កម្មកររោងចក្រដេរស្បែកជើងជិត៥០នាក់នៅខេត្តកំពង់ចាមដួលសន្លប់
2018.07.12
កម្មករកម្មការិនីចំនួន ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ បានដួលសន្លប់ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដានេះ នៅក្នុងរោងចក្រ ដេរស្បែកជើង ជូហួយ ក្នុងខេត្តកំពង់ចាម។
អ្នកសម្របសម្រួលអង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ ថាសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ បានប្រាប់អាស៊ីសេរី មុនការផ្សាយនេះបន្តិចថា ក្រុមការងារលោក នឹងចុះទៅស៊ើបអង្កេតពីមូលហេតុនៃករណីដួលសន្លប់នេះ នៅថ្ងៃសុក្រស្អែកនេះ។ លោកថា នេះជាករណីដួលសន្លប់លើកទី២ហើយក្នុងរោងចក្រនេះ។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្ដីថា លោកនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យកម្មករទាំងនោះ ដួលសន្លប់នៅឡើយទេ ប៉ុន្តែលោកបានចាត់ឲ្យ កម្លាំងសមត្ថកិច្ច មន្ត្រីមន្ទីរសុខាភិបាល មន្ទីរការងារ និងបរិស្ថាន ចុះទៅស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់កម្មករទាំងនោះ។ លោក គួច ចំរើន បន្តថា ជនរងគ្រោះទាំងនោះ ត្រូវបានបញ្ជូនទៅ សង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត។
កាលពីថ្ងៃទី ៩ និងទី១០ ខែកក្កដា កម្មករកម្មការិនី ជាង ៧០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរោងចក្រផលិតស្បែកជើង ឈ្មោះប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) ក្នុងខេត្តតាកែវ។សមត្ថកិច្ចនៅមិនទាន់ស៊ើបអង្កេតពីមូលហេតុនៃការដួលសន្លប់កម្មកររាប់រយនាក់ទាំងនោះ នៅឡើយទេ។ ប៉ុន្តែមន្ត្រីសហជីពថា បើតាមការសាកសួរផ្ទាល់របស់កម្មការិនី ដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឲ្យដឹងថា ពួកគាត់មិនដឹងមូលហេតុអ្វីទេ ប៉ុន្តែនៅពេលកំពុងធ្វើការ គឺម្នាក់ៗ ធំក្លិនយ៉ាងខ្លាំង និងសីតុណ្ហភាពក្ដៅខ្លាំងក្នុងរោងចក្រ បណ្ដាលឲ្យពួកគាត់ អស់កម្លាំង វិលមុខ ស្លេកស្លាំង ហើយដួល សន្លប់តែម្ដង។
អង្គការសង់ត្រាល់ (Central ) កាលពីថ្ងៃពុធ ទី១១ខែកក្កដា ក៏បានអំពាវនាវឲ្យក្រសួងការងារ ស្ថាប័នពាក់ព័ន្ធ រួមមានម្ចាស់រោងចក្រ និងក្រុមហ៊ុនបញ្ជាទិញឥវ៉ាន់ ស៊ើបអង្កេត ករណីកម្មកររោងចក្រ ផលិតស្បែកជើងប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) នេះជាបន្ទាន់ ដើម្បីឲ្យការពារសុខុមាលភាពរបស់កម្មករ៕