ស្ត្រី​ខ្មែរ​៦​នាក់​ដែល​ត្រូវ​បាន​ជួញដូរ​ភេទ​នៅ​ជប៉ុន​នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​នេះ

ដោយ​ សុ ជីវី
2017.01.18
ជុំ សុន្ទរី ៨៥៥ អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

ស្ត្រី​ខ្មែរ​ចំនួន ៦​នាក់ នឹង​វិល​មក​ដល់​កម្ពុជា វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា បន្ទាប់​ពី​ត្រូវ​ជួយ​សង្គ្រោះ​អោយ​រួច​ផុត​ពី​ករណី​ជួញដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ស្ត្រី​ខ្មែរ ៧​នាក់ ត្រូវ​បាន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន ជួយ​សង្គ្រោះ នៅ​ពេល​ពួកគេ​ត្រូវ​បង្ខំ​អោយ​បម្រើ​សេវា​ផ្លូវ​ភេទ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខេត្ត​ហ្គុនម៉ា (Gunma) ប្រទេស​ជប៉ុន ហើយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​វិល​មក​កម្ពុជា វិញ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។

នេះ​ជា​ករណី​ទី​១ ដែល​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​រង​គ្រោះ​ពី​ប្រទេស​ជប៉ុន ក្នុង​ករណី​ជួញដូរ​ផ្លូវ​ភេទ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ថា ស្ត្រី​រងគ្រោះ​បាន​ផ្ដល់​ដំណឹង​ពី​បញ្ហា​របស់​ពួកគេ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត ទើប​ស្ថាន​ទូត​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន ជួយ​សង្គ្រោះ។

លោក ជុំ សុន្ទរី៖ «ស្ត្រី​ខ្មែរ​ទាំង ៧​នាក់​ហ្នឹង​​ មក​ស្នាក់​នៅ​ក្នុង​ស្ថានទូត​ក្នុង​ការ​ថែ​របស់​ស្ថានទូត កាល​ពី​ខែ​ធ្នូ ប៉ុន្តែ​​ដែល​ថា រហូត​មក​ដល់​ពេល​នេះ​ទើប​បាន​ធ្វើ​មាតុភូមិ​និវត្តន៍ ដោយសារ​យើង​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ធ្វើ​ការ​ប្ដឹងផ្ដល់​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​របស់​ជប៉ុន ដើម្បី​ស្វែង​រក​ជន​ដែល​បាន​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​ហ្នឹង​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស ហើយ​និង​ដើម្បី​ទាមទារ​សំណង​​ និង​ប្រាក់​បៀវត្ស​ដែល​ម្ចាស់​ភោជនីយដ្ឋាន​មិន​ទាន់​បាន​ផ្ដល់​ពួកគេ​បាន​គ្រប់គ្រាន់»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា អោយ​ដឹង​ថា ស្ត្រី​ទាំង ៧​នាក់​នោះ មាន ២​នាក់ ទៅ​ពី​ភ្នំពេញ ២​នាក់​ពី​ខេត្ត​ព្រៃវែង ម្នាក់​ពី​ខេត្ត​ពោធិ៍សាត់ ម្នាក់​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​ពី​ខេត្ត​តាកែវ។ ពួកគេ​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​ដល់​ប្រទេស​ជប៉ុន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មាន​ការ​រៀបចំ​ឯកសារ​សុំ​ទិដ្ឋាការ និង​សំបុត្រ​យន្តហោះ ពី​បុរស​ជនជាតិ​ជប៉ុន ម្នាក់ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខេត្ត​ហ្គុនម៉ា។ ពួកគេ​បាន​រៀបរាប់​ប្រាប់​ស្ថានទូត​ថា បុរស​នោះ​បាន​សន្យា​ផ្ដល់​ការងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន ដែល​មាន​ប្រាក់​ខែ​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ បាន​គំរាម​កំហែង និង​បង្ខំ​អោយ​ពួកគេ​បម្រើ​សេវា​ផ្លូវ​ភេទ​ដល់​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ទៅ​វិញ ហើយ​ថែម​ទាំង​មិន​បាន​ផ្ដល់​ប្រាក់​បៀវត្ស​អោយ​ទៀត។

លោក ជំ សុន្ទរី អំពាវ​នាវ​អោយ​ពលរដ្ឋ​ដែល​មាន​បំណង​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក ដោយ​សន្យា​ផ្ដល់​ការងារ​មាន​ប្រាក់ខែ​ខ្ពស់៖ «ពីព្រោះ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​កន្លង​មក គឺ​ពលករ​ខ្មែរ ចំណុច​ដែល​សំខាន់​គឺ​គាត់​ត្រូវ​បាន​មេខ្យល់​​បោកប្រាស់​ភូត​កុហក ដោយ​សន្យា​ថា មាន​ការងារ​ល្អ​ធ្វើ មាន​ប្រាក់​បៀវត្ស​ខ្ពស់ អ៊ីចឹង​សូម​អំពាវ​នាវ​អោយ​ប្រយ័ត្ន»

លោក​សង្ឃឹម​ថា នឹង​មិន​បញ្ហា​បែប​នេះ​កើត​ឡើង​ទៀត​ទេ​ទៅ​លើ​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ទាក់ទិន​នឹង​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន កញ្ញា ហួត លីគៀង ដែល​ធ្លាប់​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន លើក​ឡើង​ថា ជា​រឿយៗ នៅ​ទី​នោះ​កញ្ញា​តែង​ឮ​ព័ត៌មាន​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ស្ត្រី​ខ្មែរ ដោយ​មេខ្យល់​លួច​លាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន។ កញ្ញា​បញ្ជាក់​ថា បញ្ហា​តែង​កើត​ឡើង​នៅ​ពេល​ដែល​ពួក​នាង​ត្រូវ​និយោជក​ធ្វើ​បាប​នៅ​កន្លែង​ការងារ ហើយ​លួច​រត់​គេច​ពី​កន្លែង​ការងារ ទើប​ធ្លាក់ខ្លួន​ចាញ់​បោក​មេខ្យល់​ដែល​តែង​សន្យា​រក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់៖ «អ៊ីចឹង​ទៅ​គាត់​ជឿ​គេ គាត់​ក៏​រត់​ខុស​ច្បាប់។ ​ស្ត្រី​ខ្មែរ​យើង​ពេល​ដែល​គាត់​រត់​ខុស​ច្បាប់​ពិបាក​មែន​ទែន ទៅ​ដល់​​​​​រត់​ខុស​ច្បាប់ គេ​អត់​មាន​ការងារ​អោយ​ធ្វើ​ពេញលេញ​ទេ។ ក្នុង​មួយ​ខែ​មាន​ការងារ​ធ្វើ ១០​ថ្ងៃ​អី​ទេ។ អ៊ីចឹង​គាត់​អត់​លុយ​ពេល​ហ្នឹង​ហើយ​ដែល​គាត់​ធ្លាក់​ក្នុង​រឿង​អាក្រក់»

ស្រប​គ្នា​នេះ លីគៀង បាន​អំពាវ​នាវ​ដល់​ស្ត្រី​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ត្រូវ​ហ៊ាន​តវ៉ា ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​អំពើ​ជួញ​ដូរ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​អោយ​ដឹង​ថា គេ​បាន​ជួយ​សង្គ្រោះ​ពលករ​​ដែល​ត្រូវ​រំលោភ​បំពាន ដោយ​ការ​ជួញដូរ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​ជាង ៨០០​នាក់ ក្នុង​ឆ្នាំ​២០១៦ ពី​ប្រទេស​សរុប​ចំនួន​១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។