ក្រុមប្រជាពលរដ្ឋនៅស្រុកសង្កែ ខេត្តបាត់ដំបង បន្តសម្រុកទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ (AIDs) នៅមណ្ឌលសុខភាពឃុំរកា ឈានចូលថ្ងៃទី៦ ហើយលទ្ធផលអ្នកដែលមានប្រតិកម្មតេស្ដ ឬមានផ្ទុកមេរោគអេដស៍ មានចំនួនជិត ១០០នាក់ហើយ។ ក្នុងនោះ ប្រជាពលរដ្ឋដែលប្រតិកម្មតេស្ដឈាម ឬមានផ្ទុកមេរោគនេះ ភាគច្រើនជាមនុស្សពុំធ្លាប់មានប្រវត្តិទៅប៉ះពាល់អ្នកកើតជំងឺអេដស៍ពីមុនមកនោះទេ។ មេឃុំរកា អ្នកស្រី ស៊ឹម ពៅ បានទទួលស្គាល់ថា អ្នកស្រីប្រាប់វិទ្យុអាស៊ីសេរី ច្រឡំតួលេខអ្នកទៅធ្វើតេស្ដឈាម ៣០០នាក់ ថាជាអ្នកមានផ្ទុកមេរោគអេដស៍ទៅវិញ។
ក្រុមប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលទៅធ្វើតេស្ដឈាម សម្ដែងក្ដីបារម្ភចំពោះមេរោគដ៏កាចសាហាវនេះ ថាជាជំងឺមួយកើតឡើងដោយពុំមានមូលហេតុច្បាស់លាស់នោះទេ។
ប្រជាពលរដ្ឋដែលធ្វើតេស្ដឈាមឃើញមេរោគម្នាក់ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ថ្លែងមិនបញ្ចេញឈ្មោះ បន្ទាប់ពីទទួលលទ្ធផលឈាមនៅខាងមុខមណ្ឌលសុខភាព នៅថ្ងៃទី១៦ ធ្នូ ថា លទ្ធផលឈាមធ្វើតេស្ដដំបូងនេះផ្ទុកមេរោគអេដស៍។ ពលរដ្ឋរូបនេះបន្តថា សមាជិកក្នុងក្រុមគ្រួសារដែលទៅពិនិត្យ ហើយទទួលលទ្ធផលថាមានមេរោគអេដស៍ចំនួន ៤នាក់ ក្នុងនោះមានកុមារចំនួន ២នាក់ និងមនុស្សចាស់ ២នាក់។ ពលរដ្ឋរូបនេះឲ្យដឹងទៀតថា មូលហេតុដែលផ្ទុកមេរោគដែលព្យាបាលមិនជានេះ សង្ស័យឆ្លងតាមរយៈម្ជុលចាក់ថ្នាំរបស់គ្រូពេទ្យ ដែលបានព្យាបាលជំងឺកាលពីពេលកន្លងទៅ៖ «ខ្ញុំឆ្ងល់មិនដឹងហេតុអីបានជាកើតជំងឺនេះស្ទើរពេញមួយផ្ទះអ៊ីចឹងទេ? ខ្ញុំសន្និដ្ឋានថា ជំងឺនាំវាឆ្លងមកពីការចាក់ថ្នាំហ្នឹងឯង ប៉ុន្តែមិនដឹងថាឆ្លងពីការចាត់ថ្នាំរបស់គ្រូពេទ្យណានោះទេ។ ខ្ញុំអំពាវនាវឲ្យក្រសួងសុខាភិបាលស្រាវជ្រាវរកការពិតមើលថាតើការឆ្លងជំងឺដ៏ច្រើនបែបនេះមកពីអ្វី?»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿន ប៊ុនរ៉េត មានប្រសាសន៍បញ្ជាក់ថា លទ្ធផលតេស្ដឈាមដំបូងនេះគ្រាន់តែជាប្រតិកម្មតេស្ដបឋម ពុំទាន់ចាត់ថាប្រជាពលរដ្ឋទាំងនោះផ្ទុកមេរោគអេដស៍ ឬយ៉ាងណានៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកថា លទ្ធផលឈាមដំបូងនេះ នឹងត្រូវបញ្ជូនទៅពិសោធនៅរាជធានីភ្នំពេញម្ដងទៀត ដើម្បីស្រាវជ្រាវរករោគសញ្ញាពិតប្រាកដ៖ «ឈាមដែលធ្វើតេស្តហើយហ្នឹង យើងនឹងនាំទៅពិនិត្យមេរោគនៅភ្នំពេញទៀត ដើម្បីឲ្យដឹងថាជំងឺអី ទើបបានយើងហ្នឹងផ្សព្វផ្សាយរឿងនេះទៅដល់ប្រជាពលរដ្ឋតាមក្រោយ។ ចំពោះបញ្ហានេះខាងយើងខ្ញុំមានការព្រួយបារម្ភ និងសោកស្ដាយចំពោះបញ្ហាដែលកើតឡើងដល់ប្រជាពលរដ្ឋនេះណាស់»។
ទោះយ៉ាងនេះក្ដី ទីប្រឹក្សាបច្ចេកទេសអង្គការសម្ព័ន្ធភាពខ្មែរ ប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថាអង្គការខាណា (KHANA) លោកវេជ្ជបណ្ឌិត នី សុជាតិ មានប្រសាសន៍បញ្ជាក់ថា ការធ្វើតេស្ដឈាមរកមេរោគអេដស៍ត្រូវឆ្លងកាត់ ៣ដំណាក់កាល ទើបអាចបញ្ជាក់ថាជាលទ្ធផលឈាមផ្ទុកមេរោគអេដស៍ពិតប្រាកដ។ ទោះយ៉ាងនេះក្ដី លោកថា ប្រតិកម្មតេស្ដឈាមដំបូងនេះជាសញ្ញាមួយបង្ហាញថា មានភាគរយដែលកើតជំងឺអេដស៍ខ្ពស់៖ «គាត់ធ្វើតេស្តលើកទីមួយគាត់មានប្រតិកម្ម ហើយបើគាត់ទៅពិនិត្យ២ដងទៀតនៅតែទទួលលទ្ធផលវិជ្ជមានទៀតមានន័យថា គាត់ផ្ទុកមេរោគអេដស៍ហើយ។ អ៊ីចឹងសំខាន់គាត់ទៅយកថ្នាំប្រឆាំងរោគអេដស៍ហ្នឹងឲ្យបានទាន់ពេលវេលា បានន័យថា គាត់តែងទៅទទួលសេវាកាន់តែឆាប់ជាប្រសើរ ពីព្រោះការធ្វើដូចនេះហ្នឹងជួយឲ្យគាត់មានសុខភាពរឹងប៉ឹង និងជាការបង្ការមិនឲ្យមេរោគចម្លងទៅអ្នកផ្សេងទៀត»។
របាយការណ៍មណ្ឌលសុខភាពឃុំរកា បង្ហាញថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី១៦ ធ្នូ ការធ្វើតេស្ដឈាមរកមេរោគអេដស៍នៅមណ្ឌលសុខភាពឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ប្រជាពលរដ្ឋដែលធ្វើតេស្ដឈាមរួចចំនួន ៤៨៥នាក់ រកឃើញអ្នកដែលមានប្រតិកម្មតេស្ដចំនួន ៨២នាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់រស់នៅភូមិរកា។ ទោះយ៉ាងនេះក្ដី ការធ្វើតេស្ដឈាមដំបូងនេះ មិនទាន់បញ្ចប់នៅឡើយទេ ហើយចំនួនប្រតិកម្មតេស្ដអាចនឹងកើនទៅមុខទៀត។
កាលពីថ្ងៃទី១៥ ធ្នូ មេឃុំរកា អ្នកស្រី ស៊ឹម ពៅ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា មានប្រជាពលរដ្ឋឃុំរកា ជិត ៣០០នាក់ធ្វើតេស្តឈាមមានលទ្ធផលបង្ហាញថាមានផ្ទុកមេរោគអេដស៍ ប៉ុន្តែនៅថ្ងៃទី១៦ ធ្នូ អ្នកស្រីមេឃុំបានទទួលស្គាល់ថា អ្នកស្រីប្រាប់តួលេខច្រឡំ គឺចំនួន ៣០០នាក់ជាតួលេខប្រជាពលរដ្ឋទៅធ្វើតេស្ដឈាម ចំណែកប្រជាពលរដ្ឋដែលលទ្ធផលតេស្ដឈាមបង្ហាញថាមានផ្ទុកមេរោគអេដស៍នោះ មានចំនួនមិនដល់ ១០០នាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។