គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​ពិធី​រំឭក​ខួប​៣​ឆ្នាំ​នៅ​ស.រ.អា.

គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ សីហា បាន​ធ្វើ​ពិធី​រំឭក​ខួប​បី​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ខ្លួន ក្នុង​ទីក្រុង ហ្វីឡាដេលហ្វៀ (Philadelphia) សហរដ្ឋ​អាមេរិក (ស.រ.អា.)។
ដោយ តាំង សារ៉ាដា
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

គណបក្ស​នេះ​បាន​បង្កើត​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ​២០០៧ ហើយ​បាន​ឈ្នះ​អសនៈ​ចំនួន​បី​ក្នុង​រដ្ឋ​សភា ក្រោយ​ការ​បោះ​ឆ្នោត​សកល ក្នុង​ឆ្នាំ​២០០៨ នៅ​កម្ពុជា។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​មាន​ក្រុម​អ្នក​គាំទ្រ និង​តំណាង​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋ​ចំនួន ១៥ នៅ​សហរដ្ឋ​អាមេរិក ហើយ​មាន​ក្រុម​អ្នក​តំណាង​ក្នុង​ខេត្ត​ចំនួន​បី នៅ​ប្រទេស​កាណាដា ដូច​ជា​ខេត្ត ម៉ុងត្រេអាល់ (Montreal), តូរ៉ុនតូ (Toronto) និង​ខេត្ត អតាវ៉ា (Otawa)។ លោក​ថ្លែង​ថា ចំណែក​ក្រុម​អ្នក​គាំទ្រ​នៅ​ទ្វីប​អឺរ៉ុប​វិញ មាន​ដូច​ជា​ប្រទេស​បារាំង​ប៊ែលហ្ស៊ិក, ហុល្លង់, អ៊ីតាលី និង​ប្រទេស​អូទ្រីស ជាដើម។

នៅ​ថ្ងៃ​អាទិត្យ ទី​២៩ សីហា​នេះ​ដែរ គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​មហា​សន្និបាត​មួយ សម្រាប់​ក្រុម​អ្នក​គាំទ្រ​ប្រចាំ​សហរដ្ឋ​អាមេរិក​ខាង​ជើង ដែល​មាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា។

លោក កឹម សុខា មាន​ប្រសាសន៍​ថា សន្និបាត​នោះ​ធ្វើ​ឡើង​សម្រាប់​ទិស​ដៅ​បី​ចំណុច​ទៅ​អនាគត។ ទី​១ គឺ​ដើម្បី​ផ្ដោត​លើ​កិច្ចការ​ទំនាក់​ទំនង​អន្តរជាតិ​ទី​២ ដើម្បី​រៀបចំ​ឲ្យ​មាន​ធនធាន​មនុស្ស និង​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ផ្ដល់​យោបល់​ទៅ​តាម​ជំនាញ​នីមួយ​ៗ ដូច​ជា​ខាង​វិស័យ​អប់រំ សុខាភិបាល និង​សង្គមកិច្ច ហើយ​ទី​៣ ដើម្បី​ស្វែង​រក​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​គណបក្ស ដូច​ជា​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​សមាជិកភាព ឬ​ការ​ធ្វើ​ពិធី​រៃ​អង្គាស​ថវិកា ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល