ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី១៨ ខែមេសាម្សិលម៉ិញ ប្រកាសថា មានបុរសជនជាតិខ្មែរ ២នាក់ទៀត បានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើអោយចំនួនអ្នកស្លាប់ដោយជំងឺនេះសរុបកើនដល់ ៤៥នាក់ ខណៈអាជ្ញាធរក្រុងភ្នំពេញ ចាប់ផ្តើមពិន័យធ្ងន់កដល់អ្នកដែលល្មើសបម្រាមពេលបិទខ្ទប់ទីក្រុង។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសម្នាក់អាយុ ៥៥ឆ្នាំមានទីលំនៅក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា បានស្លាប់នៅមុនពេលបញ្ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ កាលពីពីម៉ោង១២ ថ្ងៃត្រង់ថ្ងទី១៨ ខែមេសា។ បុរសរូបនោះត្រូវរកឃើញមានជំងឺកូវីដ-១៩ និងបានចូលទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលបុរី១០០ខ្នង កាលពីថ្ងៃទី១៥ ខែមេសា ប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរ និងអាការៈហត់ដង្ហក់ខ្លាំង ដោយអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមផង គ្រូពេទ្យសម្រេចបញ្ចូនបន្តទៅមន្ទីរពេទ្យហ្លួងម៉ែ។ ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់នៅមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យហ្លួងម៉ែនោះទៅហើយ។
ចំណែកបុរសម្នាក់ទៀត មានអាយុ ៤៩ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ បានស្លាប់នៅមណ្ឌលព្យាបាលចាក់អង្រែ នៅម៉ោង២រសៀលថ្ងៃទី១៨ ខែមេសា ដែរ បន្ទាប់ពីបានចូលទៅសម្រាកព្យាបាលកាលពីថ្ងៃទី១៥ ខែមេសា។ គ្រូពេទ្យសន្និដ្ឋានថា គាត់ស្លាប់ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាល និងរលាកសួតទាំងសង្ខាងនៅពេលដែលអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយដែរ។
កាលពីថ្ងៃទី១៨ ខែមេសាដដែលនោះ ក្រសួងរកឃើញអ្នកឆ្លងថ្មីជាង៦រយ (៦១៨) នាក់ ដែលសុទ្ធតែករណីឆ្លងក្នុងសហគមន៍២០ កុម្ភៈ ហើយភាគច្រើនបំផុត រកឃើញនៅរាជនីភ្នំពេញ រហូតដល់ជិត ៥រយ (៤៩៣) នាក់ និងនៅខេត្តព្រះសីហនុចំនួន ៧៥នាក់។ នៅថ្ងៃដដែលនេះ អ្នកជំងឺចំនួន ៦០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី១៨ ខែមេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៦ពាន់ (៦.៣៨៩)នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍២០ កុម្ភៈ មានជាង ៥ពាន់៨រយ (៥.៨៤៦) នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលមានជិត៤ពាន់ (៣.៨៦៥) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។