ប្រវត្តិ​ព្រះមហាក្សត្រ​ខ្មែរ​បី​ព្រះអង្គ​គ្រង​រាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៣៨-១៧៤៩ (ភាគ​៥៣)

ដោយ ជុន ច័ន្ទបុត្រ
2015.08.11

ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​ការ​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​បី​ព្រះអង្គ គឺ​ព្រះ​ស្រី​ធម្ម​រាជា ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម និង​សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង។

គ.២៧-៣ ព្រះ​ស្រី​ធម្ម​រាជា (ឆ្នាំ​១៧៣៨-ឆ្នាំ​១៧៤៧ រាជ្យ​លើក​ទី​៣)

ព្រះ​ស្រី​ធម្ម​រាជា ជា​បុត្រា​របស់​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ។ ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​លើក​ទី​១ ពី​ឆ្នាំ​១៧០២ ដល់​ឆ្នាំ​១៧០៣ ឬ​ឆ្នាំ​១៧០៦ ប៉ុន្តែ​ដោយ​ពេល​នោះ​ព្រះអង្គ​ទ្រង់​ស្ថិត​ក្នុង​វ័យ​ក្មេង​ពេក ព្រះអង្គ​ក៏​ដាក់​រាជ្យ​ថ្វាយ​ទៅ​ព្រះបិតា​ព្រះអង្គ​វិញ។ ដល់​ឆ្នាំ​១៧០៦ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​ម្តង​ទៀត​ជា​រាជ្យ​លើក​ទី​២ បន្ត​ពី​ព្រះបិតា​ព្រះអង្គ រហូត​មក​ដល់​ឆ្នាំ​១៧១០ ពេល​ដែល​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​បង​ថ្លៃ បាន​ក្រោក​វាយ​ដណ្ដើម​រាជ្យ​ព្រះអង្គ ហើយ​ព្រះអង្គ​ភៀស​ទៅ​ស្រុក​សៀម ជាមួយ​ព្រះអង្គ​ទង ជា​ព្រះអនុជ និង​ព្រះអង្គ​អឹម រាជ​បុត្រា​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ប្ដូរ​ឈ្មោះ​ជា​ព្រះ​ស្រី​ធម្ម​រាជា ដូច​ព្រះអង្គ​ដែរ​នោះ។

ដល់​ឆ្នាំ​១៧៣៨ ក្រោយ​ពី​ព្រះ​សត្ថាធិរាជ ឬ​សត្ថា​ទី​២ បុត្រ​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​ក្មួយ​ទ្រង់​ចាញ់​សង្គ្រាម ក្សត្រ​ទាំង ៤​អង្គ គឺ​ព្រះ​ក្សត្រី​ស្រី​សុជាតា ប្អូន​ព្រះ​ស្រី​ធម្ម​រាជា ព្រះអង្គ​សូ បុត្រ​ព្រះអង្គ​ទង អង្គ​ស្ងួន និង​អង្គ​ច័ន្ទ បុត្រ​ព្រះ​ស្រី​ធម្ម​រាជា ហើយ​ភៀស​ព្រះអង្គ​ទៅ​ស្រុក​យួន ទៅ​នោះ ព្រះរាជវង្សានុវង្ស​ក៏​សុំ​យាង​ព្រះអង្គ​ពី​ស្រុក​សៀម មក​វិញ ហើយ​ទ្រង់​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​លើក​ទី​៣ នៅ​ឆ្នាំ​១៧៣៨ នៅ​រាជធានី​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ជេដ្ឋាធិរាជ រាមា​ធិបតី សិរី​សុរិយោ​ពណ៌ ធម្មិក​វរោត្តម។

ទ្រង់​លើក​ព្រះ​ជាតិ​ក្សត្រី​ជា​ព្រះ​អគ្គមហេសី។ ទ្រង់​តែង​តាំង​ព្រះអង្គ​ទង ជា​ព្រះអនុជ ជា​មហា​ឧបយោរាជ ហើយ​ទ្រង់​តែង​តាំង​បុត្រ​ព្រះអង្គ​ទង ព្រះនាម​អង្គ​សូ ជា​មហាឧបរាជ។ ឯ​ព្រះអង្គ​អឹម ឬ​ព្រះ​ស្រី​ធម្ម​រាជា បុត្រ​ព្រះអង្គ ត្រូវ​បាន​ឯកសារ​ខ្លះ​បញ្ជាក់​ថា ទ្រង់​តាំង​ងារ​ជា​ព្រះ​កែវ​ហ្វា។

ព្រះ​ស្រី​ធម្ម​រាជា ទ្រង់​សោយរាជ្យ​ជា​គម្រប់​លើក​ទី​៣ នេះ ដោយ​សុខ​សន្តិភាព​បាន​ប្រមាណ​ជិត ១០​ឆ្នាំ ព្រះអង្គ​ទ្រង់​អាពាធ​ជា​ទម្ងន់ ហើយ​ចូល​ទិវង្គត​ទៅ ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​និយាយ​ផ្ទុយ​ទៅ​វិញ​ថា នៅ​ក្នុង​រាជ្យ​ទី​៣ របស់​ព្រះអង្គ​នេះ នៅ​ឆ្នាំ​១៧៣៩ ព្រះអង្គ​បាន​បញ្ជា​ទ័ព​ឲ្យ​វាយ​បណ្ដេញ​ពួក​យួន ដែល​បាន​បញ្ជូន​គ្នា​ទាំង​ស៊ីវិល ទាំង​ទាហាន ទាំង​មន្ត្រី មក​ទន្ទ្រាន​វាត​យក​ដី​ខ្មែរ​ត្រង់​ខេត្ត​ពាម របស់​ខ្មែរ​នោះ​យ៉ាង​ស្វិតស្វាញ​បំផុត។

ក្រោយ​ពី​ព្រះអង្គ​សុគត​ទៅ​នៅ​ឆ្នាំ​១៧៤៧ នៃ​គ.ស. ព្រះរាជ​បុត្រា​បុត្រី ព្រះ​ញាតិវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី ប្រារព្ធ​ពិធី​បុណ្យ​សុន្ទរ៍ទាន​តាម​រាជ​ប្រវេណី ហើយ​ដង្ហែ​ព្រះ​អដ្ឋិធាតុ​ឡើង​ទៅ​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​ត្រៃត្រិង្ស លើ​កំពូល​ភ្នំ​ព្រះរាជ​ទ្រព្យ​ឧដុង្គ​មានជ័យ នោះ​ទៅ។

គ.២៩ ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម (ឆ្នាំ​១៧៤៧)

ក្រោយ​ពី​ព្រះ​ស្រី​ធម្ម​រាជា ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះបិតា​នៅ​រាជធានី​ឧដុង្គ​មានជ័យ ដដែល នៅ​ឆ្នាំ​១៧៤៧ នៃ​គ.ស។ ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម នេះ គឺ​ជា​ព្រះរាជបុត្រ​កម្សត់​ដែល​បាន​ភៀស​ខ្លួន​នៅ​ស្រុក​សៀម ជាមួយ​ព្រះបិតា​ព្រះអង្គ ក្នុង​ឱកាស​ដែល​ព្រះ​កែវ​ហ្វា​អង្គ​អឹម វាយ​ដណ្ដើម​រាជ្យ​សម្បត្តិ​នោះ។

ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ទ្រង់​សោយរាជ្យ​បាន​តែ​ប្រមាណ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ព្រះអង្គ​ត្រូវ​ព្រះអនុជ​រួម​បិតា ព្រះនាម​អង្គ​អឹង (ឯកសារ​ខ្លះ​ថា នាម​អង្គ​ហ៊ីង) ហើយ​ត្រូវ​ព្រះបិតា​ប្ដូរ​ព្រះនាម​ជា​ព្រះ​ស្រី​សុរិយោ​ពណ៌​អង្គ​ហ៊ីង ដែល​មាន​មាតា​ជា​ជាតិ​សៀម លោភលន់​ចង់​បាន​រាជបល្ល័ង្គ បាន​បញ្ចុះបញ្ចូល​ស្ម័គ្រ​បក្ខពួក​របស់​ខ្លួន​ឲ្យ​លប​លុក​ធ្វើ​គត់​ព្រះអង្គ សុគត​ក្នុង​ឆ្នាំ​ដដែល​នោះ​ទៅ។

ព្រះរាជា គណៈសង្ឃ រាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី ព្រាហ្មណ៍​បុរោហិត ក៏​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​សុន្ទរ៍ទាន បូជា​ព្រះសព​តាម​រាជ​ប្រវេណី ហើយ​ដង្ហែ​ព្រះ​អដ្ឋិធាតុ​យក​ទៅ​តម្កល់​ក្នុង​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ គឺ​ភ្នំ​ឧដុង្គ​សព្វថ្ងៃ​នេះ។ ម្យ៉ាង​ទៀត ដោយ​ព្រះរាជវង្សានុវង្ស រាជ​គណៈសង្ឃ ព្រាហ្មណ៍​បុរោហិត នាម៉ឺន​សព្វ​មន្ត្រី មិន​ពេញ​ចិត្ត​នឹង​ព្រះអង្គ​ហ៊ីង ដែល​មាន​ចិត្ត​លោភលន់ ហើយ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នោះ ទាំងអស់​គ្នា​មិន​ព្រម​ថ្វាយ​រាជ្យ​ទៅ​ព្រះអង្គ​ហ៊ីង នេះ​ទេ ប៉ុន្តែ​បាន​ថ្វាយ​រាជ្យ​សម្បត្តិ​នេះ​ទៅ​ព្រះអង្គ​ទង មហា​ឧបយោរាជ ជា​ព្រះ​បិតុលា​របស់​ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ឲ្យ​ឡើង​សោយរាជ្យ​ជំនួស​វិញ។

គ.៣០-១ សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង (ឆ្នាំ​១៧៤៧-ឆ្នាំ​១៧៤៩ រាជ្យ​លើក​ទី​១)

ក្រោយ​ពី​ព្រះ​ស្រី​ធម្ម​រាជា​អង្គ​អឹម ត្រូវ​ព្រះអង្គ​ហ៊ីង ជា​ប្អូន​ប្រើ​ស្ម័គ្រ​បក្ខពួក លប​លុក​ធ្វើ​គត់​ទៅ ពួក​ព្រាហ្មណ៍​បុរោហិត រាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​យាង​ព្រះអង្គ​ទង ជា​ព្រះ​បិតុលា​របស់​ព្រះអង្គ ឲ្យ​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ឧដុង្គ​មានជ័យ ដោយ​មាន​ព្រះនាម​ថា សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង។

នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១៧៤៧ ចៅហ្វាយ​ស្រុក​ខេត្ត​បាសាក់ ឈ្មោះ​ឧកញ៉ា​នរេន្ទ្រ​តុក ដែល​ឃើញ​ពួក​យួន ចេះ​តែ​រំលោភ​លើ​ទឹក​ដី​របស់​ខេត្ត​លោក លោក​បាន​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​ពួក​យួន ឈ្លាន​ពាន​នេះ​យ៉ាង​ស្វិតស្វាញ ហើយ​ពួក​យួន ទាំង​នោះ បាន​ទៅ​ជ្រក​នៅ​កោះ​ហោង ពាម​មេស។

នៅ​ពេល​ដែល​សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង សោយរាជ្យ​បាន​ប្រមាណ​ពីរ​ឆ្នាំ នៅ​ឆ្នាំ​១៧៤៧ ព្រះចៅ​យួន​អណ្ណាម​កុក បាន​បញ្ជូន​ទ័ព​យួន ជាង ១​ម៉ឺន​នាក់ ជួយ​ព្រះ​សត្ថាធិរាជ ឬ​សត្ថា​ទី​២ ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​យួន នោះ​ប្រមាណ​ពី ១០​ឆ្នាំ​មុន ឲ្យ​វិល​មក​ច្បាំង​ដណ្ដើម​រាជ្យ​វិញ។ ជា​ដំបូង យួន បាន​វាយ​យក​បាន​ខេត្ត​ជាច្រើន​តាម​ដង​ទន្លេ រួច​មក​បាន​មក​បោះ​បន្ទាយ​យ៉ាង​មាំ​នៅ​ល្វាឯម ជ្រោយចង្វារ និង​ភ្នំពេញ រួច​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រាជធានី​ឧដុង្គ។

សម្ដេច​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ជា​ស្ដេច​ផែនដី កាល​បើ​ឃើញ​ទ័ព​ខ្មែរ​ទន់​ដៃ​ចាញ់​ទ័ព​យួន​ច្រើន​អន្លើ ព្រះអង្គ​ក៏​ទ្រង់​នាំ​ព្រះរាជវង្សានុវង្ស​ភៀស​ព្រះអង្គ​ទៅ​ប្រទេស​សៀម។ ទ័ព​យួន ក៏​វាយ​យក​បាន​រាជធានី​ឧដុង្គ ហើយ​នាំ​ព្រះ​សត្ថាធិរាជ ទៅ​គង់​នៅ​ទីនោះ។ ប៉ុន្តែ​បាន​តែ​មួយ​រយៈ​ខ្លី​បំផុត​ប៉ុណ្ណោះ ព្រោះ​ទ័ព​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ឧកញ៉ា​ក្រឡាហោម​អុក និង​ឧកញ៉ា​សួគា​លោក​អុក បាន​វាយ​កម្ចាត់​ទ័ព​យួន ឲ្យ​បរាជ័យ​យ៉ាង​ដំណំ​តាំង​ពី​វាល​ស្រាប​អង្កាម ខេត្ត​កំពង់ឆ្នាំង រៀង​មក ដោយ​សម្លាប់​បាន​ទាំង​មេទ័ព​យួន ផង ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ជម្រុល​មក​វាយ​ក្រុង​ឧដុង្គ ទៀត។

ព្រះ​សត្ថាធិរាជ ទ្រង់​ជ្រាប​ថា​ទ័ព​យួន​ចាញ់ ហើយ​បាក់​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ដូច្នេះ ក៏​ទ្រង់​យាង​ដោះ​ខ្លួន​ចេញ​ពី​ឧដុង្គ ត្រឡប់​ទៅ​ស្រុក​យួន វិញ។ ដោយ​តូច​ព្រះទ័យ​នឹង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នេះ ព្រះ​សត្ថាធិរាជ ឬ​សត្ថាទី២ ក៏​ធ្លាក់​ខ្លួន​ឈឺ ហើយ​ទ្រង់​សុគត​នៅ​កណ្ដាល​ផ្លូវ​នោះ​ទៅ។

ឧកញ៉ា​ទាំង​ពីរ​កាល​ទ័ព​បាន​ជ័យជម្នះ​លើ​ទ័ព​យួន ហើយ ក៏​ថ្វាយ​ដំណឹង​នេះ​ទៅ​ដល់​ព្រះ​រាមា​ធិបតី​ព្រះអង្គ​ទង ដែល​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​ក្រុង​ឰយុធ្យា ស្រុក​សៀម នោះ​តាម​ដំណើរ រួច​ទូល​ព្រះ​ចៅ​សៀម សុំ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ស្ងួន ដែល​ជា​ព្រះរាជបុត្រ​ព្រះ​ស្រី​ធម្ម​រាជា និង​ត្រូវ​ជា​ក្មួយ​ព្រះអង្គ​ទង យាង​មក​សោយរាជ្យ​សម្បត្តិ​នៅ​ប្រទេស​កម្ពុជា ត​ទៅ។ ព្រះ​ចៅ​សៀម ក៏​យល់ព្រម​តាម​ការ​ស្នើសុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។