ពលរដ្ឋ​នៅ​បាត់ដំបង​បន្ត​សម្រុក​ទៅ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍

ដោយ ហ៊ុំ ចំរើន
2014-12-16
Share
តេស្ត​ឈាម​មេរោគ​អេដស៍​បាត់ដំបង ៦២០ សកម្មភាព​ប្រជាពលរដ្ឋ​ឈរ​រង់ចាំ​ចុះ​ឈ្មោះ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun

ក្រុម​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បន្ត​សម្រុក​ទៅ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ (AIDs) នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ឈាន​ចូល​ថ្ងៃ​ទី​៦ ហើយ​លទ្ធផល​អ្នក​ដែល​មាន​ប្រតិកម្ម​តេស្ដ ឬ​មាន​ផ្ទុក​មេរោគ​អេដស៍ មាន​ចំនួន​ជិត ១០០​នាក់​ហើយ។ ក្នុង​នោះ ប្រជាពលរដ្ឋ​ដែល​ប្រតិកម្ម​តេស្ដ​ឈាម ឬ​មាន​ផ្ទុក​មេរោគ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ពុំ​ធ្លាប់​មាន​ប្រវត្តិ​ទៅ​ប៉ះពាល់​អ្នក​កើត​ជំងឺ​អេដស៍​ពី​មុន​មក​នោះ​ទេ។ មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ បាន​ទទួល​ស្គាល់​ថា អ្នកស្រី​ប្រាប់​វិទ្យុ​អាស៊ីសេរី ច្រឡំ​តួលេខ​អ្នក​ទៅ​ធ្វើ​តេស្ដ​ឈាម ៣០០​នាក់ ថា​ជា​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ទៅ​វិញ។

ក្រុម​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​ទៅ​ធ្វើ​តេស្ដ​ឈាម សម្ដែង​ក្ដី​បារម្ភ​ចំពោះ​មេរោគ​ដ៏​កាច​សាហាវ​នេះ ថា​ជា​ជំងឺ​មួយ​កើត​ឡើង​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្ដ​ឈាម​ឃើញ​មេរោគ​ម្នាក់ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ បន្ទាប់​ពី​ទទួល​លទ្ធផល​ឈាម​នៅ​ខាង​មុខ​មណ្ឌល​សុខភាព នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា លទ្ធផល​ឈាម​ធ្វើ​តេស្ដ​ដំបូង​នេះ​ផ្ទុក​មេរោគ​អេដស៍។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​ទៅ​ពិនិត្យ ហើយ​ទទួល​លទ្ធផល​ថា​មាន​មេរោគ​អេដស៍​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ២​នាក់ និង​មនុស្ស​ចាស់ ២​នាក់។ ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ផ្ទុក​មេរោគ​ដែល​ព្យាបាល​មិន​ជា​នេះ សង្ស័យ​ឆ្លង​តាម​រយៈ​ម្ជុល​ចាក់​ថ្នាំ​របស់​គ្រូពេទ្យ ដែល​បាន​ព្យាបាល​ជំងឺ​កាល​ពី​ពេល​កន្លង​ទៅ៖ «ខ្ញុំ​ឆ្ងល់​មិន​ដឹង​ហេតុ​អី​បាន​ជា​កើត​ជំងឺ​នេះ​ស្ទើរ​ពេញ​មួយ​ផ្ទះ​អ៊ីចឹង​ទេ? ខ្ញុំ​សន្និដ្ឋាន​ថា ជំងឺ​នាំ​វា​ឆ្លង​មក​ពី​​ការ​ចាក់​ថ្នាំ​ហ្នឹង​ឯង​ ប៉ុន្តែ​មិន​ដឹង​ថា​ឆ្លង​ពី​ការ​ចាត់​ថ្នាំ​របស់​គ្រូពេទ្យ​ណា​នោះ​ទេ។ ខ្ញុំ​អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល​ស្រាវជ្រាវ​រក​ការ​ពិត​មើល​ថា​តើ​ការ​ឆ្លង​ជំងឺ​ដ៏​ច្រើន​បែប​នេះ​មក​ពី​អ្វី?»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក វឿន ប៊ុនរ៉េត មាន​ប្រសាសន៍​បញ្ជាក់​ថា លទ្ធផល​តេស្ដ​ឈាម​ដំបូង​នេះ​គ្រាន់​តែ​ជា​ប្រតិកម្ម​តេស្ដ​បឋម ពុំ​ទាន់​ចាត់​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​ផ្ទុក​មេរោគ​អេដស៍ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា លទ្ធផល​ឈាម​ដំបូង​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ពិសោធ​នៅ​រាជធានី​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ស្រាវជ្រាវ​រក​រោគ​សញ្ញា​ពិត​ប្រាកដ៖ «ឈាម​ដែល​ធ្វើតេស្ត​ហើយ​ហ្នឹង យើង​នឹង​នាំ​ទៅ​ពិនិត្យ​មេរោគ​នៅ​ភ្នំពេញ​ទៀត ដើម្បី​​ឲ្យ​ដឹង​ថា​ជំងឺ​អី​​ ទើប​បាន​​យើង​ហ្នឹង​ផ្សព្វផ្សាយ​រឿង​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​តាម​ក្រោយ។ ចំពោះ​បញ្ហា​នេះ​ខាង​យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ និង​សោកស្ដាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ដល់​ប្រជាពលរដ្ឋ​នេះ​ណាស់»

ទោះ​យ៉ាង​នេះ​ក្ដី ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សម្ព័ន្ធភាព​ខ្មែរ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ហៅ​កាត់​ថា​អង្គការ​ខាណា (KHANA) លោក​វេជ្ជបណ្ឌិត នី សុជាតិ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ត្រូវ​ឆ្លង​កាត់ ៣​ដំណាក់​កាល ទើប​អាច​បញ្ជាក់​ថា​ជា​លទ្ធផល​ឈាម​ផ្ទុក​មេរោគ​អេដស៍​ពិត​ប្រាកដ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា ប្រតិកម្ម​តេស្ដ​ឈាម​ដំបូង​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា មាន​ភាគរយ​ដែល​កើត​ជំងឺ​អេដស៍​ខ្ពស់៖ «គាត់​ធ្វើតេស្ត​លើក​ទី​មួយ​គាត់​មាន​ប្រតិកម្ម​ ហើយ​បើ​គាត់​ទៅ​ពិនិត្យ​២​ដង​ទៀត​នៅ​តែ​ទទួល​លទ្ធផល​វិជ្ជមាន​ទៀត​មាន​ន័យ​ថា គាត់​ផ្ទុក​មេរោគ​អេដស៍​ហើយ។ អ៊ីចឹង​សំខាន់​គាត់​ទៅ​យក​ថ្នាំ​ប្រឆាំង​​រោគ​អេដស៍​ហ្នឹង​ឲ្យ​បាន​ទាន់​ពេល​វេលា​ បាន​ន័យ​ថា គាត់​តែង​ទៅ​ទទួល​សេវា​កាន់​តែ​ឆាប់​ជា​ប្រសើរ ពី​ព្រោះ​ការ​ធ្វើ​ដូច​នេះ​ហ្នឹង​ជួយ​ឲ្យ​គាត់​មាន​សុខភាព​រឹងប៉ឹង និង​ជា​ការ​បង្ការ​មិន​ឲ្យ​មេរោគ​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត»

របាយការណ៍​មណ្ឌល​សុខភាព​ឃុំ​រកា បង្ហាញ​ថា គិត​ត្រឹម​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ការ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្ដ​ឈាម​រួច​ចំនួន ៤៨៥​នាក់ រក​ឃើញ​អ្នក​ដែល​មាន​ប្រតិកម្ម​តេស្ដ​ចំនួន ៨២​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់​រស់នៅ​ភូមិ​រកា។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ធ្វើ​តេស្ដ​ឈាម​ដំបូង​នេះ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ចំនួន​ប្រតិកម្ម​តេស្ដ​អាច​នឹង​កើន​ទៅ​មុខ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មាន​ប្រជាពលរដ្ឋ​ឃុំ​រកា ជិត ៣០០​នាក់​ធ្វើ​តេស្ត​ឈាម​មាន​លទ្ធផល​បង្ហាញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ អ្នកស្រី​មេ​ឃុំ​បាន​ទទួល​ស្គាល់​ថា អ្នកស្រី​ប្រាប់​តួលេខ​ច្រឡំ គឺ​ចំនួន ៣០០​នាក់​ជា​តួលេខ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​តេស្ដ​ឈាម ចំណែក​ប្រជាពលរដ្ឋ​ដែល​លទ្ធផល​តេស្ដ​ឈាម​បង្ហាញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ មាន​ចំនួន​មិន​ដល់ ១០០​នាក់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល