អង្គការ Operation Asha ជ្រើសរើស​តំណាង​​អ្នក​សម្របសម្រួល​ជំងឺ​របេង​តាម​សហគមន៍

ដោយ សិរីមុនី
2015-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​នៃ​ការ​ជ្រើសរើស​តំណាង​អ្នក​សម្របសម្រួល​ជំងឺ​របេង​តាម​សហគមន៍​របស់​អង្គការ អប់ភើរេហ្សិន អាហ្សា (Operation Asha) កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៥។
សកម្មភាព​នៃ​ការ​ជ្រើសរើស​តំណាង​អ្នក​សម្របសម្រួល​ជំងឺ​របេង​តាម​សហគមន៍​របស់​អង្គការ អប់ភើរេហ្សិន អាហ្សា (Operation Asha) កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៥។
RFA/Serimuny

អង្គការ អប់ភើរេហ្សិន អាហ្សា (Operation Asha) នៅ​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ បាន​រៀបចំ​ជ្រើសរើស​តំណាង​សម្របសម្រួល​ជំងឺ​របេង​តាម​សហគមន៍​នៅ​ក្រុង​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ដែល​មាន​ផ្ទុក​មេរោគ​របេង និង​ជំងឺ​របេង​បាន​ទាន់​ពេល​វេលា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា តំណាង​អ្នក​សម្របសម្រួល​តាម​សហគមន៍​គឺ​មាន​ពិត​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​អាច​ជួយ​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល។

តំណាង​សម្របសម្រួល​ជំងឺ​របេង​តាម​សហគមន៍ មាន​តួនាទី​ពន្យល់​ប្រជាជន​ឱ្យ​ចេះ​ការពារ​សុខភាព ដើម្បី​កុំ​ឱ្យ​ឆ្លង​ជំងឺ​របេង និង​សម្រួល​ការ​រក​សេវា​ព្យាបាល​ជំងឺ​របេង​បាន​ទាន់​ពេល​វេលា​ដោយ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ត្រឹមត្រូវ។

នាយ​កម្មវិធី​អង្គការ អាហ្សា ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត រិន សំណាង មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ចាត់​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង ២២ ក្នុង​ពិភពលោក​ដែល​មាន​បន្ទុក​ជំងឺ​របេង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា នៅ​ឆ្នាំ​១៩៩៧ ក្រុម​អ្នក​ជំនាញ​ការ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ៦៤% នៃ​ប្រជាជន​កម្ពុជា មាន​ផ្ទុក​មេរោគ​របេង។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ អត្រា​អ្នក​ឈឺ នឹង​ស្លាប់​ដោយសារ​ជំងឺ​របេង​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ។

ការ​វាយ​តម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា កម្ពុជា​អាច​នឹង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​នៅ​ដំណាច់​ឆ្នាំ​២០១៥ ស្ដីពី​ការ​កាត់​បន្ថយ​ឱ្យ​បាន​ពាក់​កណ្ដាល​នូវ​អត្រា​ប្រេវ៉ាឡង់ និង​អត្រា​ស្លាប់​ដោយសារ​ជំងឺ​របេង។

នាយក​កម្មវិធី​អង្គការ អាហ្សា ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត រិន សំណាង មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​នៅ​ដំណាច់​ឆ្នាំ​២០១៥ ស្តីពី​ការ​កាត់​បន្ថយ​ឱ្យ​បាន​ពាក់​កណ្ដាល​នៅ​អត្រា​ប្រេវ៉ាឡង់ និង​អត្រា​ស្លាប់​ដោយសារ​ជំងឺ​របេង​បាន លុះ​ត្រា​ណា​តែ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​របេង​គ្រប់​រូប។ អ្នក​ជំងឺ​ត្រូវ​រាយការណ៍​ជូន​មន្ត្រី​សុខភាព​នៅ​តា​មណ្ឌល​សុខភាព ឬ​តំណាង​ប្រឹក្សា​យោបល់​ស្ដីពី​ជំងឺ​របេង​តាម​សហគមន៍។

​លោក​វេជ្ជបណ្ឌិត រិន សំណាង៖ «ព្យាយាម​ពន្យល់​គាត់​ឱ្យ​មក​រក​សេវា​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ គាត់​គិត​យូរ​មែន​មែន ទម្រាំ​គាត់​សម្រេច​ចិត្ត។  គាត់​តែងតែ​ជឿ​ទៅ​លើ​ថ្នាំ​បុរាណ ឫស​ឈើ​អី ឬ​បន់ស្រន់​ជាដើម។ អ៊ីចឹង​ទាំង​នេះ​គឺ​ជា​ហេតុ​ដែល​បណ្ដាល​ឱ្យ​ជំងឺ​របេង​កប់​នៅ​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ ហើយ​ឆ្លង​តៗ​គ្នា»

​លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​បង្កើត​តំណាង​ប្រឹក្សា​យោបល់​តាម​សហគមន៍ គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​បង្រៀន​ប្រជាជន​យល់​ដឹង​ពី​ជំងឺ​របេង និង​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​មក​រក​សេវា​ព្យាបាល​ជំងឺ​របេង​នៅ​មណ្ឌល​សុខភាព និង​មន្ទីរ​សាធារណ​ផ្សេងៗ ដោយ​ត្រូវ​ជៀសវាង​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន។

តំណាង​ប្រឹក្សា​យោបល់​តាម​សហគមន៍​ស្ដីពី​ជំងឺ​របេង និង​ជា​ជនរងគ្រោះ​ដោយសារ​ជំងឺ​របេង​ខួរក្បាល​លោក​វេជ្ជបណ្ឌិត ឈឿន សារុន លើក​ឡើង​ថា សព្វថ្ងៃ​ពលរដ្ឋ​កម្ពុជា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ស្ដីពី​ការ​ព្យាបាល​ជំងឺ​របេង​នោះ​ទេ។ នៅ​ពេល​​ពួកគាត់​សង្ស័យ​ថា មាន​ជំងឺ​របេង ពលរដ្ឋ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន លុះ​ការ​ព្យាបាល​មិន​ជា​សះស្បើយ​ទើប​គាត់​ទៅ​រក​មន្ទីរពេទ្យ​រដ្ឋ។ ប្រការ​នេះ​ព្រោះ​គាត់​មិន​ដឹង​ថា មន្ទីរពេទ្យ​រដ្ឋ​មាន​សេវា​ព្យាបាល​ជំងឺ​របេង ឬ​គិត​មន្ទីរពេទ្យ​រដ្ឋ​ព្យាបាល​គ្មាន​ប្រសិទ្ធភាព។

លោក​វេជ្ជបណ្ឌិត ឈឿន សារុន៖ «មក​ពី​អ្នក​ជំងឺ អ្នក​អត់​បាន​ដឹង​ពី​ការ​ព្យាបាល​ជំងឺ​ខ្លួន​ឯង ហើយ​តែង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ហើយ​ដល់​ពេល​អស់​លុយ​បាន​គាត់​មណ្ឌល​សុខភាព»

អនុ​ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់​រោគ​របេង និង​ហង់សិន អ្នកស្រី​វេជ្ជបណ្ឌិត ខ្លឹង ផល្លី មាន​ប្រសាសន៍​ថា ជំងឺ​របេង​នៅ​កម្ពុជា ព្យាបាល​មិន​អស់​លុយ​នោះ​ទេ។ ពលរដ្ឋ​អ្នក​ទាំង​អស់​នៅ​ពេល​សង្ស័យ​ថា ខ្លួន​មាន​ជំងឺ​របេង សូម​ទៅ​ពិនិត្យ​កំហាក​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដែល​លោក​អ្នក​រស់​នៅ។

អ្នកស្រី​វេជ្ជបណ្ឌិត ខ្លឹង ផល្លី៖ «ក្អក​ពីរ​អាទិត្យ ឬ​បី​អាទិត្យ គាត់​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ មិន​ទៅ​មន្ទីរពេទ្យ​ឯកជន​ដូច​មុន​ទៀត​ទេ គាត់​យល់​ដឹង​ច្រើន​ជាង​មុន»

​អ្នក​វេជ្ជបណ្ឌិត​ពន្យល់​ថា ជំងឺ​របេង​មិន​មែន​ជា​ជំងឺ​តំណពូជ​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​ជំងឺ​ឆ្លង។ ម្យ៉ាង​វិញ​ទៀត មាន​តែ​ជំងឺ​របេង​សួត​ទេ ដែល​អាច​ឆ្លង​តាម​រយៈ​ខ្យល់​អាកាស និង​ការ​ប៉ះពាល់​នៃ​កំហាក​របស់​អ្នក​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល