ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាថា ប្រទេសកម្ពុជានឹងបានទទួលវ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេណេកា (AstraZeneca) ៤១៥.០០០ដូស ក្នុងសប្ដាហ៍នេះ។
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១.៣៥០នាក់ បន្ទាប់ពីអ្នកជំងឺ ១១នាក់ទៀតបានស្លាប់នៅថ្ងៃនេះ។ ចំពោះករណីឆ្លងថ្មីវិញ ក្រសួងអះអាងថា មានចំនួន ៧៦៥នាក់ ក្នុងនោះជាងពាក់កណ្ដាលជាករណីឆ្លងក្នុងសហគមន៍ និងពាក់កណ្ដាលទៀត នាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី២៩ កក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុប ៧៥.៩១៧នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ៦៨.៣៨៦នាក់។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង មានជាង ៧លាននាក់ ឬស្មើនឹង ៧០ភាគរយ (៧០.៤៤%) នៃចំនួនពលរដ្ឋដែលរដ្ឋាភិបាលកំណត់ឲ្យបាន ១០លាននាក់។
ក្រៅពីជំនួយវ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេណេកា (AstraZeneca) របស់ចក្រភពអង់គ្លេស ដែលប្រទេសកម្ពុជានឹងទទួលក្នុងសប្ដាហ៍នេះ កម្ពុជាក៏នឹងទទួលបាន វ៉ាក់សាំង ចនសុន&ចនសុន (Johnson & Johnson) ចំនួន ១ លានដូស ពីសហរដ្ឋអាមេរិកដែរ នៅថ្ងៃទី៣០ ខែកក្កដា តាមរយៈយន្តការកូវ៉ាក់ (COVAX)។
គិតមកពេលនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងសរុបជាង ២លាន ៣សែន ២ម៉ឺនដូស ក្រោមយន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងនោះភាគច្រើនជាវ៉ាក់សាំង អាស្ត្រាហ្សេណេកា (AstraZeneca) របស់ចក្រភពអង់គ្លេស ផលិតនៅឥណ្ឌា (India) និងជប៉ុន (Japan)៕