ម៉ុងតាញ៉ា​៦​នាក់​ថ្មី​ទៀត​ត្រូវ​បាន​ជម្លៀស​ពី​ខេត្ត​រតនគិរី​នាំ​ទៅ​រាជធានី​ភ្នំពេញ

ដោយ រដ្ឋា វិសាល
2015-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​របស់​អង្គការ​សហប្រជាជាតិ​ដឹក​ក្រុម​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង ១៣​នាក់ ចូល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២១ ធ្នូ ២០១៤។
រថយន្ត​របស់​អង្គការ​សហប្រជាជាតិ​ដឹក​ក្រុម​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង ១៣​នាក់ ចូល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​​ថ្ងៃ​ទី​២១ ធ្នូ ២០១៤។
RFA/Uon Chhin

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​មួយ​ក្រុម​ថ្មី​ទៀត​មាន​គ្នា ៦​នាក់ បាន​រត់​ចេញ​ពី​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ចូល​មក​ទឹក​ដី​ខេត្ត​រតនគិរី ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា ក្រុម​ម៉ុងតាញ៉ា​ទាំង ៦​នាក់ មាន​ពីរ​នាក់​ជា​ស្ត្រី បាន​រត់​ចូល​មក​ក្នុង​ព្រៃ​ស្រុក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ មួយ​ថ្ងៃ​បន្ទាប់​មក អ្នក​ភូមិ​ខ្មែរ​បាន​ជម្លៀស​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ឯ​ទីក្រុង​ភ្នំពេញ។

លោក​បន្ត​ថា នេះ​ជា​ក្រុម​ម៉ុងតាញ៉ា​ចុង​ក្រោយ ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្រុក​អូរយ៉ាដាវ បាន​ជួយ​ទំនុក​បម្រុង​ផ្តល់​កន្លែង​លាក់​ខ្លួន និង​អាហារ​នៅ​ក្នុង​ព្រៃ៖ «គាត់​តែង​តែ​បាន​បញ្ជាក់​ថា ពិបាក​រស់នៅ​ស្រុក​កំណើត ដោយសារ​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ បំបិទ​សេរីភាព​ផ្នែក​ជំនឿ​សាសនា ការ​ទាក់ទង​ក្រុម​គ្រួសារ និង​ហាម​ប្រើប្រាស់​អ៊ីនធឺណិត បណ្ដាញ​ព័ត៌មាន​សង្គម ជាដើម។ នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​ក្រុម​ម៉ុងតាញ៉ា​ចាក​ចេញ​ពី​ស្រុក​កំណើត ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន»

កាល​ពី​សប្ដាហ៍​មុន មន្ត្រី​ក្រុម​ការងារ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​អម​ដំណើរ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ១២​នាក់​ពី​ទីក្រុង​ភ្នំពេញ បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បន្ទាប់​ពី​ពួក​គេ​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម យល់ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ធ្វើ​មាតុភូមិ​និវត្តន៍​ទាំង​នោះ ដោយ​មិន​ដាក់​ទោស​ទណ្ឌ រួម​ទាំង​អនុញ្ញាត​ឲ្យ​មន្ត្រី យូ.អ៊ិន.អេច្ឆ.ស៊ី.អ ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ​ក្រោយ​ពេល​វិល​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល