អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ មួង ណារ៉េត
2017-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ  រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

ក្នុង​យុទ្ធនាការ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​រួម​គ្នា​សរសេរ​លិខិត​អំពាវនាវ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ក៏បាន ដោយ​ទីមួយ​ទាមទារ ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក អ៊ួន ឈិន និង លោក​យាង សុធារិន្ទ (យាង សុជាមេត្តា) ដែល​ជា​អ្នក​ទោស​មនសិការ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ  និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់​ទាំង​អស់។ ទី​ពីរ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​តាមដាន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ លិខិត​អំពាវនាវ​នេះ ត្រូវ​ផ្ញើ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ចម្លង​ជូន​លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨។ អង្គការ​លើកលែងទោស​អន្តរជាតិ ក៏​ស្នើ​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការ​សរសេរ​លិខិត​អំពាវនាវ ផ្ញើ​លិខិត​នេះ​ទៅ​មន្ត្រី​តំណាង​ទូត​កម្ពុជា ប្រចាំ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ចំ​ពេល​មេធាវី​ការពារ​ក្តី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​លោក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ នេះ។ នេះ​ជា​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​ជា​លើក​ទី​២​ហើយ ដែល​មេធាវី​បាន​ស្នើ​សុំ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​បាន​បដិសេធ​ចោល​បណ្តឹង​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ កន្លង​ទៅ​នេះ។

មេធាវី​ការពារ​ក្តី លោក កែវ វ៉ាន់នី បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​នេះ​ដោយសារ​តែ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​មិន​អនុញ្ញាត​ឱ្យ​កូន​ក្តី​ទាំង​ពីរ​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​រឿង​អយុត្តិធម៌​បំផុត៖ «»។

​លោក​បញ្ជាក់​ថា គ្មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដែល​ចៅក្រម​ស៊ើបសួរ​ត្រូវ​ឃុំ​ខ្លួន​កូនក្តី​លោក​ទាល់​តែ​សោះ ដោយហេតុ​ថា កូនក្តី​របស់​លោក​ទាំង​ពីរ​មាន​ទីលំនៅ​ច្បាស់លាស់ ហើយ​កូន​ក្តី​លោក​សន្យា​ថា នឹង​មិន​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​ការ​ច្របូកច្របល់​ឡើយ។ ជា​គោលការណ៍​ច្បាប់​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។

​លោក កែវ វ៉ាន់នី បាន​ឱ្យ​ដឹង​បន្ត​ថា លោក​នឹង​ដាក់​សារណា​ការពារ​ទៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​នៅ​ពេល​ខាង​មុខ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ស្នើឱ្យ​សភា​ស៊ើបសួរ​សម្រេច​ទាត់​ចោល​សេចក្ដី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ និង​ស្នើ​សុំឱ្យ​ដោះលែង​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​ដោយ​ឥត​លក្ខខណ្ឌ។  សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ត្រូវ​បើក​សវនាការ​មុន​អង្គ​សេចក្ដី​ក្នុង​រយៈពេល ១៥​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​ស្នើ​សុំ​ជា​លើក​ទី​២​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល