កម្ពុជា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ថ្ងៃ​១ ធ្នូ

មេរោគ​អេដស៍​ជា​ក្តី​កង្វល់​នៅ​លើ​ពិភពលោក។ នៅ​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ថ្ងៃ​១ ធ្នូ ប្រទេស​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​នៅ​ភ្នំពេញ និង​ការ​រៀបចំ​ឲ្យ​ក្រុម​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ចំនួន ២០០​នាក់ ចូល​រួម​រត់​ប្រណាំង​អន្តរជាតិ​ ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត ខេត្ត​សៀមរាប។
ដោយ អ៊ុក សាវបូរី
2013-12-01
Share

ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​ជំងឺ​អេដស៍​ឆ្នាំ​២០១៣​នេះ ប្រទេស​កម្ពុជា ប្ដេជ្ញា​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ដល់​លេខ​សូន្យ​នៅ​រយៈពេល ៥​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០ ខាង​មុខ។ ការ​ប្ដេជ្ញា​នោះ​រួម​មាន ទី​១ គ្មាន​ការ​រើសអើង ទី​២ គ្មាន​ការ​ឆ្លង​ថ្មី ទី​៣ គ្មាន​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍។

នាយក​រង​អង្គការ​ខាណា (KHANA) លោក​ ជួប សុខចំរើន មាន​ប្រសាសន៍​ថា អត្រា​ឆ្លង​មេរោគ​អេដស៍ អាច​នឹង​ថយ​ចុះ​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០១៥ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ទិស​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ អង្គការ​សហប្រជាជាតិ។ លោក​ថា ប្រទេស​កម្ពុជា បាន​សម្រេច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​មុន​គេ នៅ​លើ​ពិភពលោក ពី​អត្រា​ចម្លង ១.៧% នៅ​ឆ្នាំ​១៩៩៨ មក​នៅ​ត្រឹម ០.៧% នៅ​ឆ្នាំ​២០១២ និង​អត្រា​ចម្លង​មេរោគ​អេដស៍ ធ្លាក់​ចុះ​ដល់ ០.៦% ក្នុង​ឆ្នាំ​២០១៣។ ការ​ប្ដេជ្ញា​ចុង​ក្រោយ​នឹង​សម្រេច​គោលដៅ​ឲ្យ​បាន​ដល់​ទៅ​សូន្យ ៣ បែប គឺ​គ្មាន​ការ​រើសអើង គ្មាន​ការ​ឆ្លង​ថ្មី គ្មាន​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍។

លោក​ ជួប សុខចំរើន៖ «ដូច្នេះ​ពី​ពេល​នេះ​ទៅ​ដល់ ២០១៥ នៅ​ខ្លី ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​លុះ​ត្រា​តែ​យើង​ដូរ​យុទ្ធសាស្ត្រ យើង​នាំ​គ្នា​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​មុន ហើយ​យើង​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ​មេរោគ​អេដស៍»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (HACC) លោក ទឹម វរ៉ា ឲ្យ​ដឹង​ថា យុវជន​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​សាកល្បង​ស្នេហា ពិសេស​អនីតិជន​ជា​សិស្ស​សាលា និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ជា​មុខ​សញ្ញា​ប្រឈម​ក្នុង​ការ​ចម្លង​មេរោគ​អេដស៍។ បច្ចុប្បន្ន​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ឬ​ហៅ​ថា ថ្នាំ​ពន្យារ​អាយុ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​បរទេស។

លោក​ថា ម្ចាស់​ជំនួយ​ដ៏​ច្រើន​បាន​កាត់​បន្ថយ​ថវិកា និង​ខ្លះ​ទៀត កាត់​ថវិកា​ទាំង​ស្រុង​ក្នុង​ការងារ​អេដស៍ ដោយសារ​ប្រទេស​កម្ពុជា កាត់​បន្ថយ​អត្រា​ចម្លង​មេរោគ​អេដស៍​ពី ១.៧% មក​នៅ ០.៦% ឆ្នាំ​២០១៣។ ទន្ទឹម​នោះ រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​បង្កើន​ថវិកា​ជាតិ​សម្រាប់​ជួយ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ឲ្យ​បាន​លើស​ពី ១៣ ទៅ ១៤% ដែរ។ នេះ​ជា​ក្តី​បារម្ភ​អំពី​ការ​អប់រំ​មនុស្ស​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ការ​ចម្លង​មេរោគ​អេដស៍ ដើម្បី​បន្ថយ​ការ​ចម្លង​ឲ្យ​ដល់​លេខ​សូន្យ​នៅ​ឆ្នាំ​២០១៥ ទៅ​ឆ្នាំ​២០២០ តាម​ការ​ប្ដេជ្ញា​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ។

លោក ទឹម វរ៉ា៖ «សង្ស័យ​ថា ខ្លួន​ឯង​នេះ​មាន​ផ្ទុក​មេរោគ​អេដស៍ សូម​ឲ្យ​មក​ធ្វើ​តេស្ត​ឈាម​ឲ្យ​បាន​គ្រប់​គ្នា នៅ​ពេល​ដែល​យើង​មក​ធ្វើ​តេស្ត​ឈាម។ បើ​សិន​ជា​យើង​មិន​មាន​ការ​ឆ្លង​ទេ  យើង​នៅ​តែ​បង្ការ​ខ្ពស់ កុំ​ឲ្យ​ឆ្លង ហើយ​បើ​សិន​ជា​យើង​ឆ្លង ធ្វើ​ម៉េច​រត់​រក​សេវា​ព្យាបាល​មេរោគ​អេដស៍​ហ្នឹង​ឲ្យ​បាន​រស​រាន់។ បើ​សិន​ជា​យើង​ព្យាបាល​ឲ្យ​បាន​រួសរាន់​ទៅ ស្ថានភាព​របស់​យើង​នឹង​កាន់​តែ​ប្រសើរ មិន​ទ្រុឌទ្រោម»

របាយការណ៍​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​នៅ​ឆ្នាំ​២០១៣ គឺ​ប្រទេស​កម្ពុជា មាន​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ជាង ៧​ម៉ឺន​នាក់។ ក្នុង​នោះ​មាន​ស្ត្រី​ជាង ៣​ម៉ឺន​នាក់។ កុមារ​ពី​ចាប់​កើត​ទៅ​ដល់​អាយុ ១៤​ឆ្នាំ មាន​ជាង ៦​ពាន់​នាក់ ក្នុង​នោះ​កុមារី​ជាង ៣​ពាន់​នាក់។

ក្នុង​ចំណោម​អ្នក​កើត​អេដស៍ និង​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​មាន ៨០% បាន​ទទួល​ឱសថ​ព្យាបាល​មេរោគ​អេដស៍ និង​ការ​ថែទាំ​បន្ត។ ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​នៅ​ខ្ពស់​ប្រមាណ​ជា ១១% នៅ​ឆ្នាំ​២០១០។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​បាន​ទទួល​សេវា​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​នៅ​មាន​កម្រិត។

អង្គការ​សង្គម​ស៊ីវិល​បំពេញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រទេស​កម្ពុជា ពិភាក្សា​ឲ្យ​បាន​ខ្លាំងក្លា​ ដើម្បី​បង្កើន​យន្តការ​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ចំណាក​ស្រុក​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ឱសថ​ប្រឆាំង​មេរោគ​អេដស៍។ ​អង្គការ​ទាំង​នោះ ក៏​បាន​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​វិភាគទាន​ថវិកា​ឲ្យ​បាន ២០% សម្រាប់​ការងារ​អេដស៍ និង​ជំរុញ​ឲ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍ​ភូមិ ឃុំ សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល