុំ បើ​សង្ស័យ​ចំណី​អាហារ​មាន​ផ្ទុក​សារធាតុ​គីមី ឬ​ហួស​គុណភាព​ប្រើប្រាស់​ជាដើម មក​កាន់​មន្ត្រី​ជំនាញ​ឲ្យ​បាន​ឆាប់ ដើម្បី​ចុះ​ពិនិត្យ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល ជៀសវាង​បង​ប្អូន​ថត​បង្ហោះ​តាម​ហ្វេសប៊ុក នាំ​ឲ្យ​កើត​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម»

ផ្ដើម​ពី​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ និង​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​អយស្ទ័រ​ដែល​ត្រូវ​ហាមឃាត់​ពេល​នេះ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ​ឲ្យ​បាន​ទាំងអស់​គ្នា។ ជាង​នេះ ក៏​ស្នើ​ឲ្យ​ជួយ​ផ្តល់​ព័ត៌មាន​មក​កាន់​សាខា​កាំកុងត្រូល​ទាំង ២៥​រាជធានី-ខេត្ត ឲ្យ​បាន​ទាន់​ពេល បើ​សង្ស័យ​ទីតាំង​ណា​មួយ​មាន​ដាក់​តាំង​លក់​ផលិតផល​គ្រឿងផ្សំ​ប្រភេទ​ប្រេង​ខ្យង​អយស្ទ័រ​នៅ​លើ​ទីផ្សារ​ណា​មួយ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រកាស​លេខ​ទូរស័ព្ទ​មន្ត្រី​សាខា​កាំកុងត្រូល​ទាំង ២៥​រាជធានី-ខេត្ត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ជួយ​ផ្តល់​ព័ត៌មាន​មក​កាន់​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ដោយ​ក្នុង​នោះ​រួម​មាន៖

  • សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ មាន​លេខ ០១២ ២៣៣ ៣៦២ និង​០១២ ៨៥០ ១០៥

  • កាំកុងត្រូល​ខេត្ត​កណ្ដាល មាន​លេខ ០១៧ ៧៧៨ ៧៨៤ និង ០១៦ ៦៩៥ ៥៧៧

  • សាខា​កាំកុងត្រូល​ខេត្ត​កោះកុង មាន​លេខ ០១២ ៨៩៦ ៣៣៦ និង ០១២ ៨៤៨ ៨២៥

  • និង​សាខា​កាំកុងត្រូល​ខេត្ត​កំពត និង​កែប មាន​លេខ ០៧៧ ៦៦៣ ៩៦៦ និង ០៧៧ ៥២៥ ២៥៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។