អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រារាំង​ពលរដ្ឋ​មិន​ហែ​ក្បួន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ​ទី១០ ធ្នូ ខណៈ​​ដែល​សកម្ម​ជន​​សិទ្ឋិមនុស្ស​​មួយ​​ចំនួន​​ទៀត​​ប្រារព្ធ​​ធ្វើ​ដោយ​​ការ​​ភ័យខ្លាច​

ដោយ ហេង រស្មី
2018-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​១០ ​ធ្នូ​ ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​យ៉ាង​តឹងរ៉ឹង។ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បាន​រារាំង​សហគមន៍​រងគ្រោះ​ដីធ្លី​​នៅ​តាម​បណ្ដា​ស្រុក​​មិន​ឲ្យ​​ពួកគាត់​​​ហែ​ក្បូន​ទៅ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី១០ ​ធ្នូ​ ទី​រួម​ខេត្ត​បាន​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ១០០នាក់បាន​រៀបចំ​នៅ​ខេត្ត​តាកែវ។

តំណាង​សហគមន៍​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​លោក វន វ័ន​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ធ្នូ​ថា ក្បួនហែ​របស់​ពួកគាត់​មាន​គ្នា​ជិត​១០០​នាក់​ ធ្វើ​ដំណើរ​តាម​​គោយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿន​តាម​ផ្លូវ​ជាតិ​លេខ​៥ ហើយ​ត្រូវ​បាន​​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ស្ទាក់​ឃាត់​ជាប់​នៅ​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត។ តំណាង​សហគមន៍​ដីធ្លី​រូប​នេះ​ សម្ដែង​ការ​ខឹងសម្បា​នឹង​សមត្ថកិច្ច​ដែល​បាន​រារាំង​ពួកគាត់​នេះ​ ថា​ជា​ការ​បិទ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ ដែល​មិន​អាច​សម្ដែង​មតិ​ និងផ្ញើ​សារ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ទៅ​មន្ត្រី​ថ្នាក់​ដឹក​នាំ​កំពូលៗ របប​លោក​ហ៊ុន សែន​​ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​​​ទំនាស់​ដីធ្លីដ៏​រ៉ាំរ៉ៃ​ ដែល​​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់៖ «ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​អាជ្ញាធរ​មិន​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​បែរ​ជា​មក​បិទ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ទៅ​វិញ​ ដូច្នេះ​ខ្ញុំ​ស្នើ​ឲ្យ​លោក​ហ៊ុន សែន​ សូម​បើ​ឲ្យ​មើល​មន្ត្រី​ថ្នាក់​បង្គាប់​ផង​ កុំ​ឲ្យ​រឹតត្បិត​ពលរដ្ឋ​ជួប​ជុំ​គ្នា​ពេក​ ព្រោះ​ថ្ងៃ​១០​ធ្នូ​គឺ​ជា​ទិវា​សិទ្ធិមនុស្ស​ដែល​គេ​គោរព​ទូទាំង​ពិភពលោក​ គឺ​ដូច​ការ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​និង​បុណ្យ​កឋិនទាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​​ព្រះពុទ្ធសាសនា​ដែរ​ ដែល​តែង​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ ដែល​ពួកគាត់​អាច​ធ្វើ​បាន​ដោយ​មិន​បាច់​សុំ​ច្បាប់»

លោក វន វ័ន​ បន្ថែម​ទៀត​ថា សារ​សំខាន់​ចំនួន​ ៥​ចំណុច​ ដែល​ពួក​គាត់​ចង់​ផ្ញើ​ទៅ​ឲ្យ​សាធារណៈ​ជន​បាន​ដឹង​​ រួម​មាន អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​គឺ​ជា​​សន្តិភាព​ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន ​គឺ​ជា​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ​ជា​ឫសគល់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រព័ន្ឋ​​តុលាការ​ឯករាជ្យ និង​មាន​ការ​គោរព​​សិទ្ធិ​មនុស្ស​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក សួន បវរ ដើម្បី​សាកសួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ១០ ​ធ្នូ ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក សួន បវរ បាន​ចេញ​លិខិត​ជូន​ដំណឹង​មិន​​អនុញ្ញាត​ឲ្យ​សហគមន៍​ដីធ្លី​ ចំនួន​ ២៥០​នាក់​ មាន​ពី​ស្រុក​ថ្ម​ពួក ម៉ាឡៃ អូរជ្រៅ​ និង​សហគមន៍​ផ្លូវ​រថ​ភ្លើង​ក្រុង​ប៉ោយប៉ែត​ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ទី​១០ ​ធ្នូ ដែល​សហគមន៍​ស្នើសុំ​រៀប​ចំ​នៅ​មាត់​ស្ទឹង​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នោះ​ទេ ហើយ​អាជ្ញាធរ​ឲ្យ​ពួក​គាត់​ធ្វើ​ពិធី​នៅ​តាម​ស្រុក​រៀងៗ ខ្លួន​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​ លីកាដូ​ (Licadho) ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ិន គង់ជិត​ បាន​ចាត់​ទុក​ការ​រារាំង​នេះ​ថា​ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​របស់​ពលរដ្ឋ​ ដែល​មិន​អាច​សម្ដែង​មតិ​បាន​​ ដែល​​​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល សហគមន៍​ និង​មន្ត្រី​សហជីព​អាច​ធ្វើ​សកម្មភាព​ឲ្យ​បាន​ពេញលេញ​ ដោយ​មិន​ចាំ​បាច់​សុំ​ច្បាប់​នោះ​ទេ។ លោក​ថា​ អាជ្ញាធរ​ធ្វើ​បែប​នេះ​ ប្រជា​ពលរដ្ឋ​មិន​អាច​សម្ដែង​មតិ​ផ្ញើរ​សារ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ទៅ​សាធារណជន​ឲ្យ​បាន​ដឹង​ទូលំទូលាយ​បាន​ឡើយ៖ «យើង​ឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​មុន​សហគមន៍​រងគ្រោះ​ដីធ្លី​អាច​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស ​១០ ​ធ្នូ​ បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ដូច​ឆ្នាំ​នេះ​ទេ​ ដែល​អាជ្ញាធរ​ខេត្ត​បាន​រឹតត្បិត​ខ្លាំង​មិន​ឲ្យ​ពលរដ្ឋ​ប្រារព្ធ​ទិវា​នេះ​បាន។ ដូច្នេះ​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ ដែល​ពលរដ្ឋ​មាន​សិទ្ធិ​​ជួប​ជុំ​សម្ដែង​មតិ​អបអរសាទរ​និង​ថ្លែង​ការណ៍​ជា​សាកល​អំពី​សិទ្ធិ​មនុស្ស​ ដែល​បាន​ផ្ដល់​តម្លៃ​ជា​សាកល​នោះ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា ពិធី​នេះ​ពលរដ្ឋ​បាន​ត្រឹម​តែ​ជួប​ជុំ​គ្នា​នៅ​តាម​មូលដ្ឋាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ដោយ​មិន​អាច​ហែ​ក្បួន​ទៅ​ដល់​គោលដៅ​នៅ​ក្រុង​សិរីសោភ័ណ​ដូច​ការ​គ្រោង​ទុក​នោះ​ទេ​​ ព្រោះ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​បាន​ហាម​ឃាត់​ក្បួនហែ ​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ឡើយ​ ក្នុង​នោះ​​ស្រុក​ខ្លះ​អាជ្ញាធរ​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៀត​ផង​ ដោយ​លើក​ហេតុ​ផល​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​សុំ​ច្បាប់​ឲ្យ​ក៏​ដោយ។ ប៉ុន្តែ​ពលរដ្ឋ​​លើក​ឡើង​ថា​ រឿង​នេះ​ទំនង​អាជ្ញាធរ​ភ័យ​ខ្លាច​ប្រជា​ពលរដ្ឋ​និយាយ​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​របស់​ខ្លួន ទើប​​បាន​ជា​​រារាំង​មិន​ឲ្យ​ពួក​គាត់​គោរព​ទិវា​​សិទ្ធិ​មនុស្ស។

ចំណែកឯ​នៅ​ខេត្ត​ព្រះវិហារ​ឯ​ណោះ​វិញ​ ប្រជា​ពលរដ្ឋ​និង​មន្ត្រី​សង្គមស៊ីវិល​និង​អ្នក​ពាក់ព័ន្ធ​រាប់​រយ​នាក់​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​នៅ​ទី​រួម​ខេត្ត ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​យ៉ាង​តឹងតែង​។អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ លោក សឹង សែន​ករុណា មាន​ប្រសាសន៍​​ថា ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញមតិ​ឲ្យ​បាន​ទូលំទូលាយ​ដូច​ដែល​ពួក​គាត់​កំពុង​រងទុក្ខ​​នោះ​ទេ ដោយសារ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​ថ្ងៃ​ក្រោយ។

រីឯ​នៅ​ខេត្ត​តាកែវ​វិញ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ​ ១០០​នាក់​បាន​ជួប​​ជុំគ្នា​ធ្វើ​ពិធី​សិទ្ធិមនុស្ស​នេះ​នៅ​ក្រុង​ដូន​កែវ។ លោក​ថា​ អាជ្ញាធរ​បាន​បង្កប់​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ឃ្លាំ​មើល​ប្រជា​ពលរដ្ឋ​ ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​បញ្ចេញ​មតិ​ឲ្យ​បាន​វែង​ឆ្ងាយ​នោះ​ទេ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយថា​ បើទោះ​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​កាលពី​ពេល​ថ្មីៗ ​នេះ​ បាន​ប្រកាស​បើក​ទូលាយ​រឿង​សេរីភាព​ជួបជុំ​របស់​ពលរដ្ឋ​ក៏​ដោយ​ ហើយ​ជា​ពិសេស​ថ្ងៃនេះ​ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ ក៏​នៅ​តែ​មាន​ការ​រឹតត្បិត​សេរីភាព​ ការ​សំដែង​មតិ​របស់​ពលរដ្ឋ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល