ក្រុម​គ្រូពេទ្យ​មនុស្ស​ធម៌​មូលនិធិ​កោះ​តៃវ៉ាន់​រង​ការ​រិះគន់​ថា​រើសអើង​ការ​ព្យាបាល​អ្នក​ជំងឺ

ក្រុម​គ្រូពេទ្យ​មនុស្ស​ធម៌ មូលនិធិ​កោះ​តៃវ៉ាន់ មួយ រង​ការ​រិះគន់​ថា មាន​ការ​រើសអើង​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ និង​ការ​ចែក​អំណោយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ មូលហេតុ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រកាន់​និន្នាការ​បក្ស​នយោបាយ។ ប៉ុន្តែ មន្ត្រី​មូលដ្ឋាន​អះអាង​ថា ការ​មិន​ទទួល​បាន​សេវា​ព្យាបាល​គ្រប់​មនុស្ស ដោយសារ​តែ​មនុស្ស​ដែល​ទៅ​រក​សេវា​ព្យាបាល​នោះ​មាន​ចំនួន​ច្រើន​ពេក។
ដោយ សួន សុផលមុន្នី
2013-08-13
Share

គ្រូពេទ្យ​មនុស្ស​ធម៌​មួយ​ក្រុម ដែល​មាន​ឈ្មោះ​ថា មូលនិធិ​ក្រុម​ពេទ្យ​សប្បុរស​ប៉ាយ​សួយ ឡាវ​យិន តៃវ៉ាន់ បាន​ចុះ​ទៅ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ប៉ុន្តែ​សកម្មភាព​មនុស្ស​ធម៌​នោះ បែរ​ជា​រង​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​វិញ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​រើសអើង និង​ប្រកាន់​និន្នាការ​បក្ស​នយោបាយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រុក្ខគិរី លោក សែន ពិរោះ ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា មូលនិធិ​កោះ​តៃវ៉ាន់ នេះ បាន​ចុះ​ទៅ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ការ​ព្យាបាល​នោះ គឺ​ជា​ក្រុម​មនុស្ស​ដែល​អាជ្ញាធរ​ភូមិ​ឃុំ​ជា​អ្នក​ចុះ​ស្រង់​ឈ្មោះ។ ចំណែក​អ្នក​ភូមិ​ដែល​គេ​ដឹង​ថា បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ ពុំ​ទទួល​បាន​ការ​ព្យាបាល ឬ​ទទួល​បាន​អំណោយ​នោះ​ឡើយ៖ «ការ​ព្យាបាល​ពី​ម្សិល​មិញ​ហ្នឹង អត់​បាន​ដែល​ចំ​ទិស​ដៅ​ភាគ​ច្រើន​បាន​ទៅ​លើ​ក្រុម​គ្រួសារ​របស់​បក្ខពួក​មេ​ភូមិ​មេ​ឃុំ គេ​ថា បក្ស​គេ​ជា​អ្នក​ចុះ​ព្យាបាល​អ៊ីចឹង អ្នក​ដែល​មាន​និន្នាការ​លម្អៀង​មក​បក្ស​ប្រឆាំង គាត់​អត់​បាន​ទទួល​សេវា​ទាំងអស់​ហ្នឹង​ទេ»

សែន ពិរោះ មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​រើសអើង ដោយសារ​តែ​ជំនួយ​នោះ​លោក​គិត​ថា ជា​ជំនួយ​សប្បុរស​ធម៌​មាន​គេ​ឧបត្ថម្ភ​មក ក្នុង​ទិសដៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​ជំងឺ ហើយ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល។

ប្រជាពលរដ្ឋ​ឈ្មោះ សន ចំរើន រស់​នៅ​ភូមិ​អូររំចេក ឃុំ​បាសាក់ ស្រុក​រុក្ខគិរី ថ្លែង​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ក្នុង​ភូមិ បាន​នាំ​គ្នា​ទៅ​រក​សេវា​ព្យាបាល​ពី​មូលនិធិ​កោះ​តៃវ៉ាន់ ប៉ុន្តែ​ពុំ​ត្រូវ​គេ​ជួយ​ព្យាបាល​នោះ​ឡើយ៖ «ដូច​ថា​គេ​ហៅ​មក គេ​មក​យក​របប​អី​អ៊ីចឹង របប​លិច​ទឹក ឬ​របប​បាន​តែ​ចំពោះ​អ្នក​មាន​ផ្ទះ​ថ្ម អ្នក​មាន​គោយន្ត ចំពោះ​ក្រ​អត់»

អ្នក​ភូមិ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ឈ្មោះ ឃុត សំអាត បន្ថែម​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូលនិធិ​កោះ​តៃវ៉ាន់ នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ជា​ពេទ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​ហើយ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ពុំ​ទទួល​បាន​ការ​ព្យាបាល ឬ​ទទួល​អំណោយ​សប្បុរស​ធម៌​នោះ​ឡើយ៖ «គេ​ដឹក​មក​ចែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ជីក​ហ្នឹង ក៏ប៉ុន្តែ​ការ​ចែក​ប្រជាពលរដ្ឋ​ហ្នឹង វា​អត់​ទូទៅ មើល​ទៅ​ឃើញ​បាន​តែ​បក្ស​កាន់​អំណាច ប្រពន្ធ​ប្រធាន​ភូមិ កូន​ចៅ​គេ​ហ្នឹង គេ​បាន​ទាំងអស់ ដល់​ប្រជាពលរដ្ឋ​ខ្លះ​ក្រីក្រ​ពិត​ប្រាកដ អត់​បាន ចាស់​ជរា​អត់​បាន»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ ថ្លែង​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក​ភូមិ។ នៅ​មុន​ក្រុម​ពេទ្យ​មនុស្ស​ធម៌​មូលនិធិ​កោះ​តៃវ៉ាន់ ចុះ​ទៅ​ព្យាបាល​នោះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​ចែក​ប័ណ្ណ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​មាន​ជំងឺ ប៉ុន្តែ​មិន​អាច​មាន​គ្រប់​ចំនួន​ទាំងអស់​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បាន​សុំ​ឲ្យ​មូលនិធិ​នោះ​ធ្វើ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជា​ទូទៅ៖ «ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​គេ​បញ្ចប់​នោះ​ក៏​នៅ​សល់​ប្រជាពលរដ្ឋ​ដែល​នៅ​ចាំ​ហ្នឹង ២០ ទៅ ៣០​នាក់ គេ​ថា ដល់​ម៉ោង​ហើយ។ អ្នក​ខ្លះ​មក​យឺត​ជាង​គេ អ្នក​ខ្លះ​គាត់​ថា ប័ណ្ណ​បាន​ដែរ ប៉ុន្តែ​គាត់​បាត់»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា បើ​គេ​ពិនិត្យ​ទៅ​លើ​ពាក្យ​មនុស្ស​ធម៌ គឺ​សំដៅ​ទៅ​លើ​ការ​ជួយ​គ្រប់​មនុស្ស​ទាំងអស់​ដែល​មាន​បញ្ហា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ។ បើ​សិន​ជា​ក្រុម​គ្រូពេទ្យ​នោះ​មាន​ឈ្មោះ​ជា​អង្គការ សមាគម ឬ​ក៏​ជា​ជំនួយ​មនុស្ស​ធម៌ ហើយ​គេ​យក​ទៅ​ជួយ ដោយ​រើសអើង​ទៅ​លើ​និន្នាការ​នយោបាយ​ជំនួយ​នោះ ពុំ​មែន​ជា​សកម្មភាព​មនុស្ស​ធម៌​ទៀត​ទេ៖ «អ៊ីចឹង ការ​ប្រើ​ពាក្យ​មនុស្ស​ធម៌​នេះ​ក្រោម​លេស ឬ​ក៏​ក្រោម​ផ្លាក​មួយ​លាក់​បំពួន​សកម្មភាព​ដ៏​អាក្រក់ ឬ​ក៏​សកម្មភាព​មិន​ល្អ​របស់​ខ្លួន​ទៅ​វិញ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​ជំនួយ​មនុស្ស​ធម៌​ដទៃ​ទៀត ធ្វើ​ឲ្យ​អ្នក​ដែល​គេ​ចង់​ជួយ​ដល់ គេ​មាន​ការ​អល់អែក ដោយសារ​តែ​យើង​យក​ពាក្យ​មនុស្ស​ធម៌ ផ្លាក​មនុស្ស​ធម៌​នេះ មក​ប្រើប្រាស់​វា​ខុស»

កាល​ពី​ថ្ងៃ​ទី១២ សីហា ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ដែល​បាន​ចូល​ទៅ​ព្យាបាល​មាន​ចំនួន ១.៣៧៦​នាក់។ មូលនិធិ​ក្រុម​ពេទ្យ​សប្បុរស ប៉ាយ​សួយ ឡាវ​យិន តៃវ៉ាន់ មាន​សមាជិក ៣៥០​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​ចិន ជនជាតិ​ថៃ ជនជាតិ​ម៉ាឡេស៊ី មាន​ខ្មែរ និង​កូន​សិស្ស​រៀន​ភាសា​ចិន នៅ​ភ្នំពេញ មក​ជួយ​បកប្រែ​ចំនួន ៥០​នាក់​ផ្សេង​ទៀត។ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ពួក​គេ​បន្ត​ចុះ​ទៅ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ។

ទន្ទឹម​គ្នា​នេះ លោក យិន ម៉េងលី បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​មនុស្ស​ធម៌​នេះ​គួរ​គោរព​តាម​បទ​បញ្ជា និង​លក្ខន្តិកៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឈរ​លើ​គោលការណ៍​មនុស្ស​ធម៌ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សប្បុរសជន​ដែល​ជា​ម្ចាស់​ជំនួយ​នោះ កុំ​ឲ្យ​ពួក​គេ​មាន​ការ​ខក​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល