មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ថ្កោលទោស​មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី​រឿង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

ដោយ រដ្ឋា វិសាល
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លោក វន គន្ធី ដែល​ចោទ​មន្ត្រី​ប៉ូលិស​ស្រុក​ថា​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​បង្ខំ​ឲ្យ​គាត់​ឆ្លើយ​សារភាព​កំហុស សម្រាក​ព្យាបាល​នៅ​ផ្ទះ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។
ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លោក វន គន្ធី ដែល​ចោទ​មន្ត្រី​ប៉ូលិស​ស្រុក​ថា​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​បង្ខំ​ឲ្យ​គាត់​ឆ្លើយ​សារភាព​កំហុស សម្រាក​ព្យាបាល​នៅ​ផ្ទះ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo ADHOC

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ស្រុក​មួយ​រូប ថា​បាន​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​បង្ខំ​ឲ្យ​គាត់​ឆ្លើយ​សារភាព​កំហុស និង​បង្ខំ​ឲ្យ​សង​សំណង​ជា​ប្រាក់​ដល់​ស្ត្រី​ម្នាក់​ដែល​បាន​ប្ដឹង​ប្រជាពលរដ្ឋ​នោះ ថា​បាន​វាយ​ដំ​នាង។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ករណី​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នេះ ថា​ជា​ការ​រំលោភ​ច្បាប់ និង​បំពាន​សិទ្ធិ​ពលរដ្ឋ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវនាវ​សុំ​ឲ្យ​ស្នងការ​ប៉ូលិស​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើប​អង្កេត​បន្ទាន់​មួយ ជុំវិញ​ករណី​សមត្ថកិច្ច​ប៉ូលិស​វាយ​ដំ​ប្រជាពលរដ្ឋ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព និង​បង់​ប្រាក់​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​បឋម​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ វន គន្ធី រស់នៅ​ភូមិ​អូរអាម នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​ប្ដឹង​មក​មន្ត្រី​សិទ្ធិ​មនុស្ស​ពី​ការ​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស ពី​សំណាក់​មន្ត្រី​ប៉ូលិស​ស្រុក។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ឲ្យ​ដឹង​ថា លោក​ចាត់​មន្ត្រី​ចុះ​អង្កេត​ករណី​នេះ​ភ្លាមៗ ដើម្បី​ប្រមូល​ភស្តុតាង និង​សាក្សី រៀបចំ​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ លោក​បន្ត​ថា ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​រំលោភ​ទៅ​លើ​រាង​កាយ​បុគ្គល​ណា ឬ​ការ​វាយ​ដំ​របស់​មន្ត្រី​កង​កម្លាំង ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​បាន​ប្រកាស មន្ត្រី​នគរបាល​ទាំងឡាយ​ត្រូវ​តែ​បម្រើ​ប្រជារាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គោរព​ប្រជាពលរដ្ឋ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ»

ការ​អង្កេត​បឋម​របស់​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា បុរស​ឈ្មោះ វន គន្ធី មាន​របួស​ហើម​មុខ និង​បែក​ច្រមុះ កំពុង​ព្យាបាល​របួស​នៅ​ផ្ទះ។ លោក​ថា ជន​រងគ្រោះ​បាន​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​កែវសីមា គឺ​លោក ផល លាង ថា​ជា​អ្នក​វាយ​ដំ​លើ​ផ្ទៃ​មុខ​ជន​រងគ្រោះ បង្ខំ​ឲ្យ​សារភាព។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ឈ្មោះ ផល លាង សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ ចំណែក​អធិការ​ប៉ូលិស​ស្រុក​កែវសីមា លោក សន ប៊ុនធឿន បដិសេធ​មិន​អធិប្បាយ ដោយ​លោក​ថា​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​នេះ​ក្តី សាក្សី​ដែល​ឋិត​ក្នុង​ហេតុការណ៍ គឺ​លោក ជុំ ហិ អះអាង​ថា លោក​បាន​ឃើញ លោក ផល លាង វាយ​លើ​ផ្ទៃ​មុខ លោក វន គន្ធី នៅ​ចំពោះ​មុខ​មន្ត្រី​ប៉ូលិស និង​ប្រជាពលរដ្ឋ​ដែល​បាន​អម​ដំណើរ​គូ​ភាគី​ជម្លោះ​នៅ​ការិយាល័យ​ប៉ូលិស។ លោក​បន្ត​ថា នឹង​ចូល​ទៅ​បំភ្លឺ​ក្នុង​ឋានៈ​ជា​សាក្សី ប្រសិន​បើ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ៖ «វាយ​គាត់​ហូរ​ឈាម​តាម​ច្រមុះ ខ្ញុំ​ខ្លោច​ចិត្ត​ដែរ​និយាយ​មិន​ចេញ ព្រោះ​កន្លែង​គេ។ ខ្ញុំ​ឃើញ​ច្បាស់​គាត់​វាយ​ខ្លាំង​មែន វាយ​មនុស្ស​ប្រៀបធៀប​ផ្លូវ​ច្បាប់​ខុស​ច្បាប់​ហើយ។ ខាង​សាក្សី​គេ​ក៏​ឃើញ​ច្រើន​ដែរ»

ទាក់ទិន​រឿង​ក្តី​នេះ​ដែរ លោក វន គន្ធី ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោ​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​ស្ត្រី​ឈ្មោះ យុច ដែល​មាន​លំនៅឋាន​ជិត​គ្នា។ បន្ទាប់​មក លោក​ក៏​ឡើង​មក​ផ្ទះ​សម្រាក​ទៅ។ រហូត​មក​ទល់​នឹង​ម៉ោង​ប្រមាណ ៧​យប់ ស្រាប់​តែ​ឃើញ​ប៉ូលិស​ស្រុក​កែវសីមា បី​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​មក​នាំ​ខ្លួន​លោក​យក​ទៅ​អធិការដ្ឋាន​ប៉ូលិស តាម​ពាក្យ​ប្ដឹង​របស់​ស្ត្រី​ឈ្មោះ យុច ដែល​បាន​ប្ដឹង​ចោទ​ថា លោក​បាន​វាយ​ស្ត្រី​នោះ។ លោក វន គន្ធី ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ប៉ូលិស​ឈ្មោះ ផល លាង បាន​ព្យាយាម​បង្ខំ​ឲ្យ​លោក​ឆ្លើយ​សារភាព​កំហុស និង​បង្ខំ​ឲ្យ​លោក​យល់ព្រម​សង​សំណង​ជា​ប្រាក់​ប្រមាណ ១​លាន​រៀល ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ យុច តែ​លោក​បដិសេធ ទើប​មន្ត្រី​ប៉ូលិស​វាយ​លើ​ផ្ទៃ​មុខ​លោក​ជាច្រើន​ដៃ រហូត​មាន​របួស​ចេញ​ឈាម ទើប​ប៉ូលិស​ចាប់​លោក​ដាក់​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ប្រមាណ ៣​ម៉ោង ហើយ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ ៣​ជិត​ភ្លឺ៖ «គេ​សម្លុត​ខ្ញុំ​ឲ្យ​សារភាព​ទៅ ឲ្យ​ខ្ញុំ​បង់​លុយ​កាក់។ ខ្ញុំ​ថា​អត់​លុយ។ ខ្ញុំ​អត់​មាន​ធ្វើ​ខុស​ទេ វា​វាយ​ខ្ញុំ​ទៅ អត់​មាន​អ្នក​ណា​ជួយ​ទេ។ ប៉ូលិស​បី​បួន​នាក់​ឈរ​មើល»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​អាដហុក លោក សុក រដ្ឋា ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ស៊ើប​អង្កេត​ទៅ​លើ​ភាគី​មន្ត្រី​ប៉ូលិស​បន្ត​ទៀត មុន​នឹង​រៀបចំ​ពាក្យ​អន្តរាគមន៍​ទៅ​ស្នងការ​ប៉ូលិស និង​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត ចាត់​វិធានការ​រឿង​នេះ​តាម​ផ្លូវ​ច្បាប់។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក វ៉ាន ដានីន ឲ្យ​ដឹង​ថា ស្នងការ​ប៉ូលិស​ខេត្ត​បាន​ទទួល​ព័ត៌មាន​នេះ និង​បាន​ចាត់​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ចុះ​អង្កេត​ករណី​នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល