ម​ន្រ្តី​សុខាភិបាល​​ថា​​ មេរោគ​​បំប្លែង​​ថ្មី​ ​កាច​​សាហាវ​និង​​ឆ្លង​​លឿន​ ​តែ​អាច​​បង្ការ​​បាន​

ដោយ មួង ណារ៉េត
2021-08-04
Share
ម​ន្រ្តី​សុខាភិបាល​​ថា​​ មេរោគ​​បំប្លែង​​ថ្មី​ ​កាច​​សាហាវ​និង​​ឆ្លង​​លឿន​ ​តែ​អាច​​បង្ការ​​បាន​ ម​ន្រ្តី​សុខាភិបាល​​ថា​​ មេរោគ​​បំប្លែង​​ថ្មី​ ​កាច​​សាហាវ​និង​​ឆ្លង​​លឿន​ ​តែ​អាច​​បង្ការ​​បាន​។
រូប៖ RFA

ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូវីដ​-​១៩​ ​កាន់តែ​វិវឌ្ឍ​ឥតឈប់ឈរ​នៅ​លើ​ពិភពលោក​ ​ជាពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ ឌែលតា​ (​Delta​) ​ដែល​កំពុង​ឆ្លង​ក្នុង​សហគមន៍​ ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​។​ ​មន្រ្តី​សុខាភិបាល​ ​ព្រមាន​ថា ​មេរោគ​បំប្លែង​ថ្មី​នេះ​ឆ្លង​លឿន​និង​សម្លាប់​មនុស្សជា​ច្រើន​ ​ប៉ុន្តែ​អាច​បង្ការ​បាន​។

មន្រ្តី​សុខាភិបាល​កម្ពុជា​ ​ថា​មេរោគ​បំប្លែង​ថ្មី​ ​នៃ​ជំងឺ​កូវីដ-​១៩ ​ឈ្មោះ​ឌែលតា​ (Delta) ​នេះ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ​ដូចជា​មេរោគ​នៃ​ជំងឺ​កូវីដ-​១៩​ ​ទូទៅ​ ​និង​មេរោគ​​បំប្លែង​​ថ្មី​ដទៃទៀត​ដែរ​ ​គឺ​ឆ្លង​ក្នុង​របៀប​តែមួយ​​តាមផ្លូវ​ដង្ហើម​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី​ ​ឱ​ ​វណ្ណឌីន​ ​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​​៣​ ​ខែ​​សីហា​ ​អំពី​បញ្ហា​នេះ​​ថា ​មេរោគ​បំប្លែង​ថ្មី​នេះ​ ​ឆ្លងតាម​រយៈ​ការដកដង្ហើម​ដោយ​ភាគ​ល្អិត​នៃ​ទឹកមាត់​របស់​អ្នកជំងឺ​កូវីដ-​១៩  ​ដែល​អណ្ដែតត្រសែត​ក្នុង​បន្ទប់​បិទ​ជិត​ ​ដែល​ខ្វះ​ខ្យល់​ចេញចូល​៖ «នៅពេលដែល​គាត់​និយាយ​ចេញ​មក​ ​គឺ​តំណក់ទឹក​មាត់​តូចៗ​ខ្ទាតចេញ​មក​។​ ​តំណក់ទឹក​មាត់​ដែល​រាង​ធំ​ៗ​ ​ធ្លាក់​ទៅ​ក្រោម​។​ ​ប៉ុន្តែ​ ​ដំណក់ទឹក​មាត់​តូច​ៗ​មែនទែន​ ​ដែល​យើង​មើល​អត់​ឃើញ​ ​អាច​នៅ​ក្នុង​​លំហ​មួយ​រយៈ​។​ ​អាហ្នឹង​វា​នៅ​វិលវល់​នៅក្នុងបន្ទប់​។​ ​យើង​ដើរចូល​ទៅ​ ​យើង​អត់​ពាក់​ម៉ាស់​ទៀត​ ​យើង​ដកដង្ហើម​ទៅ​ ​មានន័យ​ថា​ យើង​ស្រូប​យក​អា​ហ្នឹងហើយ​។​ តំណក់ទឹក​មាត់​ដែល​ធ្ងន់​ ​រាង​ធំ​ធ្លាក់​ទៅលើ​ផ្ទៃ​ខាងក្រោម​នេះ​ ​ក៏​ដូចគ្នា​ដែរ​។​ ​បើ​យើង​ចូល​មក​ ​អ្នកនោះ​ចេញទៅ​ ​យើង​ចូល​មក​ ​យើង​អត់​បាន​សម្អាត​ផ្ទៃ​ហ្នឹង​ទេ​ ​យើង​ទៅ​ប៉ះពាល់​ផ្ទៃ​ហ្នឹង​ ​មានន័យ​ថា ​យើង​ទៅ​ប៉ះ​មេរោគ​ហ្នឹងហើយ​»។​

អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ចាត់​ទុក​មេរោគ​បំប្លែង​ថ្មី​ ​ឈ្មោះ​ឌែលតា​ (Delta) ​ដែល​រក​ឃើញ​នៅ​ប្រទេស​ឥណ្ឌា​នេះ​ ​ថា​ឆ្លង​រហ័ស​ជាង​មេរោគ​បំប្លែង​ថ្មី​ឈ្មោះ​ ​អាល់ហ្វា​ (​Alpha​ ​នៅ​អង់គ្លេស​) ​ពី​ ​៤០​ ​ទៅ​ ​៦០​ ​ដង​ឯណោះ​។​ ​ជាង​នេះ​ទៅទៀត​ ​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-​១៩​ ​មួយ​ចំនួន​ ​មិនទាន់​អាច​ការពារ​មេរោគ​នេះ​ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទាំងស្រុង​បាន​នៅឡើយ​ទេ​។​

មេរោគ​នេះ​បាន​ចម្លង​ទៅ​ពលរដ្ឋ​ជាង​ ​៦០​ ​ប្រទេស​នៅ​លើ​ពិភពលោក​។​ ​ថ្មីៗ​នេះ​ ​នៅ​សហរដ្ឋអាមេរិក​ ​៨០% ​នៃ​អ្នកជំងឺជំងឺ​កូវីដ-​១៩ ​គឺ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ ឌែលតា​នេះ​។​

អង្គការសង្គម​អាមេរិក​សម្រាប់​មីក្រូ​ជីវសាស្រ្ត​រក​ឃើញ​ថា​ ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ ឌែលតា​ ​មិន​មាន​រោគសញ្ញា​អ្វី​ ​ប្លែក​ជាង​អ្នក​ឆ្លង​ជំងឺ​កូវីដ-​១​៩​ទូទៅ​ ​និង​មេរោគ​បំប្លែង​ថ្មី​ផ្សេងទៀត​នោះ​ទេ​ ​គឺ​អ្នកជំងឺ​មាន​អា​ការៈ​ក្តៅខ្លួន​ ​ឈឺក្បាល​ ​ឈឺ​បំពង់ក​ ​និង​ក្អក​ជាដើម​។​ ​ប៉ុន្តែ​ភាព​សាហាវ​នៃ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​ ​ដែល​បំផ្លាញ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នកជំងឺ​ ​នឹង​ធ្វើឲ្យ​ឈាមកក​ ​ធ្វើឲ្យ​អ្នកជំងឺ​ឈឺធ្ងន់​ ​និង​ស្លាប់​ដោយ​ងាយ​។​

អ្នកស្រី​ ​ឱ​ ​វណ្ណឌីន​ ​ថា​ភាព​សាហាវ​របស់​មេរោគ​នេះ​ ​គឺ​ល្បឿន​នៃ​ការ​វាយលុក​ផ្លូវ​ដង្ហើម​របស់​អ្នកជំងឺ​ ​និង​ឥទ្ធិពល​ក្នុង​ការ​ធ្វើជាតិស្លេស​ ​ក្លាយ​ជា​កក​ខាប់​ស្អិត​បិទ​រន្ធ​សួត៖ «ប្រភេទ​នៃ​វីរុស​ឌែលតា​នេះ​ ​ពេល​ចូល​ទៅ​ ​គឺ​កំហាប់​របស់​វា​ខាប់​ជាង​ប្រភេទ​ផ្សេងទៀត​។​ ​ពេល​ដែល​វីរុស​ហ្នឹង​ធ្វើ​ប្រតិកម្ម​ ​វា​បញ្ចេញ​ឥទ្ធិពល​របស់​វា​ ​វា​ធ្វើឲ្យ​ទឹករំអិល​នៅ​ក្នុង​សរីរាង្គ​យើង​ ​ដែល​មាន​ជា​ធម្មជាតិ​ ​ទៅជា​ខាប់​ ​ស្អិត​ដូចជា​ជ័រកាវ​។​ ​វា​ទៅ​បិទ​លើ​រន្ធ​នោះ​ទាំងអស់​។​ ​ដូច្នេះ​យើង​ត្រដរ​ខ្យល់​ ​ព្រោះ​ដកដង្ហើម​អត់​រួច​។​ ​វា​អត់មាន​អ្វី​ដែល​ត្រូវ​ដកដង្ហើម​កើត​។​ ​កន្លែង​ហ្នឹងឯង​ ​ដែល​ជា​មូលហេតុ​ ​ធ្វើឲ្យ​អ្នកជំងឺ​វិវត្ត​ទៅ​រក​សេចក្ដី​ស្លាប់​លឿន​ណាស់​»។

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​មន្រ្តី​ជំនាញ​ផ្នែក​វេជ្ជ​សាស្រ្ត​នៃ​អង្គការសុខភាព​ពិភពលោក​ ​ថា​ប្រជាពលរដ្ឋ​ទូទៅ​ ​នៅតែ​អាច​ការពារ​ខ្លួន​ពី​មេរោគ​បំប្លែង​ថ្មី​ ឌែលតា​ ​ដ៏​កាច​សាហាវ​នេះ​បាន​។​

អ្នកជំនាញ​ផ្នែក​ជំងឺរាតត្បាត​នៃ​អង្គការសុខភាព​ពិភពលោក​អ្នកស្រី​វេជ្ជបណ្ឌិត​ ​ម៉ារៀរ​ ​វ៉ាន់​ ឃើខូវ​ (​Maria​ ​Van​ Kerkhove) ​បានណែនាំ​របៀប​បង្ការ​ជំងឺ​នេះ​ ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​នេះ​ថា ​មាន​មធ្យោបាយ​ច្រើនយ៉ាង​ ​ដែល​ពលរដ្ឋ​គ្រប់រូប​ ​អាច​ការពារ​ខ្លួន​ ​និង​ក្រុម​គ្រួសារ​ ​កុំឲ្យ​ឆ្លង​មេរោគ​នេះ​ ​និង​មេរោគ​បំប្លែង​ថ្មី​ដទៃទៀត​បាន៖ «វិធានការ​បង្ការ​ ​មាន​ដូចជា​ ​ទី​១​ ​គឺ​ត្រូវ​លាង​សម្អាតដៃ​ឲ្យ​ស្អាត​ ​និង​ពាក់​ម៉ាស់​ជាប់​ជានិច្ច​ ​ហើយ​ម៉ាស់​នោះ​ត្រូវ​បាំង​ជិត​ច្រមុះ​និង​មាត់​ ​និង​ពេល​ពាក់​ម៉ាស់​ ​និង​ដោះ​ម៉ាស់​ទៀតសោត​ ​ត្រូវតែ​លាងដៃ​ឲ្យ​ស្អាត​សិន​។​ ​ទី​២​ ​ជៀសឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​មនុស្ស​ច្រើន​កកកុញ​ ​និង​បន្ទប់​បិទ​ជិត​ ​ដែល​គ្មាន​ខ្យល់​ចេញចូល​។​ ​បើ​នៅក្នុងបន្ទប់​ ​ត្រូវ​បើកបង្អួច​ឲ្យ​មាន​ខ្យល់​ចេញចូល​ល្អ​។​ ​បើ​ធ្វើ​ដូច្នេះ​បាន​ ​នោះ​អ្នក​នឹង​អាច​កាត់បន្ថយ​លទ្ធភាព​ប៉ះពាល់​ ​និង​ការ​ឆ្លង​ជំងឺ​នេះ»។​

រហូត​មកដល់ពេលនេះ​ ​មេរោគ​បំប្លែង​ថ្មី​ ឌែលតា​ ​នេះ​បាន​ឆ្លង​ក្នុង​សហគមន៍​ ​ស្ទើរ​ពេញប្រទេស​កម្ពុជា​ទៅ​ហើយ​។​ ​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​នេះ​ ​មាន​ជាប្រចាំ​រាល់ថ្ងៃ​។​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​​សីហា​ ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បំប្លែង​ថ្មី​នេះ​ ​ចំនួន​ ​៣​៦​ ​ករណី​ ​នៅ​ខេត្ត​ក្រុង​ចំនួន​ ​៤​ ​រួម​ទាំង​ក្រុងភ្នំពេញ​ផង​។​ ​អ្នក​ឆ្លង​ ​៨​នាក់​ ​ជា​បុគ្គលិក​សុខាភិបាល​។​

មេរោគកូវីដ-​១៩​ ​បំប្លែង​ថ្មី​នេះ​ ​កំពុង​រាលដាល​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​ ​បើ​តាម​ការ​អះអាង​របស់​​​ក្រសួងសុខាភិបាល​ ​គិត​ចាប់ពី​ថ្ងៃ​ទី​​៣១​ ​ខែ​​មីនា​ ​រហូតដល់​ថ្ងៃ​ទី​​៣​ ​ខែ​​សីហា​ ​កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​-​១​៩​ ​បំប្លែង​ថ្មី​ប្រភេទ​ «​ឌែលតា​» ​សរុប​ ​២៦០​នាក់​ ​ភាគច្រើន​ជា​ពលករ​ត្រឡប់​ពី​ថៃ​ ​អ្នក​ធ្វើដំណើរ​តាមយន្តហោះ​ ​បុគ្គលិក​សុខាភិបាល​ ​និង​អ្នកភូមិ​ក្នុង​សហគមន៍​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល