មេទ័ព​របប​​លោក ហ៊ុន សែន ម្នាក់​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បាតដៃ​កខ្វក់​ទទួល​មរណភាព


2018.10.25
ឧត្ដមសេនីយ៍​ បាត​ដៃ​កខ្វក់ ៦២២ រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។
Photo: Printscreen

មេទ័ព​ម្នាក់​ដែល​ជាប់​ឈ្មោះថា មាន​បាតដៃ​កខ្វក់​ការពារ​របប​ផ្ដាច់ការលោក ហ៊ុន សែន ស្លាប់​ក្នុង​វ័យ ៦៦​ឆ្នាំ។ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ៤ លោក ជា ម៉ន បាន​ទទួល​មរណភាព ដោយ​រោគាពាធ កាលពី​យប់​ថ្ងៃទី២៣ តុលា កន្លង​ទៅ។ សព​របស់​លោក​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចាត់ទុក​មរណភាព​របស់​លោក ជា ម៉ន ថា​ជា​ការ​បាត់បង់​មិត្ត​រួម​អាវុធ​តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​មិត្ត​រួម​អាវុធ​ដែល​បាន​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​ក្នុង​ការ​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា។

ឧត្តម​សេនីយ៍​ឯក ជា ម៉ន គឺជា​ឧត្តមសេនីយ៍​មួយ​រូប​ក្នុងចំណោម ១២​រូប ដែល​ជាប់​ឈ្មោះថា​ជា​ឧត្តមសេនីយ៍​មាន​បាតដៃ​កខ្វក់ ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​មាន​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ជាច្រើន​នៅ​កម្ពុជា ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៧០ រហូតមកដល់​ពេល​បច្ចុប្បន្ន។ អ្នក​ផ្សេងទៀត​រួមមាន លោក ប៉ុល សារឿន លោក គន់ គីម លោក ចាប ភក្តី លោក សៅ សុខា លោក រ័ត្ន ស្រ៊ាង លោក នេត សាវឿន លោក សុខ ផល លោក ម៉ក់ ជីតូ លោក ជួន សុវណ្ណ លោក ប៊ុន សេង និង លោក ជឿន សុវណ្ណថា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ឧត្ដមសេនីយ៍​ទាំង ១២​រូប​នេះ គឺជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន និង​ជា​ខ្នងបង្អែក​នៃ​របប​របស់​លោក ដែល​ជា​របប​នយោបាយ​មួយ​ពោរពេញ​ទៅ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់ការនិយម។ Human Rights Watch អះអាង​ទៀត​ថា ការណ៍​ដែល​កម្ពុជា​ប្រែក្លាយ​ទៅជា​របប​ផ្ដាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស​ដូច​ពេលនេះ គឺ​ដោយសារ​តែ​មាន​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង ១២​រូបនេះ ធ្វើជា​ខ្នងបង្អែក​នេះឯង។ អង្គការ​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស តាមរយៈ​ការ​បើក​ការស៊ើបអង្កេត​លើ​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង ១២​រូប​នេះ ដើម្បី​យក​ពួកគេ​ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។