មន្ត្រី​អាដហុក​ខេត្ត​រតនគិរី​ថា​រង​ការ​គំរាម​សម្លាប់​ពេល​ចុះ​អង្កេត​បទល្មើស​ព្រៃ​ឈើ

ដោយ រដ្ឋា វិសាល
2017-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី (ឆ្វេង) និង​គណៈកម្មការ​សហគមន៍​ព្រៃ​ការពារ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ចុះ​ពិនិត្យ​កន្លែង​កាប់​យក​ឈើ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ Photo ADHOC
មន្ត្រី​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី (ឆ្វេង) និង​គណៈកម្មការ​សហគមន៍​ព្រៃ​ការពារ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ចុះ​ពិនិត្យ​កន្លែង​កាប់​យក​ឈើ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

មន្ត្រី​ឃ្លាំ​មើល​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី អះអាង​ថា សមាជិក​សហគមន៍​ម្នាក់​គំរាម​សម្លាប់​លោក ខណៈ​ចុះ​អង្កេត​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​អភិរក្ស។ ចំណែក​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ក៏​បង្ហាញ​ការ​ភ័យ​ខ្លាច​ក្រុម​អ្នក​កាប់​ឈើ​ប្រើ​អំពើ​ហិង្សា ទាក់ទិន​ការ​ចុះ​ពិនិត្យ​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ។

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​អង្គការ​អាដហុក ខេត្ត​រតនគិរី ចាត់​ទុក​ការ​គំរាម​កំហែង​នេះ ថា​ជា​រឿង​បុគ្គល​ដែល​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា អ្នក​សម្របសម្រួល​អង្គការ​អាដហុក រួម​ជាមួយ​ប្រធាន​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃ​សហគមន៍ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ឈើ​មូល​ក្នុង​ព្រៃ​ការពារ ត្រូវ​បាន​គេ​កាប់​លក់​ទៅ​ឲ្យ​ឈ្មួញ​កាន់​តែ​ច្រើន​ឡើង។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា សមាជិក​សហគមន៍​ភូមិ​ឡែ ម្នាក់​ក្នុង​ចំណោម​គ្នា​ច្រើន​នាក់ ពោល​ពាក្យ​គំរាម​សម្លាប់​នេះ​បន្ទាប់​ពី​គណៈកម្មការ​សហគមន៍​ជូន​ដំណើរ​លោក​ចូល​ព្រៃ​ពិនិត្យ​ស្ថានភាព​ព្រៃ​ការពារ ដែល​រង​ការ​កាប់​បំផ្លាញ។ លោក​បន្ត​ថា ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ការពារ ត្រូវ​គេ​កាប់​អស់​ស្ទើរ​គ្មាន​សល់​ពេល ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន៖ «គំរាម​ចង់​វាយ​យើង។ អ៊ីចឹង​ខ្ញុំ​ក៏​បាន​អន្តរាគមន៍​តាម​រយៈ​មេ​ឃុំ មេ​ឃុំ​គាត់​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស។ ខ្ញុំ​ចេញ​មក​ជាមួយ​មនុស្ស​ច្រើន​ដែល​រស់នៅ​ក្បែរ​នោះ អត់​ស្អី​ដែរ»

ក្រសួង​កសិកម្ម បាន​កាត់​ចេញ​តំបន់​គម្រប​ព្រៃ​ឈើ​ជាង ២.៧០០​ហិកតារ ប្រគល់​ឲ្យ​សហគមន៍​ភូមិ​ឡែ ក្នុង​ឃុំ​លំជ័រ អភិរក្ស​ជា​ព្រៃ​ការពារ​សហគមន៍ ក៏ប៉ុន្តែ​គណៈកម្មការ​សហគមន៍​អះអាង​ថា សមាជិក​សហគមន៍​ភូមិ​ឡែ និង​សហគមន៍​ជិត​ខាង​ខ្លះ គឺ​ជា​អ្នក​កាប់​យក​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ចំណែក​គណៈកម្មការ​សហគមន៍​គ្មាន​លទ្ធភាព​បង្ក្រាប។ លើស​ពី​នេះ​ទៀត គណៈកម្មការ​សហគមន៍​បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ជួយ​ទប់ស្កាត់ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​កិច្ច​សហការ​ជាក់លាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ទេ។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន ទទួល​ស្គាល់​ថា សមាជិក​សហគមន៍​ពិត​ជា​បាន​គំរាម​ក្រុម​ចុះ​ពិនិត្យ​ព្រៃ​ឈើ ជាពិសេស​អាជ្ញាធរ​ភូមិ-ឃុំ​មាន​ការ​ភ័យ​ខ្លាច​ជន​ខិលខូច​ទាំងនោះ ប្រើ​អំពើ​ហិង្សា​ពេល​ចូល​ព្រៃ​ស្វែងរក​អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ​ដោយ​គ្មាន​កង​កម្លាំង​សហការ។ លោក​កត់​សម្គាល់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​កាប់​យក​ឈើ​ពី​ព្រៃ​សហគមន៍​កើន​ច្រើន តែ​គ្មាន​ការ​បង្ក្រាប៖ «និយាយ​ថា​ខ្ញុំ​មិន​ហ៊ាន​ចូល​ព្រៃ ខ្លាច​គេ​ដែរ! អ្នក​ភូមិ​ឡែ និយាយ​ពាក្យ​ថា​ចង់​វាយ​ចោល​តែ​ម្តង ជេរ​បង​ខ្ញុំ​ទៀត បង​បង្កើត​ខ្ញុំ ប្រធាន​សហគមន៍»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា សមាជិក​សហគមន៍​ភូមិ​ឡែ ម្នាក់​បាន​បង្ហោះ​រូបភាព​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ និង​បញ្ចេញ​ទស្សនៈ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​មាន​ខ្លឹមសារ​ថា «ឯណា​ទៅ​ច្បាប់​ព្រៃ​ឈើ? អស់​ឈើ​ហើយ​តំបន់​ព្រៃ​ការពារ​ភូមិ​ឡែ។ តើ​ហេតុ​អ្វី​សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប​ជន​ខិលខូច​អារ​ឈើ​ខុស​ច្បាប់? អ្នក​មាន​អំណាច គេ​មិន​សូវ​ខ្វល់​ពី​ធនធាន​ព្រៃ​ឈើ​នោះ​ទេ គិត​តែ​ពី​ដណ្ដើម​អំណាច»

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​នេះ​នៅ​ឡើយ ក៏ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ព្រៃ​ការពារ​សហគមន៍​គឺ​មាន​គណៈកម្មការ​សហគមន៍​ជា​អ្នក​ទទួល​ខុស​ត្រូវ​អភិរក្ស មិន​អនុញ្ញាត​ឲ្យ​ជន​ណា​កាប់​យក​ឈើ​បាន​ឡើយ៖ «បើ​សិន​គាត់​ធ្វើ​អ៊ីចឹង ខុស​លក្ខន្តិកៈ ខុស​គោលការណ៍។ យើង​ប្រគល់​ឲ្យ​គាត់។ ចាំ​មើល​ខ្ញុំ​សួរ​ខាង​ស្រុក រឿង​ហ្នឹង​ម៉េច​ទៅ​ជា​អ៊ីចឹង»

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ សម្ដែង​ការ​ភ្ញាក់ផ្អើល ខណៈ​អាស៊ីសេរី សុំ​បញ្ជាក់​ពី​ករណី​នេះ។ លោក​ថា​នឹង​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​រឿង​នេះ៖ «ដល់​សមាជិក​សហគមន៍​ធ្វើ​អ៊ីចឹង ចប់​ហើយ​នេះ! ចាំ​ខ្ញុំ​ឲ្យ​ខាង​សហគមន៍​ទៅ​មើល​ប្រមូល​ឯកសារ​នេះ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ លោក ឌិន ខុន្នី អះអាង​ថា លោក​កំពុង​ធ្វើ​លិខិត​អន្តរាគមន៍​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​អាជ្ញាធរ​ខេត្ត ប្រសិន​គ្មាន​ការ​ទប់ស្កាត់​ទៀត លោក​នឹង​អន្តរាគមន៍​បន្ថែម​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល