ពលរដ្ឋនៃសហគមន៍បុរីកីឡា បណ្ដាញស្ត្រីអតីតបឹងកក់ និងអ្នករស់នៅភ្នំបាត (អតីតបុរីកីឡា) ប្រមាណ ១០នាក់នៅថ្ងៃទី១៨ ខែកក្កដា នាំគ្នារៀបចំធ្វើយុទ្ធនាការពាក់អាវពណ៌សនៅសហគមន៍បុរីកីឡាអគារទី៩ ស្នើដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងស្នើជួយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ។ ប៉ុន្តែការធ្វើយុទ្ធការនេះ មិនទទួលបានជោគជ័យនោះឡើយ។
នៅខណៈដែលក្រុមអ្នកតវ៉ាកំពុងតែប្រមូលផ្តុំគ្នា និងរៀបចំសម្ភារៈត្រៀមនឹងចាប់ផ្ដើមធ្វើយុទ្ធនាការមិនទាន់រួចផងនោះ ក្រុមកងសន្តិសុខខណ្ឌ៧មករា បានមករារាំង និងបញ្ឈប់សកម្មភាពពួកគាត់មិនឲ្យបន្តទៅទៀត។ នៅក្នុងការចុះបង្ក្រាបរបស់កងសន្តិសុខខណ្ឌ៧មករា នេះ ពួកគេបានប្រើប្រាស់វិធីចាប់គ្រៀកបំបែកក្រុមអ្នកតវ៉ា ដោយបង្ខំឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះរៀងខ្លួន។
ក្រុមកងសន្តិសុខបានដកហូតយករទេះមួយគ្រឿងដែលក្រុមអ្នកតវ៉ាប្រើសម្រាប់ដាក់សម្ភារៈ ដូចជាដបទឹកបរិសុទ្ធ និងសម្ភារៈផ្សេងទៀតយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា។
តំណាងបណ្ដាញស្ត្រីបឹងកក់ កញ្ញា អ៊ីម ស្រីទូច ឲ្យដឹងថា ការរារាំងរបស់ក្រុមកងសន្តិសុខនេះជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ពេលនេះពួកយើងចង់បង្ហាញថា នៅប្រទេសកម្ពុជា យើងហ្នឹង គឺស្ថានភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតែម្ដង។ អ៊ីចឹងពួកយើងទាំងអស់គ្នាធ្វើយុទ្ធនាការអាវសនេះ គឺចង់បង្ហាញទៅសម្ដេចថា ពួកយើងត្រូវការសន្តិភាព។ អ៊ីចឹងសូមឲ្យសម្ដេចជួយរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីគ.ជ.ប និងដោះស្រាយបញ្ហាដីធ្លីជូនពួកយើងទាំងអស់គ្នា...»។
ជុំវិញរឿងនេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា សេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា កាន់តែចង្អៀតទៅៗ។ លោកបន្តថា រដ្ឋាភិបាល និងអាជ្ញាធរភ័យខ្លាចប្រជាជនខ្លួនឯងមិនខិតខំប្រឹងប្រែងរកដំណោះស្រាយ និងយុត្តិធម៌ តែបែរជារកវិធីសាស្ត្រក្នុងការបំបិទសេរីភាពពួកគាត់ទៅវិញ។ លោកមានការសោកស្ដាយចំពោះបញ្ហានេះ៖ «បើសិនជារដ្ឋាភិបាលនៅតែធ្វើបែបហ្នឹង ខ្ញុំគិតថា មិនអាចទទួលការគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨ បានទេ»។
ក្រុមកងសន្តិសុខខណ្ឌ៧មករា បានប្រគល់រទេះជូនក្រុមអ្នកតវ៉ាវិញនៅថ្ងៃដដែល បន្ទាប់ពីរឹបអូសយកទៅទុកនៅអធិការដ្ឋានខណ្ឌ៧មករា អស់មួយរយៈពេលខ្លីមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។