សមាគម​អ្នក​បញ្ជា​ទិញ​ស្នើ​​របប​លោក ហ៊ុន សែន ឲ្យ​បង្ហាញ​ផែនការ និង​ពេល​វេលា​កំណត់​ជាក់លាក់​ក្នុង​ការ​ស្តារ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា

មួង ណារ៉េត
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បាល​លិខិត​របស់​សមាគមអ្នក​បញ្ជាទិញ ដែល​សរសេរ​ផ្ញើ​ទៅ​លោក ហ៊ុន សែន កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
ក្បាល​លិខិត​របស់​សមាគមអ្នក​បញ្ជាទិញ ដែល​សរសេរ​ផ្ញើ​ទៅ​លោក ហ៊ុន សែន កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៩
Screenshot of the letter

សមាគមអ្នកបញ្ជាទិញធំៗ សម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍អាក្រក់នៅកម្ពុជា ដែលមិនប្រសើរឡើងវិញបែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បន្ត​ភាព​ជា​ដៃគូ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា។អ្នក​បញ្ជា​ទិញ​ទាំង​នេះ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បង្ហាញ​ផែនការ និង​ពេល​វេលា​កំណត់​ជាក់លាក់ ក្នុង​ការ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​ឡើង​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សមាគមអ្នកបញ្ជាទិញធំៗ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ ដែល​ទិញ​សំលៀបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​ពី​កម្ពុជា សរសេរ​លិខិតដោយផ្ទាល់ទៅ​លោកនាយករដ្ឋរដ្ឋមន្រ្តីលោក ហ៊ុន សែន ជាលើកទីពីរ ដោយ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ឆ្លើយ​តប​ទៅ​សមាគម​នេះ​វិញ អំពី​ការ​តាំង​ចិត្តស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញនេះ។

នៅក្នុងលិខិតកាលពី​ថ្ងៃ​ទី៤ ខែ​មេសាសមាគមអ្នកបញ្ជាទិញទាំងអស់នោះ រួម​មាន​ សមាគម​អ្នក​បញ្ជា​ទិញ​សំលៀកបំពាក់ និង​ស្បែក​ជើង​របស់​អាមេរិក (American Apparel & Footwear Association) ផង សង្កត់​ធ្ងន់​ថា ពួក​គេ​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​​ខ្លាំង ចំពោះការណ៍ដែលរបបលោកហ៊ុន សែន នៅតែខកខាន មិន​បាន​ដោះ​ស្រាយ​បញ្ហា​កង្វល់​សំខាន់ៗ ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បែប​នេះ។

សមាគមទាំងនេះរម្លឹករបបលោក ហ៊ុន សែន ថា គុណតម្លៃរួម នៃភាពជាដៃគូពាណិជ្ជកម្មរបស់​អ្នក​បញ្ជា​ទិញ​ជាមួយ​នឹង​ប្រទេស​កម្ពុជា ក្នុងវិស័យរោងចក្រកាត់ដេរនេះ គឺឈរលើគោលការណ៍ការគោរពសិទ្ធិការងារ សិទ្ធិមនុស្ស​ជា​ទូទៅ និង​នីតិរដ្ឋ។

ការបង្ហាញពីក្តីព្រួយបារម្ភខ្លាំង របស់សមាគមអ្នកបញ្ជាទិញអន្តរជាតិ អំពីភាពមិនប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា​​សា​ជា​ថ្មី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែ​ល​ថ្ងៃ​កំណត់​នៃ​នីតិវិធី​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

ក្រោមសម្ពាធនេះរបបលោក ហ៊ុន សែន បានបន្ធូរបន្ថយស្ថានការណ៍ខ្លះ ដោយសន្យាថា នឹង​បើក​លំហ​សេរីភាព របស់​អង្គការ​សង្គម​ស៊ីវិល និង​ពន្លឿន​នីតិវិធី​តុលាការ ពាក់ព័ន្ធនឹងបណ្តឹងលើមន្រ្តី​សហជីព​កម្មករ​ឯករាជ្យ​ជា​ដើម។ ប៉ុន្តែ ចំណាត់​​ការ​នេះ​នៅ​តិចតួច​ស្តួចស្តើង ដែលមិនសមមាត្រ ទៅនឹងទំហំនៃការរំលោភសិទ្ធិមនុស្ស និង​បំផ្លាញប្រជាធិបតេយ្យដែលរបបលោក ហ៊ុន សែន បានធ្វើក្នុងរយៈពេលជាង ១៨ខែ​ចុង​ក្រោយ​នេះ​ឡើយ។

ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន សង្កេតឃើញថា តាំងពីលិខិតទីមួយរបស់​សមាគម​អ្នក​បញ្ជា​ទិញ ដែល​ផ្ញើ​ទៅ​លោក ហ៊ុន សែន កាល​ពី​​ខែ​មីនា ឆ្នាំ២០១៨ ដើម្បី​ឲ្យ​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ស្ថានភាព​សេរីភាព​របស់​សហជីព​កម្មករ នៅតែរងការរឹតត្បិត ព្រោះមន្រ្តីសហជីពឯករាជ្យប្រាំមួយរូប ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​មាន​ពិរុទ្ធ និង​ពិន័យ​ជា​ប្រាក់ ៣៥លាន​រៀល ដោយសារ​តែ​សកម្មភាព​តស៊ូ​មតិ ដើម្បី​សិទ្ធិ និង​ប្រយោជន៍​កម្មករ៖ «ចំពោះ​សេរីភាព​សហជីព​យើង​មើល​ទៅ​មិន​មាន​ការ​ប្រែប្រួល​អ្វី​ទេ»។ មេសហជីពទាំងប្រាំមួយនាក់​នៅ​តែ​ជាប់​បណ្តឹង​ដដែល ហើយ​ច្បាប់​ស្តីពី​សហជីព​នៅ​តែ​រង​ការ​គំរាម​កំហែង​ក្នុង​ការ​រៀបចំ​ចងក្រង​សហជីព ហើយ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ក៏​នៅ​តែ​ចោទ​ជា​បញ្ហា ហើយ​កិច្ច​សន្យា​ការងារ​ខ្លីៗ ក៏​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល»។

លោក រ៉ុង ឈុន បន្តទៀតថា ស្ថានភាពសិទ្ធិនយោបាយជាទូទៅ ក៏នៅតែគ្មានភាពប្រសើរឡើង​នោះ​ដែរ ដោយសារ​តែ​​ប្រធាន​គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា នៅតែជាប់បណ្តឹង និង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ចំណែកឯគណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​​​មិន​​អាច​ធ្វើ​សកម្មភាពរបស់ខ្លួន​បាន​ឡើង​វិញ ស្របពេលដែលមន្រ្តីគណបក្សប្រឆាំង នៅ​តែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ សព្វ​​បែប​​យ៉ាង​​ពី​​សំណាក់​​អាជ្ញាធរ​​របប​​ក្រុង​​ភ្នំពេញ។

នៅក្នុងកិច្ចព្រមព្រៀង អំពីដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនបញ្ជាទិញ និង​ប្រទេសកម្ពុជា និងកិច្ច​ព្រមព្រៀង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា មានលក្ខខណ្ឌចាំបាច់នានា ដែលកម្ពុជាត្រូវបំពេញឲ្យខាងតែបាន។ លក្ខខណ្ឌទាំងនោះរួមមាន ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នេះ។

ក៏ប៉ុន្តែក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញខាង​សហជីព​កម្មករ​ឯករាជ្យ បណ្តេញ​អង្គការ​សង្គម​ស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ប្រធានគណបក្សប្រឆាំងដាក់​ពន្ធនាគារ និង​​បន្ត​ឃុំ​ខ្លួន​ក្នុង​ផ្ទះ រម្លាយ​គណបក្ស​ប្រឆាំង​ចោល និង​រឹតត្បិត​សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និង​សិទ្ធិ​​ប្រមូលផ្តុំតវ៉ា​ដោយ​អហិង្សា​ផ្សេងៗ។

ចំណាត់ការទាំងនេះរងការថ្កោលទោស និងដាក់ទណ្ឌកម្មជាហូរហែ ពីសហគមន៍អន្តរជាតិរហូត​ដល់​សហភាព​អឺរ៉ុប ចាប់​ផ្តើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA និងសមាជិកសភាសហរដ្ឋអាមេរិកជាច្រើន ស្នើច្បាប់​​ឲ្យ​​ដាក់​​ទណ្ឌកម្ម​​មន្រ្តី​​របប​​លោក ហ៊ុន សែន បន្ថែម​ទៀត និងផ្តាច់ប្រពន្ធការអនុគ្រោះពន្ធទូទៅ GSP ថែម​​ទៀត​​ផង​​ដែរ។

អាស៊ីសេរីមិនទាន់​អាចសុំការឆ្លើយតបពីមន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន បាន​នៅ​ឡើយ​ទេ កាល​ពី​​ថ្ងៃ​ទី៥ ខែ​មេសា ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះជាយ៉ាងនេះក្តីរបបលោក ហ៊ុន សែន បានតាំងចិត្ត​ថា នឹងមិនធ្វើតាមសហភាពអឺរ៉ុប និង​សហគមន៍​អន្តរជាតិ ដែល​​ដាក់​​សម្ពាធ​​ឲ្យ​​របប​​នេះ​ស្តារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឡើង​វិញ​ទេ ដោយ​សម្អាង​​ថា ការ​​ធ្វើ​​តាម​​អន្តរជាតិ គឺ​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​បាត់​​​ឯករាជ្យ និង​​​អធិបតេយ្យភាព។

ថ្មីៗ នេះរបបនេះបានដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចថ្មីមួយ ដែលរបបនេះអះអាង​ថា នឹងអាច​​ទប់ទល់​ចំពោះ​ការ​ផ្តាច់ការ​អនុគ្រោះ​ពន្ធ​នេះ​បាន។

ប៉ុន្តែលោក រ៉ុង ឈុន គ្មានជំនឿថាកំណែទម្រង់ថ្មីនេះ នឹងអាចជួយប៉ះប៉ូវការបាត់បង់យ៉ាងដំណំនេះនោះទេ។

តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិកកម្ពុជានាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក គិត​ជា​ទឹកប្រាក់ ៨,៥ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៨ កន្លងទៅ។ ទំហំពាណិជ្ជកម្មនេះ គឺស្មើនឹង ១ភាគ៣ ឬ ៣៨% នៃ​ផល​ទុន​ជាតិ​សរុប (ឬ GDP) របស់កម្ពុជា។

ដូច្នេះបើបាត់បង់ការអនុគ្រោះពន្ធទាំងនេះ កម្ពុជាមិនមែនខាតបង់ត្រឹមតែប្រហែល ៧០០លាន​ដុល្លារ សម្រាប់ការអនុគ្រោះពន្ធ EBA ខាងសហភាពអឺរ៉ុប និង​ប្រហែល ១៨០លានដុល្លារ សម្រាប់ការអនុគ្រោះពន្ធទូទៅ ឬ GSP ខាងសហរដ្ឋ​អាមេរិក​នោះ​ទេ គឺកម្ពុជាអាចប្រឈមការបាត់បង់ទំហំពាណិជ្ជកម្ម ៨,៥ពាន់លាន ដុល្លារ​នេះ និង​​ប៉ះ​ពាល់​​ដល់​​កម្មករ​​វិស័យ​​​រោងចក្រ​​​កាត់​ដេរ ជិត​​មួយ​​លាន​​នាក់ និង​​ពលរដ្ឋ​​ខ្មែរ​​រា​ប់​លាន​អ្នក​ផ្សេង​ទៀត ដែល​បាន​ផល​​ពីវិស័យ​នេះ ព្រោះ​​​ពេល​​​ទំនិញ​​​កម្ពុជា​​​​ត្រូវ​បង់​​​ពន្ធ​​​នាំ​​​​ចេញ​​​ទៅលក់​នៅ​ទីផ្សារ​ធំៗ ទាំង​នេះ កម្ពុជា​នឹង​បាត់បង់​លទ្ធភាព​ប្រកួតប្រជែង ដោយសារ​ថ្លៃ​ចំណាយខ្ពស់ក្នុងការ​ផលិត ការ​ខ្វះ​វត្ថុធាតុ​ដើម ផលិតប្រេងឥន្ធនៈ ឬ​អគ្គីសនីមានតម្លៃថ្លៃ អំពើពុករលួយ ថ្លៃដឹកជញ្ជូនខ្ពស់ជាដើម និង​ប្រឈម​មុខ​​នឹង​​ការ​​មិន​​ហ៊ាន​​បញ្ជា​ទិញ ពីសមាគមអ្នកបញ្ជាទិញធំៗ ទាំង​នេះ ដោយសារ​​តែ​​កម្ពុជា​​នៅ​​តែ​​ជាប់​​ឈ្មោះ​​មិន​​ល្អ​​ផ្នែក​​សិទ្ធិ​​មនុស្ស​​នេះ។

លោក រ៉ុង ឈុន រម្លឹករបបលោក ហ៊ុន សែន សាជាថ្មីថា កូនសោ គឺស្ថិតក្នុងដៃនៃរបបនេះហើយ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​ការ​អនុគ្រោះពន្ធនេះ​បន្ត​ទៅ​ទៀត។ លោក​បន្ថែម​ថា កម្ពុជា​ចំណេញ​ច្រើន បើ​​រក្សា​​បាន​​នូវ​​ការ​​អនុគ្រោះ​​ពន្ធ​នេះ ដោយ​គ្រាន់​តែ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ធម្មតា​ការ​ដឹក​នាំ​ប្រទេស​ក៏​ដូច​ជា​អ្នក​សេដ្ឋកិច្ច គេ​ប្រើ​រូបមន្ត​បូក និង​គុណ។ គេ​មិន​ប្រើ​រូបមន្ត​ដក​ដូច​លោក​នាយករដ្ឋមន្រ្តី​អះអាង​នោះ​ទេ។ អ្វី​ដែល​យើង​មាន​ហើយ ដូច EBA នេះ គួរ​យើង​ខំ​រក្សា​បន្ត​វា។ សូម្បី​ប្រទេស​ជិត​ខាង​របស់​យើង ដែល​គេ​មិន​ធ្លាប់​ដែល​បាន EBA ផង គេ​ខិតខំ​ស្វះស្វែង ដើម្បី​សុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពី​សហភាព​អឺរ៉ុប។ ចុះ​ហេតុ​អ្វី យើង​មាន​ហើយ​បែរ​ជា​មិន​ខំ​ការពារ?»។

ស្របពេលដែលសមាគមអ្នកបញ្ជាទិញ កំពុងដាក់សម្ពាធឲ្យរបបលោកហ៊ុន សែន ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ដៃគូ​ពាណិជ្ជកម្ម ជាមួយគ្នាតទៅទៀតសហភាពអឺរ៉ុបឯណោះ ក៏មិនបន្ធូរដៃក្នុងការអនុវត្តនីតិវិធី ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ​ដែរ។

ចំណែកឯរបបលោកហ៊ុន សែន វិញក៏កំពុងប្រឈមមុខ នឹងស្ថានភាពអាក្រក់ដូចជាគ្រោះរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ខ្វះ​ទឹក​សម្រាប់​វិស័យ​កសិកម្ម និង​ខ្វះ​ទឹក​សម្រាប់​វារី​អគ្គីសនី និង​ខ្វះ​ធនធានមនុស្សដែលមានជំនាញ ដើម្បី​បម្រើ​វិស័យ​ការងារ​ចាំបាច់ ស្រប​ពេល​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៦,៨% នៅ​ឆ្នាំ២០២០ ខាង​មុខ។

ទាំងនេះអាចជាវិញ្ញាសា ដ៏លំបាកមួយសម្រាប់របបលោក ហ៊ុន សែន ដើម្បីធ្វើតេស្តទៅ​លើ​ភាព​ធន់​នឹង​សម្ពាធ​អន្តរជាតិ ដែល​មន្រ្តី​សហជីព​យល់​ឃើញ​ថា សម្ពាធ​បែប​នេះ មិន​គួរ​កើត​មាន និង​អាច​ចៀសវាង​បាន បើ​លោក ហ៊ុន សែន កុំ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល