បុគ្គលិកណាហ្គាវើលដ៍ (NAGAWORLD) ២សាខា ជាង ៨ពាន់នាក់ មិនចូលធ្វើការនៅថ្ងៃទី២៦ កុម្ភៈក្រោយផ្ទុះជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍

បុគ្គលិកណាហ្គាវើលដ៍ (NAGAWORLD) ២សាខា ជាង ៨ពាន់នាក់ មិនចូលធ្វើការនៅថ្ងៃទី២៦ កុម្ភៈនេះ។ ពួកគេទាមទារឲ្យក្រុមហ៊ុនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្រោយសង្ស័យថា មានភ្ញៀវជិត ១០នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៥ កុម្ភៈ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងថា បុគ្គលិកកំពុងព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ បន្ទាប់ពីអាជ្ញាធរហាមមិនឲ្យបុគ្គលិក និងភ្ញៀវផ្អាកចេញចូលណាហ្គា វើលដ៍ ២ ជាបណ្ដោះអាសន្ន។ កញ្ញាបន្តថា ក្រោយបិទតែ៣ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនបានកោះហៅបុគ្គលិកចូលធ្វើការវិញ។ កញ្ញាបញ្ជាក់ថា បុគ្គលិកទាំង២សាខា ស្នើឲ្យស្ថាប័នជំនាញរដ្ឋាភិបាល ជំរុញឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាញ់ថ្នាំសម្លាប់មេរោគគ្រប់ទីកន្លែងទាំងអស់នៅក្នុងអាគារទាំងពីរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ និងសុំឲ្យធ្វើតេស្តលើបុគ្គលិកទាំងអស់ មុននឹងបង្គាប់ឲ្យពួកគាត់វិលចូលធ្វើការវិញ៖ «កន្លែងហ្នឹងហើយ ដែលធ្វើឲ្យបុគ្គលិកគាត់ទ្រាំអត់បាន គឺតាមពិតយើងជជែកជាមួយក្រុមហ៊ុនហូរហែមកច្រើនដងច្រើនសាហើយ មិនមែនទើបលើកទី១ ហ្នឹងទេ មុនពេលផ្ទុះឆ្លងចូលសហគមន៍ហ្នឹងទេ គ្រាន់តែកន្លងមកយើងចេះតែព្យាយាមអត់ធ្មត់ក្នុងការជជែកជាមួយក្រុមហ៊ុន ព្រោះដោយសារវាអត់ទាន់ចូលមកដល់កន្លែងយើង។ ឥឡូវលក្ខណៈថា វាទឹកចូលដល់ច្រមុះដែរ ព្រោះវាឆ្លងចូលដល់កន្លែងធ្វើការយើងហើយ យើងអត់អាចរង់ចាំក្រុមហ៊ុនទៀតទេ យើងមើលឃើញថា គាត់អត់មានឆន្ទៈគិតគូរពីសុវត្ថិភាពបុគ្គលិកជាចម្បងនៅកន្លែងធ្វើការទេ គ្រាន់តែខ្វល់ពីប្រាក់ចំណូលប្រាក់ចំណេញគាត់ច្រើនជាងសុវត្ថិភាពបុគ្គលិក»។
កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤ករណីបន្ថែមទៀតនៅថ្ងៃទី២៦ កុម្ភៈ។ ក្នុងចំណោមនេះ ៤០នាក់ជាករណីឆ្លងក្នុងសហគមន៍ដែលរដ្ឋាភិបាលហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលភាគច្រើនអ្នកឆ្លងជាជនជាតិចិន ស្នាក់នៅកម្ពុជា។ ចំណែក ៤នាក់ផ្សេងទៀត ជាករណីនាំចូលពីបរទេស។
គិតត្រឹមថ្ងៃទី២៦ កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៧៤១នាក់ ខណៈអ្នកជាសះស្បើយវិញ ៤៧៧នាក់ និង ២៦៤នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។