អាដហុក​ស្នើ​UN​ប្រចាំ​កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​អតីត​មន្ត្រី​បក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ សេក បណ្ឌិត
2019.01.22
ស៊ឹង សែនករុណា ៦២២ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

សមាគម​ អាដហុក (Adhoc) បានសម្រេច​បញ្ជូន​របាយការណ៍​នៃ​ចាប់​ការ​ឃាត់ខ្លួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ និង​មន្ត្រី​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ (C.CAWDU) ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ទៅ​អង្គការសហប្រជាជាតិ​​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​កំពូល​មួយ​នេះ ជួយ​អន្តរាគមន៍​​ឱ្យ​​មានការ​ដោះលែង​អ្នក​ទាំងពីរ។ ​អន្តរាគមន៍​របស់​សមាគម​ អាដហុក នៅ​ពេល​នេះ ខណៈ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បន្ត​ឃុំខ្លួន និង​សួរចម្លើយ​អ្នក​ទាំងពីរ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២២ មករា​ថា មូលហេតុ​ដែល​សមាគម​ អាដហុក ស្នើ​ទៅ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ​ដោយ​សង្កេត​ឃើញ​ថា ផ្អែកលើ​អង្គហេតុ និង​សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទេ។ លោក​បន្ត​ថា បើ​មើល​ទិដ្ឋភាព​នៃ​ការ​ចាប់ខ្លួន​នេះ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នក​ទាំងពីរ ខណៈ​ពួកគាត់​ម្នាក់​មាន​អតីត​ភាពជា​មន្ត្រី​គណបក្សប្រឆាំង និង​ម្នាក់ទៀត​ជា​សកម្មជន​សិទ្ធិ​ការងារ៖ «មាន​ភាព​អយុត្តិធម៌​ចំពោះ​គាត់ ដោយ​គាត់​មាន​អតីត​ភាពជា​គណបក្ស​ប្រឆាំង គ្រាន់​តែ​មាន​វត្ត​មាននៅ​កន្លែង​ហ្នឹង​គាត់​គ្រាន់តែ​ឃ្លាំមើល បែរ​ជា​ជា​គាត់​រស់នៅ​ក្នុង​សង្គម​ដូច​គេឯង ពេល​ឃើញ​គាត់ គាត់​មិនទាន់​និយាយ​អី​ផង​ចាប់ខ្លួន​យក​ទៅ​កសាង​សំណុំរឿង»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា បើ​សិន​ករណី​ចាប់ខ្លួន​នេះ​គឺជា​រឿង​ដីធ្លី អាជ្ញាធរ​ខេត្ត គួរតែ​ដោះលែង​ពួកគេ​វិញ ព្រោះ​កន្លងទៅ​មេដឹកនាំ​របប​នេះ​ប្រកាស​មិន​ឱ្យ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ទាក់ទង​នឹង​រឿង​វិវាទ​ដីធ្លី​ទេ។ គិត​មកដល់​ថ្ងៃ​ទី​២២ មករា គឺជា​ថ្ងៃ​ទី​២ នៃ​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោយពេល​ពួកគេ​ត្រូវ​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន បញ្ជា​ទៅ​សមត្ថកិច្ច​ចម្រុះ​ឱ្យ​ចាប់ខ្លួន​ក្នុង​បរិវេណ​ដី​មាន​ជម្លោះ​ក្នុង​តំបន់​ក្បាលឆាយ កាលពី​ថ្ងៃ​ទី​២១ មករា។

ដំណាលគ្នា​នៃ​ការ​អន្តរាគមន៍​របស់​សមាគ​អាដហុក នេះ​ដែរ តំណាង​ពលរដ្ឋ​ស្ថិត​ក្នុង​ដី​មាន​ជម្លោះ ក៏បាន​នាំគ្នា​ទៅ​ជួប​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ដើម្បី​ស្នើ​ទៅ​លោក​អភិបាលខេត្ត​ដោះលែង​ពលរដ្ឋ​ទាំងពីរ​រូប​នេះ​មក​វិញ។

ភរិយា​របស់​លោក ឆាយ រ័ត្ន លោកស្រី សំ សារ៉ាត់ ឱ្យ​ដឹង​ថា លោក យន្ត មីន ប្រាប់​តំណាង​ពលរដ្ឋ​ឱ្យ​រង់ចាំ​សិន​ដើម្បី​ទុក​ពេល​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ។ លោកស្រី សំ សារ៉ាត់ រំពឹង​ថា ក្រោយ​សមត្ថកិច្ច​សួរនាំ​ចប់​សព្វគ្រប់ ស្វាមី​លោកស្រី និង​សកម្មជន​សិទ្ធិ​ការងារ​ម្នាក់ទៀត​នឹង​ត្រូវ​បាន​ដោះលែង ព្រោះ​អ្នក​ទាំង​ពីរ​បាន​មិនបាន​ប្រព្រឹត្ត​កំហុស ឬ​ញុះញង់ ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ទាមទារ​ប្រឆាំង​នឹង​ការអនុវត្ត​ការងារ​របស់​សមត្ថកិច្ច​ឡើយ៖ «យើង​អត់​មាន​ធ្វើ​អី​ខុស​ហើយ បើ​ប្ដី​បង​ធ្វើ​អី​ខុស​យើង​អត់​មាន​រំពឹង​ទេ ប៉ុន្តែ​នេះ​អត់​មាន​ធ្វើ​អី​ខុស​សោះ»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

កាលពី​ថ្ងៃ​ទី​២១ មករា អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ស្រ៊ុន ស្រ៊ន បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក លោក ឆាយ រ័ត្ន អតីត​ចៅ​សង្កាត់​រង​ទី​២ គណបក្សប្រឆាំង ក្នុង​ពេល​លោក​ដើរ​ពី​ដី​របស់​ខ្លួន​ទៅ​មើល​កន្លែង​កើត​ហេតុ។ សមត្ថកិច្ច​ក៏​ចាប់ខ្លួន​លោក ទេព សុផា ម្នាក់ទៀត ដែល​ជា​បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ របស់​លោក អាត់ ធន់។

មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​អ្នក​ទាំងពីរ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​កាយ​ព្រំ​ដី​ក្នុង​តំបន់​ក្បាលឆាយ​ដើម្បី​កំណត់​ថា ដី​តំបន់​ណា​ជា​ដី​ការពារ​របស់​រដ្ឋ និង​ដី​តំបន់​ណា ដែល​អាច​ឱ្យ​ពលរដ្ឋ​រស់នៅ​បាន។ ប៉ុន្តែ​ក្នុង​ពេល​កាយ​ព្រំប្រទល់​ដី​នេះ ក្រុម​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ រស់នៅ​ចំណុច​ក្រុម​១៨ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​កំណត់ ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ក្បាលឆាយ។ ពួកគេ​នាំគ្នា​ប្រឆាំង​ទាស់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ជាច្រើន​សប្ដាហ៍​មក​ហើយ។

អ្នក​សម្របសម្រួល​របស់​សមាគម​អាដហុក នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ដែល​បាន​ចុះទៅ​ជួប​លោក ឆាយ រត្ន័ និង​លោក ទេព សុផា ក្នុង​ពេល​សមត្ថកិច្ច​បញ្ជូន​ពួកគេ​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ថា ការសាកសួរ​អ្នក​ទាំង​កំពុង​ស្ថិត​ក្នុង​ដៃ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន។ លោកស្រី​បន្ត​ថា មន្ត្រី​ជំនាញ​មិនបាន​ផ្ដល់​ព័ត៌មាន​ណាមួយ​ឱ្យ​លោកស្រី​ដឹង​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា កំពុង​ធ្វើតាម​នីតិវិធី៖ «ខ្ញុំ​សួរ​ខាង​បរិស្ថាន​គេ​ថា អាជ្ញាធរ​ថា ឱ្យ​ធ្វើតាម​នីតិវិធី​គេ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង​ទេ អ៊ីចឹង​តាម​នីតិវិធី​មានតែ​បញ្ជូន​ទៅ​តុលាការ»

លោកស្រី ជៀប សុធារី ព្រួយបារម្ភ​ថា សមត្ថកិច្ច​អាច​នឹង​បន្ត​នីតិវិធី​ដោយ​បញ្ជូន​ពួកគេ​ទៅ​តុលាការ។

ចំណែក អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ថា សមាគម​អាដហុក នឹង​ត្រៀម​ដាក់​មេធាវី​ដើម្បី​ជួយ​ការពារ​អ្នក​ទាំងពីរ​តាម​នីតិវិធី។ ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ ក្រោយ​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​កម្ទេច​ប្រឆាំង​បន្ថែម​ទៀត បើ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​របប​លោក។ ក្រៅពី​អ្នក​ទាំងពីរ​រូប​នេះ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ទៀត គឺ​លោក គង់ ម៉ាស់ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទមជ្ឈិម​ជាអាទិ៍ និង​បទ​ប្រមាថ ហើយ​បច្ចុប្បន្ន​ក្នុង​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។