មន្ត្រី​កម្ពុជា​រុញ​ដាក់គ្នា​រឿង​តំណាង​ទូត​អូស្ត្រាលី​សួរនាំ​រឿង​ស្រង់​ឈ្មោះ​ជនជាតិ​ខ្លួន ចាក់​វ៉ាក់សាំង

ដោយ មួង ណារ៉េត
2021-04-02
Share
មន្ត្រី​កម្ពុជា​រុញ​ដាក់គ្នា​រឿង​តំណាង​ទូត​អូស្ត្រាលី​សួរនាំ​រឿង​ស្រង់​ឈ្មោះ​ជនជាតិ​ខ្លួន ចាក់​វ៉ាក់សាំង ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពជា។
Photo Screenshot of Google Street view

មន្ត្រី​អន្តោប្រវេសន៍​រុញ​ដាក់គ្នា រឿង​តំណាង​ទូត​អូស្ត្រាលី​សួរនាំ​រឿង​ស្រង់​បញ្ជី​ឈ្មោះ​ជនជាតិ​អូស្ត្រាលី ឲ្យ​ចាក់​វ៉ាក់សាំង។

អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​លោក កែវ វណ្ណថន រុញ​អាស៊ីសេរី ឲ្យ​ទៅ​សួរ​ខាង​ក្រសួង​សុខាភិបាល​វិញ រឿង​បញ្ជី​ឈ្មោះ​ជនបរទេស ដែល​ចង់​ចាក់​វ៉ាក់សាំង​នេះ​។ លោក​ថា លោក​មិន​បានដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សារ​របស់​មន្ត្រី​ទូត​អូស្ត្រាលី​នោះ​ទេ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី៣០ ខែ មីនា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ស្តីអំពី​ការ​ចាក់​វ៉ាក់សាំង​។ ទូត​នេះ​បញ្ជាក់​ថា ខាង​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ដដែល​នោះ បាន​ស្នើ​សុំ​ឱ្យ​ខាង​ទូត​អូស្ត្រាលី ផ្តល់​បញ្ជី​ឈ្មោះ​ពលរដ្ឋ​អូស្ត្រាលី​គ្រប់រូប មាន​ទាំង​ឈ្មោះ អាយុ ព័ត៌មាន​លម្អិត​ពី​លិខិតឆ្លងដែន មុខរបរ និង​អាសយដ្ឋាន ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ ស្ថានទូត​អូស្ត្រាលី​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​បានជា​មក​តម្រូវ​ឲ្យ​ខាង​ទូត​ប្រមូល​ព័ត៌មាន​ទាំងនេះ​ទៅវិញ បើ​រដ្ឋាភិបាល​កម្ពុជា​មាន​ព័ត៌មាន​លម្អិត​ទាំងនេះ​រួច​ទៅ​ហើយ​នោះ​។ ទូត​អូស្ត្រាលី​ថា ខ្លួន​គ្មាន​ព័ត៌មាន​លម្អិត​ទាំងនេះ​ទេ។ជាទូទៅ​ព័ត៌មាន​លម្អិត​អំពី​ជនបរទេស​បែបនេះ គឺជា​បន្ទុក​របស់​អន្តោប្រវេសន៍ និង​ក្រសួង​ការបរទេស ដែល​កត់​ឈ្មោះ​ពួកគាត់​ពេល​ពួកគាត់​មក​ដល់​កម្ពុជា​។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានទេ ដោយសារ​ពួកគាត់​មិន​ឆ្លើយតប​សារ​សុំ​ការ​បំភ្លឺ។

ក្រៅពី​ឆ្ងល់​រឿង​ឲ្យ​ទូត​ស្រង់​ឈ្មោះ​ជនជាតិ​អូស្ត្រាលី ដែល​តាមពិត​គួរតែ​មាន​ស្រាប់​ក្នុង​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា ទូត​អូស្ត្រាលី​ស្វះ​ស្វែងរក​ការ​បញ្ជាក់​អំពី​ពេលវេលា និង​វ៉ាក់សាំង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា នឹង​ឲ្យ​ជនជាតិ​អូស្ត្រាលី​ទាំងនោះ​ចាក់​ផង​ដែរ។

អាស៊ីសេរី ក៏​មិនអាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល ដោយសារតែ​ពួកគាត់​មិន​លើក​ទូរស័ព្ទ។

ទោះជា​យ៉ាងនេះ​ក្ដី កាលពី​ដើម​ខែ​មីនា កាល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ពេល​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់​អង់គ្លេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា អនុញ្ញាត​ឲ្យ​មន្ត្រី​ទូត​បរទេស និង​មន្ត្រី​បរទេស​ដទៃទៀត មាន​សិទ្ធិ​ជ្រើស​រើស​យក​វ៉ាក់សាំង​ចិន​ក៏បាន ឬ​វ៉ាក់សាំង​អង់គ្លេស​ក៏បាន តែ​លោក​ហាក់ដូចជា​យល់ចិត្ត​បរទេស ថា បែប​មិន​ចូលចិត្ត​វ៉ាក់សាំង​ចិន​ទេ ទើប​លោក​រុញ​ឲ្យ​ចាក់​វ៉ាក់សាំង​អង់គ្លេស​តែម្តង​ទៅ ហើយ​មិន​បាច់​កំណត់​អាយុ​ទៅ​ទៀត៖ «ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ស្ថាប័នហិរញ្ញវត្ថុ​ដូចជា IMF ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផ្សេងទៀត ដែល​ពុំ​មាន​លទ្ធភាព​វិល​ទៅ​ស្រុក​រក​វ៉ាក់សាំង ត្រូវ​ប្រើប្រាស់​វ៉ាក់សាំង​អាស្ត្រាហ្ស៊េណេកា (AstraZeneca) នេះ​តែម្ដង​ទៅ ហើយ​ដោយ​មិន​ចាំបាច់​កំណត់​អាយុ​ទេ ព្រោះ​ចំនួន​ក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ ហើយ​សូម​បញ្ជាក់​ថា យើង​ចាក់​អត់​យក​លុយ​ទេ»

សព្វថ្ងៃ កម្ពុជា​ទិញ និង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ជាង ៣​លាន​ដូស (,១២៤,០០០​ដូស​) ក្នុង​នោះ​ជាង ២​លាន ៨​សែន​ដូស ជា​វ៉ាក់សាំង​ចិន និង ៣​សែន​២​ម៉ឺន ៤​ពាន់​ដូស ជា​វ៉ាក់សាំង​អង់គ្លេស ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា។

តំណាង​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី៣១ ខែ​មីនា បង្ហើប​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​ផ្លូវការ​លើ​វ៉ាក់សាំង​ចិន នឹង​ចេញ​នៅ​ចុង​ខែ​មេសា​នេះ​។ ទោះជា​យ៉ាង​ណា ប្រធាន​គណៈ​ក្រុមប្រឹក្សា​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា ទិន្នន័យ​ដែល​ក្រុមហ៊ុន​វ៉ាក់សាំង​ចិន ផ្តល់​អ្នក​ជំនាញ បង្ហាញថា វ៉ាក់សាំង​ចិន​ទាំងពីរ​មុខ មាន​ប្រសិទ្ធភាព​ចន្លោះ​ពី ៥០-៧០% និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ នៅ​ពេល​ដែល​ចាក់​វា។

គម្រោង​សម្រេច​លើ​វ៉ាក់សាំង​ចិន​នេះ ខាង​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ពេល​ជា​ច្រើនដង​មក​ហើយ​។ ដំបូង​ថា នឹង​សម្រេច​ដើមខែ​មីនា។ ក្រោយ​មក​ថា​នឹង​សម្រេច​ដើម​ខែ​មេសា​។ ឥឡូវ​ថា​នឹង​សម្រេច​នៅ​ចុង​ខែ​មេសា​វិញ។

ក្នុងពេលដែល​កម្ពុជា​កំពុង​សម្រុក​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ស្ត្រី​ខ្មែរ​ពីរ​នាក់​ទៀតហើយ នៅ​ទីក្រុង​ភ្នំពេញ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ​-១៩​។ ការ​ស្លាប់​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ១៦​នាក់​។ ករណី​ចម្លងជំងឺ​កូវីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើន​ដល់ ១៩៤៩ នាក់​។ អ្នក​ឆ្លង​ថ្មី កាលពី​ថ្ងៃទី១ ខែ​មេសា មាន ៣៧នាក់ ក្នុង​នោះ ៣៥ នាក់​ឆ្លង​ក្នុង​សហគមន៍ និង​នាំចូល​ថ្មី​ពីរ​ករណី​។ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ២១ នាក់ ប៉ុន្តែ​ក្រសួងសុខាភិបាល​ទទួល​ស្គាល់​ថា​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ តែ​ចំនួន ១៦ នាក់​ប៉ុណ្ណោះ​។ អ្នកជំងឺ ៤ នាក់​ទៀត ក្រសួង​ថា​ស្លាប់​ដោយ​ជំងឺ​ផ្សេង និង ម្នាក់​ទៀត​ស្លាប់​ក្នុង​ចត្តាឡីស័ក​។ សរុប​ករណី​នៅ​ទូទាំង​ប្រទេស​កើន​ដល់ ២៤៧៧​។ នៅ​សម្រាក​ពេទ្យ ១២៤០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល