សង្គម​ស៊ីវិល​ថា សិទ្ធិ​សេរីភាព​របស់​ពួក​គេ​នឹង​មិន​អាច​ប្រសើរ​ឡើង​តាមរយៈ​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ឡើយ

ដោយ សេក បណ្ឌិត
2018-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បើក​សិទ្ធិ​ឱ្យ​ពួកគេ​​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នៅ​តែ​សម្ដែង​មន្ទិល​សង្ស័យ​ជុំវិញ​ភាព​ស្មោះត្រង់​របស់​ក្រសួង​ដដែល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អនុវត្ត​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​រឿង​បើក​សិទ្ធិ​ឱ្យ​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង​នោះ ឱ្យ​មាន​ប្រសិទ្ធភាព។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី៣១ តុលា កន្លង​ទៅ បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​ធ្វើការ​ជាមួយ​នឹង​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន។ ក្រសួង​មហាផ្ទៃ​ថ្លែង​​ថា សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​តាម​ច្បាប់ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​រារាំង​ និង​រំលោភ​បំពាន​ឡើយ។ ក្រសួង​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​ការ​រារាំង​ ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ ត្រូវ​រាយការណ៍​ករណី​នេះ​ជូន​អភិបាល​ខេត្ត​ ក្រុង​ ឬ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​សម្រួល​ និង​ដោះស្រាយ​បញ្ហា​នោះ។ ក្រៅ​ពី​នេះ ក្រសួង​មហាផ្ទៃ​ក៏​តម្រូវ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ជាន់​ថ្នាក់​ សហការ​សម្របសម្រួល​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ទៀង​ទាត់​រៀងរាល់​ឆមាស ឬ​តាម​ការ​ចាំបាច់​ផង​ដែរ ហើយ​អភិបាល​ខេត្ត​ក្រុង​ ត្រូវ​បូក​សរុប​ការ​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ​ រួម​ទាំង​បញ្ហា​នានា​​ដែល​ខ្លួន​មិន​អាច​ដោះស្រាយ​បាន​ ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដើម្បី​ជួយ​គាំទ្រ​ និង​សហការ​ដោះស្រាយ​ផង​ដែរ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ថ្លែង​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃនេះ​នឹង​ធ្វើឲ្យ​មាន​លំហ​ធ្វើ​ការ​សម្រាប់​សង្គម​ស៊ីវិល​បាន​គ្រាន់​បើ​ជាង​ពេល​​មុន។ លោក​បន្ត​ថា ​កន្លង​ទៅ អាជ្ញាធរ​បាន​ប្រើប្រាស់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដើម្បី​គំរាម​កំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​​​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ នៅ​ពេល​ចុះ​ធ្វើ​សកម្ម​ភាព​​តាម​មូលដ្ឋាន​ម្តងៗ។ លោក​​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ ដោយ​បញ្ឈប់​​ការ​លាប​ពណ៌ ការ​ចោទ​ប្រកាន់ ការ​រារាំង ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​​មូលដ្ឋាន​បន្ត​ទៅទៀត«យើង​ចង់​ឱ្យ​អាជ្ញាធរ​មាន​កិច្ច​ប្រតិបត្តិការ​​ និង​ជួយ​សម្រប​សម្រួល​ការ​ងារ​របស់​អង្គការ​សមាគម​ និង​សកម្មភាព​ការងារ​របស់​សហគមន៍​ ដោយ​ស្មើ​ភាព​ ​ឈរ​លើ​គោលការណ៍​ផ្លូវ​ច្បាប់​ យុត្តិ​ធម៌​ និង​ការ​គោរព​សិទ្ធិ​។​ មិន​ត្រូវ​រើស​អើង​ ឬ​ក៏​ចោទ​​ប្រកាន់​​​ក្រុម​​សមាគម ​អង្គការ​សង្គម​ស៊ី​វិល​ ឬ​ក៏​សហគមន៍​មូលដ្ឋាន​ទាំង​ផ្លូវ​ការ​ និង​ក្រៅ​ផ្លូវ​ការ​មិនបាន​ចុះ​បញ្ជី​ហ្នឹង ​​គឺ​ជា​ក្រុម​​ប្រឆាំង​នោះ​ឡើយ»

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​​ថា សេចក្ដី​ណែនាំ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​រិះគន់​ពី​សាធារណជន​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​រារាំង​ពួកគេ​មិន​ឱ្យ​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថ្លែង​​ថា ប្រសិន​បើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​អាច​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ណែនាំ​នេះ​មែន​ នោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាមួយ​នឹង​សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​នឹង​មាន​ភាព​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ទេ​ថា សេចក្តី​ណែនាំ​នេះ​នឹង​អាច​អនុវត្ត​បាន​ពេញ​លេញ​នោះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​អាច​នឹង​យក​ហេតុ​ផល​ផ្សេង​ទៀត ដើម្បី​មក​រារាំង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន៖ «យើង​រង់​ចាំ​មើល​ក្រោយ​ពី​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ចេញ​នេះ​ហើយ​​ តើ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​​ដូច​ពី​មុន ​ឬ​​មួយ​យ៉ាង​ម៉េច?​ ខ្ញុំ​គិត​ថា​ខ្លឹម​សារ​លិខិត​ល្អ អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​​ អនុវត្ត​ទៅ​តាម​ខ្លឹម​សារ​​នៃ​លិខិត​នេះ​ជា​ជាង​អនុវត្ត​ទៅ​តាម​បទ​បញ្ជា»

សិទ្ធ​សេរីភាព​របស់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​បាន​កាត់​បន្ថយ និង​រួម​តូច​ជាង​មុន​ ក្រោយ​​​​​ពេល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ២០១៥ កន្លងទៅ។ ក្រៅ​ពី​​ច្បាប់​នេះ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា និង​បទបញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បន្ថែម​ការ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​លើ​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ បន្ថែម​ពី​លើ​នេះ នៅមុន​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​មក​ដល់ របប​ក្រុង​ភ្នំពេញ​ក៏​​បាន​ដាក់​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​តាម​ដាន​ និង​ក្ដាប់​រាល់​ព័ត៌មាន​របស់​​អង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ដែល​របប​នេះ​​សង្ស័យ​​ថា មាន​និន្នាការ​ប្រឆាំង​ទៀត​ផង​។ ការ​តាម​ដាន​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​​​វេលា​រាល់​សកម្មភាព​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​មូលដ្ឋាន​ ដែល​របបនេះ​​ចោទ​ថា ប៉ុនប៉ង​បង្ក​​អស្ថិរភាព​ និង​ភាព​វឹកវរ​ក្នុង​សង្គម។ ដោយសារតែ​មូល​ហេតុ​ទាំងនេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ហាម​ឃាត់ និង​រឹតត្បិត​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ពេល​ពួក​គេ​ចុះ​ធ្វើ​សកម្ម​ភាព​តាម​មូលដ្ឋាន។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះវិហារ លោក អាង ជាតិឡោម យល់​ឃើញ​​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ មាន​ចំណុច​វិជ្ជមាន​មួយ​ គឺ​ឱ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ជា​មួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់។ ក៏​ប៉ុន្តែ​លោក​ថា នេះ​​មិនមែន​បាន​ន័យ​ថា​ សិទ្ធិ​សេរីភាព​របស់​​​អង្គការ​សង្គម​ស៊ីវិល​មាន​ដូច​ដើម​វិញ​​នោះ​ឡើយ​ ដោយ​សារ​តែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រឹតត្បិត​រួច​ជាស្រេច​ទៅ​ហើយ​លើ​លំហ​ការងារ​ និង​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​។ លោក​យល់​ថា សេចក្ដី​ណែនាំ​នេះ មាន​ទិស​ដៅ​ឱ្យ​សង្គម​ស៊ីវិល​អនុវត្ត​ការងារ និង​សកម្មភាព​របស់​ខ្លួន​​ស្រប​ទៅតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «នៅក្នុង​​ទិដ្ឋភាព​លិខិត​ទាំង​មូល ​​​មើល​ទៅ​គឺ​ជា​លិខិត​មួយ​ដែល​​ណែ​នាំ​ឱ្យ​​អ្នក​ទាំងអស់​គ្នា​ត្រូវ​តែ​អនុវត្ត​ច្បាប់​​អង្គការ​សង្គមស៊ីវិល​ហ្នឹង។ ​​យើង​ធ្វើ​ការ​​នៅ​មូលដ្ឋាន​​ គឺ​ត្រូវ​មាន​ផែន​ការ​ដាក់​​ទៅ​សាលាខេត្ត​​ ដាក់​ទៅ​អភិបាល​ខេត្ត​ ដើម្បី​ឱ្យ​គាត់​​​ចុះ​​​​​ហត្ថលេខា​ឯក​ភាព​លើ​​សកម្ម​ភាព​ហ្នឹង​ហើយ ទើប​យើង​​អនុត្ត​ការ​ងារ​នោះ​បាន។ ​នេះ​​បាន​ន័យ​​ថា​ មិន​មាន​សេរីភាព​ក្នុង​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​នោះ​ទេ​ ពី​ព្រោះ​ការ​ងារ ឬ​​ផែន​ការ​​​ដែល​យើង​​ដាក់​ទៅ​ ត្រូវ​មាន​គេ​ត្រួត​ពិនិត្យ​រួច​ហើយ ​​​ទើប​គេ​អនុញ្ញាត។ បើ​​ចៅហ្វាយ​ខេត្ត​ណា​មួយ​ដែល​គាត់​មិន​ចង់​​អនុញ្ញាត​ឱ្យ​​ធ្វើ ​​គឺ​អត់​បាន​ធ្វើ​ដដែល​ហ្នឹង»

ចំណែក ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ វិញ ថ្លែង​ថា សេចក្ដី​ណែ​នាំ​​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​​ជា​ការ​បន្ធូរ​បន្ថយ​សម្ពាធ​ដែល​ខ្លួន​បាន​ដាក់​ទៅ​​លើ​អង្គការ​សង្គម​ស៊ីវិល។ ក៏​ប៉ុន្តែ​លោក​បារម្ភ​ថា ខ្លឹមសារ​នៃ​លិខិត​នេះ​អាច​នឹង​មិន​បាន​ជ្រួតជ្រាប​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​ ហើយ​បទបញ្ជា​ចាស់​ដែល​ឱ្យ​តាម​ដាន​ និង​ឃ្លាំមើល​សកម្មភាព​របស់​សង្គម​ស៊ីវិល ដែល​ជា​វិធានការ​រឹតត្បិត​ដ៏​ជ្រុល​​ហួសហេតុ​នោះ​​ អាច​នឹង​នៅ​តែ​កើត​មាន​ដដែល៖ «យើង​បារម្ភ​ថា​ អាជ្ញាធរ​ពេល​នេះ​​គឺ​នៅ​តែ​អនុវត្ត​ខ្លឹម​សារ​នៃ​លិខិត​​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ដែល​លិខិត​នោះ​មាន​ខ្លឹមសារ​ឱ្យ​​អាជ្ញាធរ​គ្រប់​លំ​ដាប់​​ថ្នាក់​​ ត្រូវ​តាម​ដាន​ដោយ​មិន​ពព្រិច​ភ្នែក​ទៅ​លើ​សកម្មភាព​របស់​​សង្គម​ស៊ីវិល​តែម្ដង​ ជា​ពិសេស​សកម្មភាព​​ប្រមូលផ្ដុំ​​​ផ្សេង​ៗ​។ ​អ៊ីចឹង​ប្រសិន​បើ​​ខ្លឹម​សារ​នៃ​លិខិត​ឆ្នាំ​២០១៨​នេះ​​ វា​មាន​ទម្រង់​មួយ​ល្អ​​ ក៏​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​​ភាព​ប្រែប្រួល​ដែរ​ក្នុង​ការ​អនុវត្ត​។ ប៉ុន្តែ​​យ៉ាងណា​ក៏​ដោយ​ ខណៈ​ពេល​ដែល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​នៅតែ​រឹតត្បិត​សេរី​ភាព​ក្នុង​ការ​អនុវត្ត​សកម្ម​ភាព​របស់​សង្គម​ស៊ីវិល​ ខ្ញុំ​យល់​ថា​​ការ​ចេញ​លិខិត​ថ្មី​ៗនេះ​ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដើម្បី​​​​ធ្វើ​ឱ្យ​​សេ​រី​ភាព​សង្គម​ស៊ី​វិល​​ហ្នឹង ប្រសើរ​ឡើង​ជាង​មុន​ប៉ុន្មាន​នោះ​ទេ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា​ វិធានការ​របស់​ក្រសួង​នៅ​ពេល​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​សង្គម​ស៊ីវិល​ដែល​រង​ការ​រឹតត្បិត​តាមរយៈ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​បទបញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរីភាព​ទូលំ​ទូលាយ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន លុះ​ត្រា​តែ​មាន​ការ​កែប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​បទ​បញ្ញត្តិ​ដទៃ​ទៀត​ដែល​មាន​ចរិត​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ ហើយ​​ការ​កែប្រែ​នោះ​ទៀត​សោត​ ត្រូវ​តែ​ជា​ការ​កែប្រែ​ទៅ​រក​ភាព​វិជ្ជមាន​ មិន​មែន​បន្ថែម​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ជាង​មុន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

L Y LY

ពី P PENH

អង្កការសង្គមសីវិលត្រូវធ្វើកិច្ចសន្យាជាមួយក្រសួងមហាផ្ទៃឲ្យបានច្បាស់
លាស់បើថ្នាក់មូលដ្ឋាននៅតែធ្វើការអុកឡុកដល់អង្កការសង្គមសីវិលនៅពេលចុះធ្វើការតាមមូលដ្ឋាន ត្រូវចាប់លោកស ខេងទៅតុលាការICC.តើព្រមទេ?៕

Nov 02, 2018 02:15 AM

គេហទំព័រ​ទាំងមូល