ខ្មែរ​ក្រោម​ទទូច​ឲ្យ​កម្ពុជា​ស្នើ​​វៀតណាម​ឲ្យ​បើក​សាលាបង្រៀន​អក្សរ​ខ្មែរ​ដល់​ជនជាតិ​ដើម

ដោយ មាន ឫទ្ធិ
2018.01.29
សឺន ជុំជួន ៦២០ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Chuop Sereyroth

សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​នោះ បាន​រៀន​សូត្រ​អក្សរសាស្ត្រ ភាសា​ដើមកំណើត​របស់​ខ្លួន។ សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​រដ្ឋ​របស់​កម្ពុជា បង្កើត​ដេប៉ាតឺម៉ង់​បង្រៀន​ភាសា​វៀតណាម​នៅ​កម្ពុជា។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បង្ហាញ​ជំហរ​មិន​យល់​ទាស់ ចំពោះ​សំណើ​របស់​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ចង់​ឲ្យ​បង្កើត​ដេប៉ាតឺម៉ង់​មួយ សម្រាប់​សិក្សា​ភាសា​វៀតណាម​នៅ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ របស់​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គិតគូរ​ក្នុង​ការ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​វៀតណាម បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ក្នុង​ប្រទេស​វៀតណាម អាច​សិក្សា​ពី​ភូមិសាស្ត្រ អក្សរសាស្ត្រ ដើមកំណើត​ខ្មែរ​ផង។ «»

តំណាង​បក្ស​កុម្មុយនិស្ត​វៀតណាម​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ មករា បាន​ស្នើសុំ​កម្ពុជា​បើក​ឱ្យ​មាន​ដេប៉ាតឺម៉ង់ ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ជំនួប​នេះ លើកឡើង​នៅ​ពេល​សមាជិក​គណៈកម្មការ​កណ្ដាល​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​HUYNH THANH DAT និង​សមាជិក​ការិយាល័យ​នយោបាយ​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ លោក NGUYEN THIEN NHAN បាន​ជួប​ជាមួយ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ លោក ជេត ជាលី។ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្ដី​លោក ជេត លី ថា ឯកភាព នឹង​ពិចារណា លើ​គំនិត​ស្នើសុំ​នេះ។ វិទ្យាសា្ថន​ភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បច្ចុប្បន្ន​មាន ដេប៉ាតឺម៉ង់​ភាសា​ចំនួន​៦ គឺ ដេប៉ាតឺម៉ង់​ភាសា​បារាំង ភាសា​អង់គ្លេស ភាសា​ជប៉ុន ភាសា​ចិន ភាសា​កូរ៉េ និង​ភាសា​ថៃ។

បន្ទាប់​ពី​វៀតណាម បង្ហាញ​បំណង​ខ្លួន ក្នុង​ការ​បើក​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ បង្ហាញ​ជំហរ​គាំទ្រ និង​មាន​ខ្លះ មិន​គាំទ្រ។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បើក​ដេប៉ាតឺម៉ង់​ភាសា​ខ្មែរ នៅ​សកល​វិទ្យាល័យ​ព្រៃនគរ ឬ​នៅ​សកល​វិទ្យាល័យ​ទីក្រុង​ហាណូយ​វិញ។ ចំណែក​ខ្លះ​ទៀត ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បើក​សាលា​ឲ្យ​ជនជាតិ​ខ្មែរ​ដើម នៅ​កម្ពុជា​ក្រោម អាច​សិក្សា​ភាសា​ដើមកំណើត​បាន ដោយ​គ្មាន​ការរារាំង ឬ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ ដែល​បង្រៀន​ភាសា​ខ្មែរ នៅ​តាម​វត្ត​អារាម ជាដើម។

អាជ្ញាធរ​វៀតណាម​ធ្លាប់​រង​ការរិះគន់ ថា​បាន​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ព្រះសង្ឃ និង​ជនជាតិ​ខ្មែរ​ក្រោម ដាក់​ពន្ធនាគារ ព្រោះតែ​កំហុស​លួច​បង្រៀន និង​រៀន​ភាសា​ខ្មែរ ដោយ​មិនបាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បានទេ នៅ​ថ្ងៃ​ទី​២៨ មករា ជុំវិញ​បំណង​សុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ អំពី​ជនជាតិ​ដើម​ខ្មែរ​ក្រោម ឲ្យ​បាន​សិក្សា​ភាសា​ដើមកំណើត​នេះ។

លោក សឺន ជុំជួន អះអាង​ថា មិន​ដែល​លឺ​ថា រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ស្នើសុំ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​មានការ​បង្រៀន​ភាសា​ខ្មែរ ដល់​ជនជាតិ​ខ្មែរ​ដើម​នៅ​កម្ពុជា​ក្រោម​ទេ។ ចំណែក​ការ​បង្រៀន និង​ការ​ខិតខំ​រៀន​របស់​ជនជាតិ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើ​អតីត​ទឹកដី​ខ្មែរ​នៅ​កម្ពុជា​ក្រោម លោក សឺន ជុំ​ជួន ឲ្យ​ដឹង​ថា ជា​ការ​ប្រឹងប្រែង​រៀន​សូត្រ​ដោយ​ខ្លួនឯង ដោយ​រដ្ឋាភិបាល​កម្ពុជា មិនដែល​ធ្លាប់​គិតគូរ​ពី​ពួកគាត់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។