ពលរដ្ឋ​នៅ​សៀមរាប​ត្អូញ​ពី​ធូលី​កម្ទេច​ថ្ម​ហុយ​ពី​ក្រុមហ៊ុន​ឆ្លាក់​ថ្ម​អាទីហ្សង់​អង្គរ

ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ ដែល​ភាសា​បរទេស​ហៅ​ថា អាទីហ្សង់​អង្គរ (Artisans Angkor) គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ប្រកប​របរ​ឆ្លាក់​រូប​អំពី​ថ្ម និង​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ទៀត​សម្រាប់​លក់​ឱ្យ​អ្នក​ទេសចរ នៅ​ក្នុង​ខេត្ត​សៀមរាប។ ក៏ប៉ុន្តែ កន្លែង​ឆ្លាក់​រូប​អំពី​ថ្ម​របស់​ក្រុមហ៊ុន​នេះ នៅ​មិន​ទាន់​គិតគូរ​ទៅ​ដល់​មជ្ឈដ្ឋាន​អ្នក​រស់​នៅ​ជុំវិញ ដែល​តែង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​កម្ទេច​ថ្ម​ហ៊ុយ​ចេញ​ពី​រោង​សិប្បកម្ម​ជា​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ទេ។
ដោយ ហង្ស សាវយុត
2013-12-28
Share
ចម្លាក់​ថ្ម​នៅ​សៀមរាប ៦១០ កម្មករ​ឆ្លាក់​រូប​អំពី​ថ្ម​នៅ​ក្នុង​រោង​ជាង​នៃ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ (អាទីហ្សង់​អង្គរ = Artisans Angkor) នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Hang Savyouth

តើ​អ្នក​នៅ​ជិត​កន្លែង​រោង​សិប្បកម្ម​ផលិត​រូប​ចម្លាក់​អំពី​ថ្ម​នោះ មាន​កង្វល់​យ៉ាង​ណា?

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លំនៅ​ជាប់​របង​អតីត​មន្ទីរ​អប់រំ​យុវជន និង​កីឡា នា​ភូមិ​វិហារចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ ដោយសារ​តែ​រោង​សិប្បកម្ម​ចម្លាក់​ថ្ម​មួយ​កន្លែង តែង​បង្ហុយ​កម្ទេច​ធូលី​ឱ្យ​អណ្ដែត​ទៅ​លើ​អាកាស ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០​គ្រួសារ ដែល​ជា​អ្នក​មាន​លំនៅឋាន​ជិត​កន្លែង​សិប្បកម្ម​នោះ​បំផុត បាន​បង្ហាញ​កង្វល់​អំពី​ការ​រំខាន​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ព្រម​ទាំង​ការ​ប៉ះពាល់​ដល់​សុខភាព​ពួក​គេ។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ គឺ​ជា​អ្នក​ភូមិ​វិហារចិន។ នាង​បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​នេះ គ្រួសារ​របស់​នាង​មាន​កង្វល់​ជា​ខ្លាំង​ចំពោះ​រោង​សិប្បកម្ម​ចម្លាក់​ថ្ម​នៃ​ក្រុមហ៊ុន អាទីហ្សង់​អង្គរ ដែល​តែង​ខាត់​កម្ទេច​ថ្ម​ឱ្យ​ហុយ​អណ្ដែត​ពេញ​មេឃ ចូល​មក​ដល់​លំនៅឋាន​ជាច្រើន​ម៉ោង​ក្នុង​១​ថ្ងៃៗ។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ នាង​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ទ្វារ​បង្អួច និង​ទ្វារ​ក្រោយ​ ហើយ​នាំគ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​មិន​សូវ​ហ៊ាន​ចេញ​ក្រៅ​ទេ ដោយសារ​តែ​កម្ទេច​ថ្ម​ហុយ​ចេញ​ពី​កន្លែង​រោង​សិប្បកម្ម​ខ្លាំង៖ «គ្រួសារ​ខ្ញុំ​មាន​កង្វល់​អា​រឿង​ហុយ​ហ្នឹង​ណាស់​រាល់​ថ្ងៃ។ តាំង​ពី​ម៉ោង​គេ​ធ្វើ​ការ​រហូត​ដល់​ម៉ោង ៥​ល្ងាច បាន​ឈប់​សម្រាក​ដែរ សម្រាក​ម៉ោង ១១-១២​ថ្ងៃ​ត្រង់។ ហាល​ខោ​អាវ​អី ខ្ញុំ​ចង់​ហាល​ត្រី​ឱ្យ​ស្ងួត គ្រាន់​អាំង​ញ៉ាំ​ឆ្ងាញ់​អី​ក៏​អត់​បាន​ដែរ។ ពួក​ខ្ញុំ​ដាំ​ទឹក​ដាំ​បាយ​អី​នៅ​ខាង​ក្រោយ​ប្រើ​ចង្ក្រាន​ឡូវ​ចង្ក្រាន​អី អត់​កើត​ទេ ទាល់​តែ​ប្រើ​ចង្ក្រាន​ហ្គាស៍ បិទ​គម្រប​ដាំ​ទៅ។ ជាពិសេស ធុំ​អា​ក្លិន​ស្អី​នោះ មិន​ដឹង​គេ​ដុត​ស្អី​ទេ ហើយ​ប្អូន​ខ្ញុំ​កើត​រោគ​ហឺត ២-៣​នាក់​ហើយ»

អ្នក​ភូមិ​ជាច្រើន​ទៀត​បាន​ត្អូញត្អែរ​ប្រហាក់​ប្រហែល​គ្នា ដោយ​ថា គេ​មិន​អាច​ទ្រាំទ្រ​បាន​នូវ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ម្យ៉ាង និង​ម្យ៉ាង​ទៀត កម្ទេច​ថ្ម​ដែល​ហុយ​ដូច​ធូលី បាន​ធ្វើ​ឱ្យ​ពួក​គេ​កើត​ជំងឺ​សើ​ស្បែក​ផង​នោះ​ទេ។

យុវជន​ឈ្មោះ ដាឡា ជា​បុគ្គលិក​បម្រើ​ការ​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ជាប់​នឹង​របង​សិប្បកម្ម​នោះ បាន​មាន​ប្រសាសន៍​ថា ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ កម្ទេច​ថ្ម​ដែល​គេ​ខាត់​ចេញ​ពី​រោង​ជាង បាន​ហុយ​ចេញ និង​អណ្ដែត​ទៅ​លើ​អាកាស​ដូច​ជា​ផ្សែង។ កម្ទេច​ថ្ម​នោះ គឺ​បាន​រសាត់​មក​ប៉ះ​កម្រាល​ពួក ភួយ និង​សម្លៀកបំពាក់​ដែល​គាត់​បោក ហើយ​ដាក់​ហាល​ថ្ងៃ​ជា​ប្រចាំ។ យុវជន​ដដែល​បាន​បញ្ជាក់​ថា រូប​គាត់​ធ្លាប់​កើត​ជំងឺ​សើ​ស្បែក​នៅ​ពេល​ដែល​ខោ​អាវ​ដាក់​ហាល​បាន​ប្រឡាក់​កម្ទេច​ថ្ម ហើយ​គាត់​យក​ទៅ​ស្លៀក​ពាក់៖ «ពួក​ខ្ញុំ​ធ្លាប់​មាន​អាការៈ​រមាស់ ឬ​ក៏​អាឡែកស៊ី​ស្បែក ដោយសារ​ល្អង​ធូលី​ដែល​ហុយ​ពី អាទីហ្សង់​អង្គរ ហ្នឹង គឺ​វា​ហុយ​មក​ខ្លាំង​មែន​ទែន។ អ៊ីចឹង​សុំ​ឱ្យ​អាជ្ញាធរ​ដែន​ដី ហើយ​និង​ម្ចាស់​សិប្បកម្ម អាទីហ្សង់​អង្គរ ហ្នឹង​មើល​ហើយ និង​រក​ដំណោះស្រាយ​ណា​មួយ ដើម្បី​បញ្ឈប់​នូវ​ការ​ហុយ​ធូលី​ទាំង​ឡាយ​ដែល​វា​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជិត​ខាង។ ការងារ​ដែល​គាត់​ធ្វើ​ហ្នឹង គឺ​ជា​ពាណិជ្ជកម្ម​របស់​គាត់ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​បរិស្ថាន​ដែល​អ្នក​ជិត​ខាង​រស់​នៅ»

ប្រភព​ពី​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា កម្ទេច​ថ្ម​តែង​ហុយ​ចេញ​ពី​រោង​សិប្បកម្ម អាទីហ្សង់​អង្គរ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ចាប់​ពី​អំឡុង​ម៉ោង​ប្រមាណ ៨​ព្រឹក រហូត​ដល់​ម៉ោង ៥​ល្ងាច នៅ​ពេល​ដែល​គេ​ឮ​ស្នូរ​ម៉ូទ័រ ដែល​ខាត់​ប៉ះ​នឹង​ថ្ម​ម្ដងៗ។

«សំឡេង»

ក្រុម​អ្នក​ភូមិ​អះអាង​ថា គេ​ធ្លាប់​ទៅ​ជជែក​ជាមួយ​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ​ជាច្រើន​លើក​មក​ហើយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ហើយ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ត្រឹម​តែ​សន្យា​ថា នឹង​ដោះស្រាយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មាន​កង្វល់​នៅ​ឡើយ។

ទោះ​យ៉ាង​ណា អ្នក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ បាន​ឆ្លើយ​តប​ថា គេ​បាន​ដឹង​អំពី​កង្វល់​ទាំង​នេះ ក៏ប៉ុន្តែ​គេ​ត្រូវ​ការ​ពេលវេលា​មួយ​រយៈ​ខ្លី ដើម្បី​បញ្ចប់​បញ្ហា​ឱ្យ​បាន។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ អ្នកស្រី ខាតធឺរីន ណុប បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មិន​ដែល​ព្រងើយ​កន្តើយ​អំពី​បញ្ហា​ហុយ​កម្ទេច​ថ្ម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជិត​ខាង​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ក្រុមហ៊ុន​ត្រូវ​ការ​ពេល​យ៉ាង​យូរ​តែ ១​អាទិត្យ​ទៀត​ប៉ុណ្ណោះ ដើម្បី​កសាង​ឧបករណ៍​បំបាត់​ភាព​ហុយ​នេះ៖ «យើង​ដឹង​ណាស់​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គាត់ ពាក់ព័ន្ធ​នឹង​ភ្ញៀវ​យើង ឬ​ក៏​សិប្បករ​យើង គឺ​យើង​មាន​ដាក់​ម៉ាស៊ីន ពេល​ដែល​ខាត់​ហើយ​ស្រូប​ចូល​ទៅ វា​មាន​ទឹក​មួយ​ទៅ​ធ្វើ​ឱ្យ​កម្ទេច​ហ្នឹង​វា​ក្លាយ​ទៅ​ជា​សើម​តែ​ម្ដង។ ប៉ុន្តែ​គ្រាន់​តែ​វា​អត់​គ្រប់គ្រាន់ យើង​កំពុង​តែ​ធ្វើ​ដំបូល​១​ដែល​មាន​ទឹក​ហូរ​ពី​លើ​ដំបូល​មក វា​សាច​តិចៗ កាល​ណា​មាន​អា​ហុយ​ហ្នឹង​ចេញ​មក វា​ទៅ​ប៉ះ​នឹង​អា​ហ្នឹង​វា​ធ្លាក់​អស់។ ឥឡូវ​ហ្នឹង​កំពុង​តែ​ធ្វើ​អា​ហ្នឹង​ឯង នៅ​ក្នុង​រោង​ជាង។ មិន​មែន​អត់​មាន​មធ្យោបាយ​ទេ យើង​ក៏​បាន​គិត​អ្នក​ជិត​ខាង ហើយ​ក៏​បាន​គិត​សុខភាព​អ្នក​ជុំវិញ​ហ្នឹង​ដែរ។ មិន​មែន​យើង​ព្រងើយ​កន្តើយ​ទេ យើង​បាន​គិត​រឿង​អស់​ហ្នឹង»

អ្នក​ឯកទេស​ផ្នែក​សុខភាព​បាន​ផ្ដល់​ដំបូន្មាន​ថា បញ្ហា​ហុយ​កម្ទេច​ថ្ម​នោះ គួរ​តែ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ជៀស​វាង​ការ​ប៉ះពាល់​ធំ​ដុំ​ទៅ​ដល់​សុខភាព​សាធារណៈ។

គ្រូពេទ្យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ញាណ សារិន បាន​មាន​ប្រសាសន៍​ថា កម្ទេច​ថ្ម​ដែល​ហុយ​ចេញ​ដូច​ជា​ធូលី​នោះ នៅ​ពេល​ដែល​វា​រសាត់​ទៅ​ប៉ះ​រាង​កាយ និង​ប្រព័ន្ធ​ដក​ដង្ហើម គឺ​វា​មិន​ត្រឹម​តែ​បណ្ដាល​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ ឬ​ក៏​ជំងឺ​សើ​ស្បែក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្កើត​ឱ្យ​មាន​ជំងឺ​ធ្ងន់ៗ​ពាក់ព័ន្ធ​នឹង​សួត​ទៀត​ផង៖ «ធូលី​ថ្ម​អាច​ប៉ះពាល់​ដល់​សួត វា​ធ្វើ​ឱ្យ​របេង​សួត រលាក​សួត ធ្វើ​ឱ្យ​សួត​ក្រិន ហើយ​និង​កើត​ជំងឺ​ហឺត»

ចៅ​សង្កាត់​ស្វាយដង្គំ លោក ហង់ ហឿម បាន​មាន​ប្រសាសន៍​ថា កាល​ពី ២-៣​ឆ្នាំ​មុន សាលា​ក្រុង​សៀមរាប ធ្លាប់​បាន​ចុះ​ដោះស្រាយ ដើម្បី​បញ្ឈប់​រឿង​ហុយ​កម្ទេច​ថ្ម​នោះ​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា រឿង​ហុយ​កម្ទេច​ថ្ម​នោះ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ទេ។ លោក​ចៅ​សង្កាត់​បាន​សន្យា​ថា​នឹង​បញ្ជូន​មន្ត្រី​ឱ្យ​ចុះ​ពិនិត្យ​មើល​សាជាថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល