នាយក​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ CCIM ស្នើ​ឲ្យ​អប់រំ​ពលរដ្ឋ​ពី​តម្លៃ​ព័ត៌មាន

ដោយ ម៉ៅ សុធានី
2018-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
រូបថត៖ ហ្វេសប៊ុក លោក ណុប វី

អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន បារម្ភ​ខ្លាច​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​យក​លេស​ករណី​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គ្រប់គ្រង ឬ​ទប់ស្កាត់​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

ក្តី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ក្រោយ​ដែល​មន្ត្រី​ជំនាញ​វៀតណាម​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត បង្រៀន​មន្ត្រី​ខ្មែរ​ពី​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម និង​ទប់ស្កាត់​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃទី១២ ខែ​ធ្នូ នៅ​រាជធានី​ភ្នំពេញ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ លោក ណុប វី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់ដឹង ព័ត៌មាន​ក្លែងក្លាយ​ដល់​ប្រជាពលរដ្ឋ និង​ឲ្យ​មាន​តម្លាភាព ទាក់ទង​នឹង​ព័ត៌មាន​ក្លែងក្លាយ ជា​ជាង​ចាត់វិធានការ​ច្បាប់​បំបាត់​បញ្ហា​នេះ​៖ «អ្វី​ដែល​យើង​បារម្ភ ក្រែង​មាន​បុគ្គល​ណាមួយ​ក្រុម ដែល​មាន​វិធានការ​ដែល​ជា​ហេតុផល ជា​លេស នៅ​ក្នុង​ការគ្រប់គ្រង ការ​បញ្ចេញ​យោបល់​របស់​ពលរដ្ឋ ការ​សរសេរ​ក្នុង​ការ​ចូលរួម​មតិ និង​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​យើង​ចង់​ឃើញ​ឲ្យ​មាន​តម្លាភាព​ច្បាស់លាស់ និង​គណនេយ្យ​ភាព​សង្គម ក្នុង​ការ​គ្រប់គ្រង​ហ្នឹង។ យើង​ចង់​ឃើញ​ការអប់រំ​ប្រជាពលរដ្ឋ​ច្រើនជាង»

រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន លោក ហ៊ុយ សារ៉ាវុធ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដកស្រង់​សម្ដី កាលពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ថា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប ការ​ចែករំលែក​ព័ត៌មាន និង​ការ​ទទួល​បាន​ព័ត៌មាន គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សាធារណជន។ ក៏ប៉ុន្តែ​លោក​ថា ការ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំផ្លើស បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សង្គម សេដ្ឋកិច្ច សន្តិសុខ​ជាតិ និង​សេចក្ដីថ្លៃថ្នូរ របស់​បុគ្គល ស្ថាប័ន និង​ទំនាក់ទំនង​ការទូត​ជាដើម។

ចំណែក​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក វ៉ូ គួងមីញ (VU QUANG MINH) លើកឡើង​ថា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា កំពុង​ជះឥទ្ធិពល​អាក្រក់ ចំពោះ​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​វៀតណាម។

លោក វ៉ូ គួងមីញ ក៏បាន​សង្កត់ធ្ងន់​ថា ប្រទេស​ទាំងពីរ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​លើ​បញ្ហា​សន្តិសុខ និង​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ នៅ​តាម​ប្រព័ន្ធ​សង្គម ដែល​នាំ​ឲ្យ​មានការ​ញុះញង់ និង​អំពើ​ហិង្សា។

ស្ថិតិ​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត ប្រមាណ ១២​លាន​នាក់ ក្នុង​នោះ​៧​លាន​នាក់ ប្រើប្រាស់​ប្រព័ន្ធ​សង្គម រួមមាន​ហ្វេសប៊ុក។ ចំណែក​នៅ​ប្រទេស​វៀតណាម​វិញ ពលរដ្ឋ​ប្រើប្រាស់​អ៊ីនធឺណិត មាន​ចំនួន ៦៤​លាន​នាក់ ក្នុង​នោះ​អ្នកប្រើប្រាស់​ហ្វេសប៊ុក មាន ៥៥​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល