អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង​បារម្ភ​ខ្លាច​ខ្វះខាត​ថ្នាំ​លេប​ពន្យារ​ជីវិត

ដោយ ហ៊ុំ ចំរើន
2015-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ចូលរួម​ក្នុង​វេទិកា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា។

វេទិកា​នេះ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍ មាន​ឱកាស​បាន​បញ្ចេញ​យោបល់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ជាពិសេស​អ្នក​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ជាដើម។

ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​ភាគ​ច្រើន ព្រួយ​បារម្ភ​ពី​ការ​ខ្វះខាត​ថ្នាំ​លេប​ពន្យារ​ជីវិត​របស់​ពួក​គាត់​ទៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​ម្នាក់​ថ្លែង​ថា ចាប់​តាំង​ពី​ពួក​គាត់​ផ្ទុក​មេរោគ​អេដស៍​មក ពួក​គាត់​ពុំ​មាន​កម្លាំង​កំហែង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ទៀងទាត់ គឺ​ជា​ទុក្ខ​លំបាក​មួយ​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​នោះ គឺ​ខ្លាច​ក្រសួង​សុខាភិបាល ពុំ​មាន​ថ្នាំ​ពន្យារ​ជីវិត​ផ្ដល់​ឲ្យ​ពួក​គាត់​លេប​គ្រប់គ្រាន់​ទៅ​ថ្ងៃ​អនាគត៖ «បើ​ដាច់​ថ្នាំ​ពន្យារ​ជីវិត​ទៅ វា​ដូច​សម្លាប់​ពួក​យើង​ខ្ញុំ​ទាំង​ក្រុម​តែ​ម្ដង ព្រោះ​អី​ពួក​ខ្ញុំ​សព្វថ្ងៃ​នេះ ដូច​រស់​នៅ​ក្នុង​ចម្ការ​មីន​អ៊ីចឹង ហើយ​មិន​ដឹង​ផ្ទុះ​ស្លាប់​នៅ​ពេល​ណា​នោះ​ទេ»

អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ចូលរួម​វេទិកា​សាធារណៈ​នៅ​ក្នុង​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Hum Chamroeun
អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ចូលរួម​វេទិកា​សាធារណៈ​នៅ​ក្នុង​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Hum Chamroeun

ឆ្លើយ​តប​ភ្លាមៗ​នៅ​ក្នុង​វេទិកា​នោះ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង អ្នកស្រី អ៊ូ វណ្ណដា មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល នឹង​ផ្ដល់​ថ្នាំ​ពន្យារ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​លេប​អស់​មួយ​ជីវិត។ អ្នកស្រី​បន្ត​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំងអស់ ត្រូវ​លេប​ថ្នាំ​ពន្យារ​ជីវិត​នេះ​ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​រឹងមាំ​អាច​ធ្វើ​ការងារ​បាន​ដូច​មនុស្ស​ធម្មតា៖ «អ៊ីចឹង​ទេ​សូម​ឲ្យ​បង​ប្អូន​ទាំងអស់​គ្នា​កុំ​អស់​សង្ឃឹម​អី ហើយ​ក៏​បារម្ភ គឺ​ក្រសួង​សុខាភិបាល បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​បង​ប្អូន​ជានិច្ច»

យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា លោក ស៊ន សុធារិទ្ធ មាន​ប្រសាសន៍​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ជិត ១០​ភាគរយ ឬ​ប្រមាណ​ជា ២៥​នាក់ បាន​បោះបង់​ការ​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត និង​លេប​ថ្នាំ​មិន​បាន​ទៀងទាត់​នោះ​ទេ ដោយសារ​ក្រោយ​ពី​ពេល​លេប​ថ្នាំ​នោះ​ហើយ ថ្នាំ​ធ្វើ​ទុក្ខ​ពិបាក​ក្នុង​ខ្លួន។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា ហើយ​ឆ្លង​មេរោគ​អេដស៍​ថ្មី នៅ​តែ​កើត​មាន​ជា​រៀង​រាល់​ខែ​នៅ​ឡើយ។ លោក​ព្រួយ​បារម្ភ​ខ្លាច​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ លេប​ថ្នាំ​មិន​ទៀងទាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ទៅ​ថ្ងៃ​អនាគត៖ «យើង​ព្រួយ​បារម្ភ​មិន​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ធ្វើ​តេស្ត​ឈាម​ឃើញ​មេរោគ​អេដស៍។ បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ត្រូវ​តែ​ទៅ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ឲ្យ​គ្រប់​គ្នា»

ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​នៅ​ឃុំ​រកា នេះ កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ តុលាការ​ខេត្ត​បាត់ដំបង បាន​ផ្ដន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ​ចំនួន ២៥​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា ចាក់​ថ្នាំ​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ដោយ​ចេតនា និង​បើក​កន្លែង​ព្យាបាល​អ្នក​ជំងឺ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

រហូត​មក​ទល់​ពេល​នេះ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា បាន​កើន​ឡើង​ដល់​ចំនួន ២៩២​នាក់​ហើយ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

10-12-2015:@អស់ព្រួយពីការខ្វះថ្នាំលេប តែបារម្ភមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ!...

សូមគោរពជម្រាបជូន និងបញ្ជាក់បន្ថែមជូនសាធារណៈជនជ្រាប ពិសេសប្រជាពលរដ្ឋរងគ្រោះឆ្លងមេរោគអេដស៍នៅឃុំរកាមេត្តាជ្រាបថា៖ រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល បានធ្វេីផែនការរយៈពេលវែងសម្រាប់បងប្អូននៅទីនោះ និងធានាថាមិនខ្វះថ្នាំសម្រាប់លេបឡេីយ សំខាន់ត្រូវអនុវត្តតាមវេជ្ជបញ្ជា និងការណែនាំរបស់គ្រូពេទ្យ។
សូមគោរពអរគុណទានម្ចាស់ —at មន្ទីរសុខាភិបាលខេត្តបាត់ដំបង.

Dec 10, 2015 09:27 AM

គេហទំព័រ​ទាំងមូល