ជនជាតិចិនជាអ្នកគិតលុយនៅមន្ទីរពេទ្យវ៉ិចតូរៀត្រូវតុលាការចោទប្រកាន់ពីរករណី
2019.01.17
សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនជាតិចិនដែលជាបុគ្គលិកគិតលុយមន្ទីរ ពេទ្យអន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital) ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក កាលពីរសៀលថ្ងៃទី១៧ ខែមករា។ ការចោទប្រកាន់នេះ បន្ទាប់ពីមន្ទីរពេទ្យមួយនេះ រងការចោទប្រកាន់ថា បានបង្ខំអ្នកជំងឺឲ្យវះកាត់ក្នុងតម្លៃថ្លៃខ្ពស់ និងបានឃុំអ្នកជំងឺទុក ដើម្បីទាមទារថ្លៃសេវាវះកាត់នោះក្នុងតម្លៃខ្ពស់ទៀតផង។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែសួរនាំអ្នកទទួលខុសត្រូវរបស់មន្ទីរពេទ្យជាច្រើននាក់ ព្រោះករណីបង្ខាំងអ្នកជំងឺ និងទាមទារថ្លៃសេវាព្យាបាលនេះជាប់សង្ស័យថា អាចធ្វើឡើងជាលក្ខណៈប្រព័ន្ធ មិនមែនមានតែមនុស្សម្នាក់នោះទេ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អាស៊ីសេរីតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) យ៉ាងខ្លីថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងជនជាតិចិននេះទៅចៅក្រម ដើម្បីចាត់ការបន្ត។ សារព័ត៌មានក្នុងស្រុកផ្សាយដោយស្រង់សម្ដីមន្ត្រីតុលាការម្នាក់ថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានចោទប្រកាន់ជនជាតិចិនជាអ្នកគិតលុយរបស់មន្ទីរពេទ្យ វ៉ិចតូរៀចំនួនពីរបទល្មើស គឺបទ «បង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក»។
មាត្រា២១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា បុគ្គលដែលចាប់ឃុំឃាំង ឬបង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្ដន្ទាទោសប្រឈមជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ បើការចាប់ការឃុំឃាំង ឬការបង្ខាំងខ្លួន មានរយៈពេលតិចជាងមួយខែ។ ដោយឡែក មាត្រា៦៥នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើកំហែងយក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ ក្នុងករណីអំពើកំហែងយកនេះ ប្រព្រឹត្តទៅលើបុគ្គលដែលទន់ខ្សោយ ពិសេស ដោយមូលហេតុនៃអាយុ ឬជំងឺ និងពិការភាព គឺត្រូវបន្ថែមស្ថានទម្ងន់ទោស ដោយផ្ដន្ទាទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ។
មន្ទីរពេទ្យវ៉ិចតូរៀ ស្ថិតនៅផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងត្រូវ គេដឹងម្ចាស់មន្ទីរពេទ្យនេះ គឺជាជនជាតិចិន តែលោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ គឺជាអ្នកឈរ ឈ្មោះទទួលខុសត្រូវមន្ទីរពេទ្យវ៉ិចតូរៀ។
កាលពីថ្ងៃទី១៤ ខែមករា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាឲ្យបិទមន្ទីរ ពេទ្យអន្តរជាតិវ៉ិចតូរៀ ជាផ្លូវការតែម្ដង ក្រោយរកឃើញថា មន្ទីរពេទ្យឯកជននេះ គ្មានការគោរពតាមលិខិតបទដ្ឋានរបស់ក្រសួង។
កាលពីយប់ថ្ងៃទី១៣ ខែមករា មានអ្នក ជំងឺម្នាក់ទៅពិនិត្យរោគស្ត្រីក្នុងមន្ទីរពេទ្យនោះ ហើយគ្រូពេទ្យ បានបង្ខិតបង្ខំឲ្យអ្នកជំងឺវះកាត់ ដោយមិនប្រាប់ពីអាការៈជំងឺអោយច្បាស់លាស់ និងបំភ័យថា បើមិនវះកាត់អាចត្រូវស្លាប់។ ទោះយ៉ាងណាគ្រួសារអ្នកជំងឺ ប្រាប់គ្រូពេទ្យថា ខ្លួនមានលុយតែ ៦០០ដុល្លារនិងសុំគ្រូពេទ្យចេញក្រៅ តែគ្រូពេទ្យ នៅតែបន្តទាមទារវះកាត់ដដែល ដោយមិនបានប្រាប់ពីតម្លៃព្យាបាល ជាមុននោះទេ។ បន្ទាប់ពីវះកាត់រួច មន្ទីរពេទ្យ បានចេញវិក្កយបត្រថ្លៃសេវាវះកាត់ជាង ២ពាន់ដុល្លារទៀត ប៉ុន្តែដោយអ្នកជំងឺពុំមានលុយឲ្យគ្រប់ចំនួន ក៏ខាងមន្ទីរពេទ្យ បានចាក់សោ បិទទ្វារបង្ខាំងអ្នកជំងឺ និងម្ដាយអ្នកជំងឺមិនឲ្យចេញក្រៅនោះទេ លុះត្រាតែមានលុយគ្រប់ចំនួន។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ករណី បង្ខំអ្នកជំងឺឲ្យទទួលការវះកាត់ ហើយឃុំឃាំងអ្នកជំងឺ និងម្ដាយអ្នកជំងឺដើម្បីទាមទារថ្លៃសេវាព្យាបាលខ្ពស់នេះ ត្រូវគេសង្ស័យថា អាចធ្វើឡើងជាប្រព័ន្ធ ព្រោះមន្ទីរពេទ្យនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ពីរឿងកេងប្រវ័ញ្ច និងបោកបញ្ឆោតអ្នកជំងឺជាច្រើនករណីមកហើយ។ លោកបន្តថា តុលាការ គួរតែហៅអ្នកទទួលខុសត្រូវផ្សេងទៀត មកសួរនាំអំពីករណីនេះ មិនមែនតែជនជាតិចិនម្នាក់នោះទេ៖ «អ្វីដែលគេចាប់អារម្មណ៍នោះ គឺថាពេទ្យនេះ ពេទ្យខ្មែរ តែមានមេការចិន។ យើងមើលទៅតើអ្នកពាក់ព័ន្ធនេះ ឬសាវតាររបស់ពួកគេ នឹងត្រូវបានបញ្ចប់អាជីវកម្មបែបនេះដែរឬទេ ព្រោះអី វ៉ិចតូរៀ នេះមានសាវតារកែប្រែឈ្មោះមកពីពេទ្យ សៀនតាយ ដោយសារមានរឿងអាស្រូវជាច្រើន។ គេបារម្ភថា ពួកគេនេះ នឹងទៅបន្តការងារនេះទៀត ហើយបន្តល្មើសច្បាប់»។
មន្ត្រីជំនាញខាងវិស័យសុខភាពអះអាងថា សីលធម៌ក្នុងវិស័យសុខាភិបាលកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់អ្នកជំងឺមិនមានជំនឿលើវិស័យសុខាភិបាលក្នុងស្រុកតែម្ដង៕