នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី​ ចក់ សុភាព បាន​ទទួល​ពាន​រង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ បារាំង និង​អាល្លឺម៉ង់ ឆ្នាំ២០១៨

ដោយ ម៉ៅ សុធានី
2018-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
RFA

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី​ ចក់ សុភាព បាន​ទទួល​ពាន​រង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ បារាំង និង​អាល្លឺម៉ង់ ឆ្នាំ២០១៨ កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ដែល​ជា​ទិវា​គំរប់​ខួប ៧០ឆ្នាំ នៃ​សេចក្តី​ប្រកាស​ជា​សកល ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

អ្នកស្រី ចក់ សុភាព ថ្លែងប្រាប់អាស៊ីសេរី​ថា ពាន​រង្វាន់​នេះ គឺ​ជា​កិត្តិយស​ដ៏​ធំ​មួយ​សំរាប់​ប្រទេស​កម្ពុជា ជា​ពិសេស ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហគមន៍​នានា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ច​ការពារ និង​តស៊ូ​មតិ ដើម្បី​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នកស្រី​សង្ឃឹម​ថា របប​ក្រុង​ភ្នំពេញ នឹង​ទទួល​ស្គាល់​នូវ​កិច្ច​ប្រឹងប្រែង​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​នោះ​ ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គាត់​ដោយ​សេរី និង​តម្លាភាព៖ «សំរាប់​ខ្ញុំ​គិត​ថា ជា​ការ​ទទួល​ស្គាល់​គុណ​តម្លៃ របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​សូម​ចែក​រំលែក​ពាន​រង្វាន់​នេះ​ទៅ​ដល់​សកម្មជន​ទាំង​អស់។ ទន្ទឹម​នេះ គឺ​ជា​សារ​មួយ​សំរាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​ការ​ការពារ​ដល់​សុវត្ថិភាព ធានា​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន របស់​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ពួក​គាត់​អាច​បំពេញ​នូវ​សកម្មភាព​របស់​គាត់​ដោយ​សេរី និង​មិន​មាន​ការ​ភ័យ​ខ្លាច»

សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​បារាំង និង​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​បារាំង លោកស្រី អេវ៉ា ង្វៀង ប៊ិន (Eva Nguyen Binh) និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក អ៊ិនហ្គូ កាស្ទីន (Ingo Karsten) ឲ្យ​ដឹង​ថា កិច្ច​ការពារ​លំហ​នយោបាយ និង​លំហ​ស៊ីវិល នៅ​តែ​ជា​កិច្ចការ​ដ៏​សំខាន់ នៅ​ក្នុង​ពិភព​លោក។ ការ​គោរព​សិទ្ធិមនុស្ស ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សហប្រតិបត្តិការ​ជា​មួយ​នឹង​ប្រទេស​កម្ពុជា។

អ្នកស្រី ចក់ សុភាព បន្ត​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត នឹង​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ការងារ​របស់​ខ្លួន ដើម្បី​ការពារ​យុត្តិធម៌ នីតិរដ្ឋ ព្រម​ទាំង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល