ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ចាញ់បោក​មេខ្យល់​រឿង​រត់ការ​ឯកសារ​ធ្វើការ​នៅ​ប្រទេស​ថៃ

ដោយ យន់ សាមៀន
2018-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ត្រៀម​ឆ្លង​ដែនចូល​ទៅ​ថៃ​​នៅ​ច្រក​ព្រំដែន អូរ​បី​ជាន់ ជោគជ័យ និង​ច្រក​ណងចាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាព​ពលករ​ត្រៀម​ឆ្លង​ដែនចូល​ទៅ​ថៃ​​នៅ​ច្រក​ព្រំដែន អូរ​បី​ជាន់ ជោគជ័យ និង​ច្រក​ណងចាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រូបថត​ផ្ដល់​ដោយ​ប្រជា​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២០ មេសា ឆ្នាំ២០១៨

ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ពីរ​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​មេខ្យល់​ហៅ​ឲ្យ​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ និង​ជួយ​រត់​ការ​រក​ការងារ​ឲ្យ​ធ្វើ ប៉ុន្តែ​ក្រោយពេល​ពួកគេ​មកដល់​ប្រទេស​ថៃ និង​បាន​ប្រគល់​លិខិតឆ្លងដែន​ព្រមទាំង​លុយ​ថ្លៃ​រត់​ការងារ​អស់​ជាង​ពីរ​រយ​ដុល្លារ​រួចមក មេខ្យល់​រូប​នោះ​មិនបាន​ធ្វើ​តាម​ការសន្យា​នោះ​ទេ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ពលករ​ចំណាកស្រុក​លើកឡើង​ថា បញ្ហា​នេះ​កើតឡើង​ច្រើន​ករណី​ណាស់​នៅ​ប្រទេស​ថៃ និង​ពិបាក​ក្នុង​ការ​ជួយ​ដាក់ពាក្យ​បណ្ដឹង​ព្រោះ​ភាគច្រើន​ជនរងគ្រោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជនខិលខូច​ច្បាស់លាស់។

ជាង​ពីរ​ខែ​មក​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ ត្រូវ​បង្ខំចិត្ត​លួច​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទាំង​ខុសច្បាប់​ក្រោយ​ចាញ់​បោល​មេខ្យល់។ ពលរដ្ឋ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ប្រឈម​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខ្លួន ដាក់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ឬ​ត្រូវ​បញ្ជូន​ទៅ​ខ្មែរ​វិញ ខណៈ​សមត្ថកិច្ច​ថៃ​កំពុង​បើក​យុទ្ធនាការ​ចាប់​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​ខុសច្បាប់។

លោក នាគ ហូ ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា លោក​មក​ថៃ ដោយសារ​ពិបាក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «គាត់​ហៅ​មក​ថា យ៉ាង​យូរ​តែ​ម្ភៃ​ទេ បើ​មិនបាន​ការងារ​ឲ្យ​កាត់​ក​គាត់ ខ្ញុំ​ក៏​ដេក​ចាំៗ​អត់​បាន​មួយថ្ងៃ​ហើយ​មួយថ្ងៃ​ទៀត»

លោក​បន្ត​ថា អស់​រយៈពេល​បី​ខែ​ហើយ ក្រោយ​ពី​លោក​បាន​បាញ់​បោក​មេខ្យល់ ហើយ​មិនទាន់​អាច​យក​លិខិតស្នាម​មក​បាន​ដើម្បី​ធ្វើ​ការងារ​ស្របច្បាប់​នៅឡើយ៖ «រកស៊ី​អត់​ទៀងទាត់​ជា​ពលករ​អ៊ីចឹង​អត់​កើត​ទេ ខ្ញុំ​ចេះ​ទៅ​ធ្វើ​ការ​ជាមួយ​គេ​អត់​មាន​លិខិតឆ្លងដែន (Passport) អី​ក្នុង​ខ្លួន​ចេះតែ​ទៅ​ឲ្យ​រួច​ថ្លៃ​ម្ហូប​ថ្លៃ​បន្ទប់»

អាស៊ីសេរី​មិន​ទាន់​មាន​មធ្យោបាយ​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​មន្ត្រី​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន នៅឡើយ​ទេ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា។ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​សង់ត្រាល់ (CENTRAL) លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាក់ទង​សុវត្ថិភាព​ការងារ​នៅ​ក្រៅ​ប្រទេស​នៅ​មាន​កម្រិត​នោះ ទើប​បណ្ដាល​ឲ្យ​មាន​ករណី​ពលករ​ចាញ់បោក​មេខ្យល់​ក៏​នៅ​តែ​មាន​ច្រើន។ លោក​បន្ត​ថា សង្គម​ស៊ីវិល​ពិបាក ជួយ​អន្តរាគមន៍ ឬ​ការ​ជួយ​ដាក់​ពាក្យ​បណ្ដឹង​ណាស់​ព្រោះ​ពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់​មិនបាន​ស្គាល់​អត្តសញ្ញាណ​របស់​មេ​ខ្យល់ ច្បាស់លាស់៖ «មុននឹង​លោក (ពលករ) ចំណាយ​លុយ​ទៅលើ​បុគ្គល​ណា​ម្នាក់​សុំ​សិក្សា​មើល​ថា​តើ​គេ​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ណា ប៉ុន្តែ​គ្រាន់តែ​ប្រមូល​លុយ​ហើយ​សន្យា​ថា​ធ្វើ​បាន​សូម​មេត្តា​កុំ​ចំណាយ​លុយ​លើ​បុគ្គល​នោះ»

កន្លងមក លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ធ្លាប់​បាន​លើកឡើង​ថា ក្រសួង​ការងារ​និង​អ្នក ពាក់ព័ន្ធ​គ្រោង​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ដល់​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។ លោក​អះអាងថា កន្លែង​ដែល​គ្រោង​នឹង​បង្កើត​នេះ​វា​មិនមែន​ត្រឹមតែ​ជា​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​កន្លែង​ប្រឹក្សា​យោបល់​សម្រាប់​ពលករ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ផ្លាស់ប្ដូរ​ការងារ ឬ​រង់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ។ លោក ឌីថេ ហូយ៉ា ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចង់​មក​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដើម្បី​ជៀសវាង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​មិនបាន​ច្បាស់លាស់ ជាហេតុ​នាំ​ឲ្យ​ពួកគេ​បន្ត​ការ​ចាញ់​បោក​មេខ្យល់​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល