ជនជាតិ​ចិន​ជា​អ្នក​គិតលុយ​នៅ​មន្ទីរពេទ្យ​វ៉ិចតូរៀ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​​ពីរ​ករណី

ដោយ ស្ងួន អមរា
2019.01.17
មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ មន្ទីរពេទ្យ​អន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital) នៅ​ភ្នំពេញ ដែល​ក្រសួង​សុខាភិបាល​បិទ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩។
Screenshot

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជនជាតិ​ចិន​​ដែល​​ជា​​បុគ្គលិក​​គិត​លុយ​​​មន្ទីរ ពេទ្យ​អន្តរជាតិ ​វ៉ិចតូរៀ (Victoria International Hospital) ពី​​បទ​​បង្ខាំង​​មនុស្ស​​ដោយ​​ខុស​ច្បាប់ និង​​បទ​​កំហែង​​យក កាល​ពី​​រសៀល​​ថ្ងៃ​ទី១៧ ខែ​​មករា។ ការ​ចោទ​ប្រកាន់​​នេះ បន្ទាប់​ពី​មន្ទីរពេទ្យ​មួយ​នេះ រង​ការ​ចោទ​ប្រកាន់​ថា ​បាន​​បង្ខំ​​អ្នក​​ជំងឺ​​ឲ្យ​​វះកាត់​​ក្នុង​​តម្លៃ​​ថ្លៃ​​ខ្ពស់ និង​​បាន​​ឃុំ​​អ្នក​ជំងឺ​​ទុក ​ដើម្បី​​ទា​មទារ​​ថ្លៃ​​សេវា​​វះកាត់​​នោះ​​ក្នុង​​តម្លៃ​​ខ្ពស់​ទៀត​​ផង។ មន្ត្រី​សង្គម​​ស៊ីវិល​​យល់​​ថា តុលាការ​​គួរ​តែ​​សួរ​នាំ​អ្នក​ទទួល​ខុស​ត្រូវ​​របស់​​មន្ទីរពេទ្យ​​ជា​ច្រើន​​នាក់ ព្រោះ​​ករណី​​បង្ខាំង​​អ្នក​​ជំងឺ និង​​ទាមទារ​​ថ្លៃ​​សេវា​​ព្យាបាល​​នេះ​​ជាប់​​សង្ស័យ​​ថា អាច​​ធ្វើ​​ឡើង​ជា​​លក្ខណៈ​​ប្រព័ន្ធ មិន​មែន​​មាន​តែ​​មនុស្ស​​ម្នាក់​​នោះ​​ទេ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​​ប្រាប់​អាស៊ីសេរី​​តាម​​បណ្ដាញ​​ទំនាក់ទំនង​​សង្គម​​តេឡេក្រាម ​(Telegram)​ យ៉ាង​​ខ្លី​​ថា តំណាង​អយ្យការ​បាន​​សម្រេច​ចោទ​ប្រកាន់ និង​​បញ្ជូន​​សំណុំ​រឿង​​ជនជាតិ​ចិន​​នេះ​ទៅ​​ចៅក្រម ដើម្បី​​ចាត់​ការ​​បន្ត។ សារព័ត៌មាន​​ក្នុង​ស្រុក​​ផ្សាយ​ដោយ​​ស្រង់​​សម្ដី​​មន្ត្រី​​តុលាការ​​ម្នាក់​​ថា ព្រះរាជអាជ្ញា​​រង​​អម​​សាលាដំបូង​​រាជធានី​​ភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បាន​​ចោទ​​ប្រកាន់​​ជន​ជាតិ​​ចិន​​ជា​​អ្នក​​គិត​លុយ​​របស់​​មន្ទីរពេទ្យ ​វ៉ិចតូរៀ​ចំនួន​​ពីរ​​បទ​ល្មើស គឺ​បទ «បង្ខាំង​​មនុស្ស​ដោយ​​ខុស​ច្បាប់ និង​​បទ​​កំហែង​​យក»

មាត្រា​២១ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ចែង​ថា បុគ្គល​​ដែល​​ចាប់​​ឃុំឃាំង ឬ​​បង្ខាំង​​ជន​​ដទៃ ដោយ​​គ្មាន​​អំណាច​​តាម​​ផ្លូវ​​ច្បាប់ ត្រូវ​​ផ្ដន្ទាទោស​ប្រឈម​​ជាប់​ពន្ធនាគារ​​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ បើ​​ការ​​ចាប់​​ការ​​ឃុំ​ឃាំង ឬ​​ការ​​បង្ខាំង​​ខ្លួន មាន​​រយៈ​ពេល​​តិច​​ជាង​​មួយ​​ខែ។ ដោយឡែក មាត្រា​៦៥​នៃ​ក្រមព្រហ្មទណ្ឌ ចែងថា អំពើ​កំហែង​យក ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​ពី ៤​លាន​រៀល ទៅ​១០​លាន​រៀល។ ក្នុង​​ករណី​​អំពើ​​កំហែង​​យក​នេះ ប្រព្រឹត្ត​ទៅលើ​បុគ្គល​​ដែល​​ទន់​ខ្សោយ ពិសេស ដោយ​​មូលហេតុ​​នៃ​​អាយុ ឬ​​ជំងឺ និង​​ពិការ​ភាព គឺ​​ត្រូវ​​បន្ថែម​​ស្ថាន​​ទម្ងន់​​ទោស​​ ដោយ​​ផ្ដន្ទាទោស​​ពី ៥​ឆ្នាំទៅ ១០​ឆ្នាំ។

មន្ទីរពេទ្យ​វ៉ិចតូរៀ ស្ថិតនៅ​ផ្លូវ​លេខ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ត្រូវ គេ​ដឹង​ម្ចាស់​មន្ទីរពេទ្យ​នេះ គឺជា​ជនជាតិ​ចិន តែ​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ គឺជា​អ្នក​ឈរ ឈ្មោះ​ទទួលខុសត្រូវ​មន្ទីរពេទ្យ​វ៉ិចតូរៀ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​បញ្ជា​ឲ្យ​បិទ​មន្ទីរ ពេទ្យ​អន្តរជាតិ​វ៉ិចតូរៀ ជា​ផ្លូវការ​តែម្ដង ក្រោយ​រក​ឃើញ​ថា មន្ទីរពេទ្យ​ឯកជន​នេះ គ្មាន​ការ​គោរព​តាម​លិខិត​បទដ្ឋាន​របស់​ក្រសួង។

កាលពី​យប់​ថ្ងៃទី​១៣ ខែ​មករា មាន​អ្នក ជំងឺ​ម្នាក់​ទៅ​ពិនិត្យ​រោគ​ស្ត្រី​ក្នុង​មន្ទីរពេទ្យ​នោះ ហើយ​គ្រូពេទ្យ បាន​បង្ខិតបង្ខំ​ឲ្យ​អ្នកជំងឺ​វះកាត់ ដោយ​មិន​ប្រាប់​ពី​អាការៈ​ជំងឺ​អោយ​ច្បាស់លាស់ និង​បំភ័យ​ថា បើ​មិន​វះកាត់​អាច​ត្រូវ​ស្លាប់។ ទោះ​យ៉ាងណា​គ្រួសារ​អ្នកជំងឺ ប្រាប់​គ្រូពេទ្យ​ថា ខ្លួន​មាន​លុយ​តែ ៦០០​ដុល្លារ​និង​សុំ​គ្រូ​ពេទ្យ​ចេញ​ក្រៅ តែ​គ្រូពេទ្យ នៅតែ​បន្ត​ទាមទារ​វះកាត់​ដដែល ដោយ​មិនបាន​ប្រាប់​ពី​តម្លៃ​ព្យាបាល ជាមុន​នោះ​ទេ។ បន្ទាប់ពី​វះកាត់​រួច មន្ទីរពេទ្យ បាន​ចេញ​វិក្កយបត្រ​ថ្លៃ​សេវា​វះកាត់​ជាង ២​ពាន់​ដុល្លារ​ទៀត ប៉ុន្តែ​ដោយ​អ្នកជំងឺ​ពុំ​មាន​លុយ​ឲ្យ​គ្រប់​ចំនួន ក៏​ខាង​មន្ទីរពេទ្យ បាន​ចាក់សោ បិទទ្វារ​បង្ខាំង​អ្នកជំងឺ និង​ម្ដាយ​អ្នកជំងឺ​មិន​ឲ្យ​ចេញ​ក្រៅ​នោះ​ទេ លុះ​ត្រា​តែ​មាន​លុយ​គ្រប់​ចំនួន។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើង​ថា ករណី បង្ខំ​អ្នកជំងឺ​ឲ្យ​ទទួល​ការវះកាត់ ហើយ​ឃុំឃាំង​អ្នកជំងឺ និង​ម្ដាយ​អ្នកជំងឺ​ដើម្បី​ទាមទារ​ថ្លៃ​សេវា​ព្យាបាល​ខ្ពស់​នេះ ត្រូវ​គេ​សង្ស័យ​ថា អាច​ធ្វើ​ឡើងជា​ប្រព័ន្ធ ព្រោះ​មន្ទីរពេទ្យ​នេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ រិះគន់​ពី​រឿង​កេងប្រវ័ញ្ច និង​បោក​បញ្ឆោត​អ្នកជំងឺ​ជាច្រើន​ករណី​មក​ហើយ។ លោក​បន្ត​ថា តុលាការ គួរតែ​ហៅ​អ្នក​ទទួល​ខុសត្រូវ​ផ្សេងទៀត មក​សួរនាំ​អំពី​ករណី​នេះ មិនមែន​តែ​ជនជាតិ​ចិន​ម្នាក់​នោះ​ទេ៖ «អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ពេទ្យ​នេះ ពេទ្យ​ខ្មែរ តែ​មាន​មេការ​ចិន។ យើង​មើល​ទៅ​តើ​អ្នក​ពាក់ព័ន្ធ​នេះ ឬ​សាវតារ​របស់​ពួក​គេ នឹង​ត្រូវ​បាន​បញ្ចប់​អាជីវកម្ម​បែប​នេះ​ដែរ​ឬ​ទេ ព្រោះ​អី វ៉ិចតូរៀ នេះ​មាន​សាវតារ​កែ​ប្រែ​ឈ្មោះ​មក​ពី​ពេទ្យ សៀនតាយ ដោយសារ​មាន​រឿង​អាស្រូវ​ជា​ច្រើន។ គេ​បារម្ភ​ថា ពួក​គេ​នេះ នឹង​ទៅ​បន្ត​ការងារ​នេះ​ទៀត ហើយ​បន្ត​ល្មើស​ច្បាប់»

មន្ត្រី​ជំនាញ​ខាង​វិស័យ​សុខភាព​អះអាង​ថា សីលធម៌​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រហូតដល់​អ្នកជំងឺ​មិន​មាន​ជំនឿ​លើ​វិស័យ​សុខាភិបាល​ក្នុងស្រុក​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។