អ្នក​ជំនាញ និង​អ្នកសារព័ត៌មាន​ថា​កម្ពុជា​ត្រូវ​ការ​ចាំបាច់​សារព័ត៌មាន​ឯករាជ្យ

ដោយ សុ ជីវី
2018-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ពេល​បិទ​យុទ្ធនាការ​ឃោសនា នៅ​ថ្ងៃ​ទី២៧ ខេ​កក្កដា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​បិទ​យុទ្ធនាការ​ឃោសនា នៅ​ថ្ងៃ​ទី២៧ ខេ​កក្កដា ឆ្នាំ ២០១៨។
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

សារព័ត៌មាន​ឯករាជ្យ​មាន​ភាព​ចាំ​បាច់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​រួម​ចំណែក​ធ្វើ​អោយ​សង្គម​មាន​ការអភិវឌ្ឍន៍​ត្រឹម​ត្រូវ និង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ស្រទាប់។ នេះ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង។

ពួកគេ​យល់​ថា ​ការរារាំង​ការផ្សាយ​ព័ត៌មាន​ពិត​គឺ​ជា​ការ​ខាត​បង់​ធំធេង​សម្រាប់​សង្គម​ជាតិ ជាពិសេស​​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ។

អ្នកសារព័ត៌មាន​ទទូច​ដល់​របប​លោក ហ៊ុន សែន អោយ​ងាក​មក​ផ្ដល់​ឱកាស​អោយ​សារព័ត៌មាន​ឯករាជ្យ​បាន​បំពេញ​ការងារ​ឡើង​វិញ ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ។

នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី ថ្លែង​កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា​ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​អាច​បំពេញ​តួនាទី​ដោយ​ឯករាជ្យ នោះ​ពួកគេ​នឹង​អាច​ជួយ​ដល់​ការដឹកនាំ​ក្នុង​សង្គម តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​ភាព​ខ្វះ​ចន្លោះ ពី​ភាព​អសកម្ម ឬ​កង្វះ​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​សាធារណៈ ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ ការ​ប្រើប្រាស់​ថវិកា​មិន​ត្រូវ​គោលដៅ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។

«រដ្ឋាភិបាល​គឺ​លោក​ទទួលស្គាល់​ហើយ​ថា​កម្រ​នឹង​ទទួល​បាន​ព័ត៌មាន​ពិត​ណាស់​ហើយ​ក៏​ធ្លាប់​ស្ដី​បន្ទោស​ផង​ដែរ​ថា​ផ្ដល់​ព័ត៌មាន​ពិសេស​មន្រ្តី​ដែល​ច្រើន​តែ​អែបអប​ ហៃ​អើ មិន​ហ៊ាន​ទាំង​ផ្ដល់​នូវ​បញ្ហា​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ផង រហូត​ដល់​មាន​ការ​បង្កើត​អោយ​មាន​យន្តការ​ទទួល​ពាក្យបណ្ដឹង​ ឬ​ក៏​បើក​អោយ​ពលរដ្ឋ​ដាក់​បណ្ដឹង​ផ្ទាល់ តាម​រយៈ​ការ​សរសេរ​ហ្វេសប៊ុក អីទាំង​អស់​ហ្នឹង។ ខ្ញុំ​ចង់​ឃើញ​ពហុភាព​ចម្រុះ​ភាព​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គួរ​តែ​ត្រូវ​បាន​គោរព​គួរតែ​ត្រូវ​បាន​ផ្ដល់​អោយ បើ​មិន​អនុញ្ញាត​ទេ​គឺ​ជា​ការខាតបង់​គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​ជាតិ​ទៅ​វិញ​ទេ»

ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ គឺ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ការធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត​បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​នោះ​រាប់​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ស្ថាប័ន​សារព័ត៌មាន អ្នក​សារព័ត៌មាន​ឯករាជ្យ ការ​បិទ​ការផ្សាយ​បន្ត​នៃ​វិទ្យុ​អន្តរជាតិ ការ​បិទ​ទ្វារ​ការិយាល័យ​ប្រចាំ​នៅ​កម្ពុជា​នៃ​សារព័ត៌មាន​សំខាន់២ គឺ អាស៊ីសេរី និង The Cambodia Daily ការ​ចាប់​ខ្លួន​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី​២​នាក់​ដាក់​ពន្ធនាគារ និង​ការ​តាម​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​មួយ​ចំនួន​ទៀត។

ចំណែក​អតីត​អ្នកសារព័ត៌មាន​របស់​ព្រឹត្តិបត្រ​ព័ត៌មាន The Cambodia Daily លោក អូន ភាព ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក ដោយ​ការ​រត់គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ពលរដ្ឋ​កំពុង​ខ្វះ​ព័ត៌មាន​ពិត​ដែល​ជួយ​អោយ​ពួកគេ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ។ លោក​ថា​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​ទន្ទឹង​ចង់​បាន​ព័ត៌មាន​ពិត​ដែល​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​នៃ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ប្រទេស​ណាក៏​ដោយ​គឺ​គេ​តែង​តែ​មាន​សារព័ត៌មាន​ឯករាជ្យ ​ដើម្បី​ជួយ​បំភ្លឺ​ផ្លូវ​ដល់​ប្រជាពលរដ្ឋ​​ ណែនាំ​ដល់​រដ្ឋាភិបាល​ថា​ ឥឡូវ​ទៅ​ផ្លូវ​ហ្នឹង​ខុស​ហើយ​ចឹង​គាត់​គួរ​តែ​យក​មក​ថ្លឹង​ថ្លែង​វិញ​ថា​សារព័ត៌មាន​ហ្នឹង​ត្រឹមត្រូវ សមរម្យ​ទេ គាត់​គួរតែ​យក​មក​ពិចារណា​មិន​មែន​ថា រិះគន់​គេ​ហ្នឹង​សុទ្ធតែ​ប្រឆាំង​ទាំង​អស់​នោះ​ទេ។ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ស្រុកខ្មែរ ព្រោះ​គាត់​ចេះ​តែ​ធ្វើ គាត់​អត់​ដឹង​កំហុស អត់​ដឹង​ថា​វា​ខុស​ដល់​ប៉ុន្មាន​ទេ​ ព្រោះ​អី?​ព្រោះ​អត់​មាន​អ្នក​ជួយ​រិះគន់»

លោក អូន ភាព បាន​រំលឹក​ពី​អតីតកាល​ដែល​ពុំ​មាន​វត្តមាន​ព័ត៌មាន​ពិត​គឺ​បាន​នាំ​សង្គម​អោយ​ទៅ​រក​គ្រោះ​ថ្នាក់ ដូច​ជា​ការ​កើត​មាន​របប​ខ្មែរ​ក្រហម ដែល​កាប់​សម្លាប់​ពលរដ្ឋ​ឯង និង​ធ្វើ​អោយ​ប្រទេស​ជាតិ​ហិនហោច។ លោក​ថា​ទង្វើ​នេះ​ជា​គំរូ​អាក្រក់​ដែល​អ្នក​ដឹកនាំ​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​យក​ជា​មេរៀន​ដើម្បី​ចៀសវាង​មិន​អោយ​កើត​មាន​សារ​ជា​ថ្មី​ទៀត។

អ្នកសារព័ត៌មាន​ប្រមាណ​ជាង​១ពាន់នាក់(.០១០)​ហើយ ដែល​ត្រូវ​សម្លាប់ នៅ​ទូទាំង​ពិភព​លោក ដោយ​សារ​តែ​ការអនុវត្ត​តួនាទី​របស់​ខ្លួន។ ដោយឡែក​នៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​១៩៩៤​មក​យ៉ាង​តិច​ណាស់​ក៏​មាន​មាន​អ្នក​សារពត៌មាន​ខ្មែរ ចំនួន ១៣​នាក់​ត្រូវ​សម្លាប់ ក្នុង​នោះ​១២​នាក់​រងគ្រោះ​នៅ​ពេល​ពួកគេ​បំពេញ​តួនាទី​រាយការណ៍​ព័ត៌មាន។ មកដល់​ពេល​នេះ​យុត្តិធម៌​ពិតប្រាកដ គឺ​ការ​ចាប់​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​នោះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ។

ទាំង​លោក ណុប វី និង​លោក អូន ភាព លើក​ឡើង​ថា ដើម្បី​អោយ​សារព័ត៌មាន​ឯក​រាជ្យ អាច​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច និង​ពេញលេញ ចាំ​បាច់​ណាស់​ដែល​ត្រូវ​ផ្ដល់​យុត្តិធម៌​នៅ​រាល់​បទឧក្រិដ្ឋ​ប្រព្រឹត្ត​លើ​អ្នកសារព័ត៌មាន ដោយ​នាំ​យក​អ្នក​ប្រព្រឹត្ត​ល្មើស​ទៅ​ផ្ដន្ទាទោស។ ការ​រឹត​បន្ដឹង​ការអនុវត្ត​ច្បាប់​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ធានា​នូវ​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌​មាន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​រងគ្រោះ។ លើស​ពី​នេះ អ្នកសារព័ត៌មាន​ខ្លួន​ឯង​ក៏​ត្រូវ​គោរព​អោយ​បាន​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ស្រប​ពេល​ដែល​ពលរដ្ឋ​ក៏​ត្រូវ​ចូលរួម​ឃ្លាំ​មើល និង​រាយការណ៍​ពី​តម្រូវ​ការ​របស់​ពួក​គេ​ដល់​អ្នកសារព័ត៌មាន​ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល