ពលរដ្ឋនៅ​ស្រុក​វើនសៃ ខេត្ត​រតនគីរី កើត​កន្ទួល​រមាស់​លើ​ចង្វែក​​ដៃ និង​ដង​ខ្លួន ក្រោយ​បូម​ទឹក​ទន្លេ​មក​ប្រើ

ដោយ ហេង សកល
2018-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​ចំនួន ៤នាក់ ដែល​រស់​នៅ​ភូមិ​វើនសៃ និង​ភូមិ​កាឡាន់ ស្រុក​វើនសៃ ខេត្ត​រតនគីរី បាន​កើតជំងឺ​រមាស់​ស្បែក ​នៅ​តាម​ចង្វែក​​ដៃ និង​ដង​ខ្លួន ក្រោយ​ពេល​ពួក​គាត់​បូម​ទឹក​ទន្លេ​យក​មក​ប្រើ​ប្រាស់ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា។ អភិបាល​ស្រុក​វើនសៃ លោក ហេង សាវឿន បាន​រៀប​រាប់​​តាម​លិខិត​​ប្រាប់​អភិបាល​ខេត្ត​រតនគិរី​ថា ក្រោយ​ពេល​ពលរដ្ឋ​នៅ​ស្រុក​វើនសៃ បូប​ទឹក​ពី​ទន្លេ​មក​ប្រើ​ប្រាស់​ដូច​សព្វថ្ងៃ ស្រាប់​តែ​មាន​សភាព​កើត​រមាស់​ពេញ​ខ្លួន និង​តាម​ចង្វែក​​ដៃ​ចេញ​កន្ទួល​រមាស់​ក្រហម។ លោក ហេង សាវឿន បន្ត​ថា នៅ​ពេល​រមាស់​​បែប​នេះ ពលរដ្ឋ​បាន​យក​ផ្លែ​ក្រូច​ឆ្មារ​មក​ដុះ​លាប​កន្លែង​រមាស់​​ទាំង​នោះ និង​បាន​ធូរ​ស្រាល​លែង​រមាស់​ទៀត​ហើយ។

អភិបាល​ស្រុក​វើនសៃ បន្ត​ថា ក្រុម​ការងារ​នៅ​ថ្នាក់​ស្រុក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា កន្ទួល​រមាស់​កើត​លើ​រូប​រាង​កាយ​របស់​ពលរដ្ឋ​ទាំង​នោះ ដោយសារ​ទឹក​ទន្លេ​ឬ​យ៉ាង​ណា​ទេ ដោយ​រង់ចាំ​របាយ​ការណ៍​​ជាក់លាក់ ពី​ការ​ពិសោធន៍​របស់​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​ជា​មុន​សិន។

ការ​កើត​កន្ទួល​រមាស់​ធ្ងន់ធ្ងរ​នៅ​ស្រុក​វើនសៃ ខេត្ត​រតនគិរី​នេះ នៅ​ដំណាល​នឹង​រដ្ឋមន្ត្រី​ក្រសួង​សិប្ប​កម្ម និង ឧស្សាហ៍​កម្ម លោក ចម ប្រសិទ្ធិ បាន​រក​ឃើញ​ថា ការ​ពុល​ទឹក​របស់​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ក្រចេះ នា​ពេល​ថ្មីៗ នេះ កើត​ឡើង​ដោយសារ​តែ​ការ​ប្រើ​ប្រាស់​ជាតិ​គីមី នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ នៅ​តំបន់​នោះ។ លោក ចម ប្រសិទ្ធ ថ្លែង​ថា ជាតិ​ពុល​ពី​ការ​រុក​រក​រ៉ែ​នោះ បាន​ហូរ​តាម​ព្រែក​ទេរ នៅ​ខេត្ត​ក្រចេះ ចាក់​ចូល​ទៅ​ទន្លេ​មេគង្គ។ ប៉ុន្តែ​ដោយសារ​តែ​ផ្ទៃ​ទន្លេ​ធំ និង​មាន​ទឹក​ហូរ​ជា​ប្រចាំ ជាតិ​ពុល​បាន​សាប​ក្នុង​ទឹក​ទន្លេ និង​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រង​គ្រោះ​ទេ។

ករណី​ពលរដ្ឋ​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន​នៅ​ខេត្ត​រតនគិរី អភិបាល​ស្រុក​វើនសៃ លោក ហេង សា​វឿន ថា មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក បាន​យក​សំណាក​ទឹក​ទន្លេ និង​ទឹក​នៅ​អូអាឡៃ ទៅ​ឡាបូ (Laboratory) ពិសោធន៍​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​ទេ ហើយ​មេឃុំ និង​មេប៉ុស្ដិ៍​ទាំង​៩ នៃ​ស្រុក​វើនសៃ បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ឲ្យ​ផ្អាក​ការ​ប្រើប្រាស់​ទឹក​ទន្លេ​ជា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Illegal mining crime business causes people deaths

Those who committed this horrible business crime must to face a justice and payoff of all people's property damage"like dead or injury to take long ill recover"people lost their work or lost their earned monthly income with posing long illness treat",who's the hell gonna to help them?.

May 21, 2018 11:43 AM

គេហទំព័រ​ទាំងមូល