ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​១២​នាក់​ដាក់​ញត្តិ​នៅ​សាលា​ឧទ្ធរណ៍​សុំ​សើរើ​សំណុំ​រឿង

ដោយ រ៉ាន់ សំណាង
2014.12.24
ពលរដ្ឋ​បឹងកក់ តវ៉ា​មុខ​សាលាឧទ្ធរណ៍ ៦២០ ពលរដ្ឋ​សហគមន៍​ដី​ធ្លី​បឹងកក់ តវ៉ា​មុខ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ធ្នូ ២០១៤។
RFA

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ ៥០​នាក់ លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ដើម្បី​ស្នើ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ លើក​សំណុំ​រឿង​ស្ត្រី​ជាប់​ឃុំ ១១​នាក់ និង​ព្រះសង្ឃ ១​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស មក​កាត់​ក្ដី​ឡើង​វិញ។

ក្នុង​លិខិត​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​លើក​ឡើង​ពី​ភាព​អយុត្តិធម៌​ដែល​សម្រេច​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ សាច់ញាតិ​អ្នក​ជាប់​ឃុំ ថ្កោលទោស​សាលក្រម​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ដាក់​គុក​អ្នក​បឹងកក់​ទាំង​នោះ​រហូត ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ដោយ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ទាល់​តែ​សោះ ហើយ​អាជ្ញាធរ​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ទាក់ទង​នឹង​ការ​ដាក់​ញត្តិ​នេះ តំណាង​ក្រុម​គ្រួសារ​ស្ត្រី​ជាប់​ឃុំ ១១​នាក់ លោកស្រី បូវ សោភា ស្នើសុំ​ប្រធាន​សាលា​ឧទ្ធរណ៍​សើរើ​សំណុំ​រឿង​អ្នក​ជាប់ ១២​នាក់​ឡើង​វិញ និង​ទម្លាក់​បទ​ចោទ​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «អ្វី​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ គឺ​បញ្ហា​អាយុ​ជីវិត​ពួក​គាត់​តែ​ម្តង។ ពួក​ខ្ញុំ គឺ​ពន្លឿន​ឲ្យ​មាន​ការ​ដោះស្រាយ តែ​ខ្ញុំ​មក​ដល់​គេ​ប្រាប់​ថា រឿង​នេះ​គេ​នឹង​លើក​យក​កាត់​ក្តី​នៅ​ថ្ងៃ​ទី​២២ ខែ​១ ឆ្នាំ​២០១៥»

ខណៈ​ដែល​ពលរដ្ឋ​ដាក់​ញត្តិ​ជូន​ប្រធាន​សាលា​ឧទ្ធរណ៍ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ប្រមាណ ៣០​នាក់។ ការ​ដាក់​កម្លាំង​បម្រុង​បែប​នេះ ដោយសារ​តែ​អាជ្ញាធរ​មិន​ចង់​ឲ្យ​អ្នក​តវ៉ា​ឈាន​ដល់​ការ​បិទ​វិថី​ព្រះស៊ីសុវត្ថិ ដែល​អាច​រាំង​ស្ទះ​ដល់​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​ប្រទេស​វៀតណាម មក​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។