ប្រធាន​សភា​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​លាវ និង​វៀតណាម​ពី​ថ្ងៃ​៩​-១៩​មករា

ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​វេទិកា​សភា​អាស៊ី​-ប៉ាស៊ីហ្វិក​លើក​ទី​១៧ នៅ​ប្រទេស​លាវ ហើយ​ក៏​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​លាវ​និង​យៀកណាម​ចាប់​ពី​ថ្ងៃ​ទី​៩ មករា រហូត​ដល់​ថ្ងៃ​ទី​១៩ មករា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ខ្មែរ កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-ប៉ាស៊ីហ្វិក​លើក​ទី​១៧ នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​ទាក់ទង​នឹង​សន្តិភាព​-ស្ថិរភាព​ក្នុង​តំបន់ អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ស្ថិរភាព​ទេសចរណ៍ សន្តិសុខ​ស្បៀ​-ថាមពល សមធម៌​យេនឌ័រ និង​ការងារ​អនាគត​របស់​សភា​អាស៊ី​-ប៉ាស៊ីហ្វិក។

ក្នុង​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​លាវ​និង​យៀកណាម លោក ហេង សំរិន នឹង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​បក្ស​-រណសិរ្ស ប្រធាន​រដ្ឋ ប្រធាន​សភា និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ៕