សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ខេត្ត​ក្រុង​អនុវត្ត​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ​ឱ្យ​មាន​ប្រសិទ្ធភាព​ រឿង​មិន​បាច់​ជូន​ដំណឹង​មុន​ធ្វើ​សកម្មភាព

ដោយ មាន ឫទ្ធិ
2018-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតរបស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ ២០១៦។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតរបស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ ២០១៦។
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សាទរ​ ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​លើក​ឡើង​ថា សមា​គម អង្គការមិន​មែន​រដ្ឋាភិបាល​​ និង​សហគមន៍​មូលដ្ឋាន​ មិន​ចាំបាច់​ជូន​ដំណឹង​ដល់​​អាជ្ញាធរ​មូលដ្ឋាន​ មុន​ពេល​ចុះធ្វើ​សកម្មភាព​ត​ទៅ​ទៀត​នោះ​ទេ។ ពួកគេ​ក៏​ចង់​ឃើញ​របប​លោក ហ៊ុន សែន ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញ​លេញ​ដល់​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ផង​ដែរ។

ក្រុម​អង្គការ​សង្គមស៊ីវិលរំពឹង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ នឹង​បញ្ឈប់​សកម្ម​ភាព​រឹតត្បិត​សិទ្ធិសេរីភាព ពេល​ពួក​គេ​ចុះ​ធ្វើ​សកម្មភាពនៅ​តាម​មូលដ្ឋាន​​ បន្ទាប់​ពី​មាន​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ​ទៀត​របស់​ក្រសួង​មហាផ្ទៃ​នេះ។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុម​ហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា កាល​ពី​ពេល​កន្លងទៅ​ អង្គការ​របស់​លោ​ក​មាន​ការ​លំបាក​ជា​ខ្លាំង​នៅពេល​ចុះធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​មួយ​ចំនួន ដោយ​សារ​អាជ្ញាធរ​បាន​រឹតត្បិត និងពេល​ខ្លះ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាពតែម្តង។ លោក​កត់​សម្គាល់ថា អាជ្ញាធរ​មើល​មកសមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័​យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​តស៊ូមតិ ក្នុង​រូបភាព​ជា​ក្រុម​ប្រឆាំង ឬ​មាន​បំណង​ទុច្ចរិត​ជា​ដើម​ ដែល​ផ្ទុយ​ពី​ការ​ពិត​នៃ​សកម្មភាព​របស់​ក្រុម​អង្គការសង្គម​ស៊ីវិល។ លោកបន្ថែម​ទៀត​ថា អាជ្ញាធរខ្លះ​ទៀតនៅ​​មិនទាន់​​​យក​ចិត្ត​ទុក​ដាក់​អនុវត្តតាម​​បទ​បញ្ជា​​របស់​អាជ្ញាធរថ្នាក់ជាតិ​នៅឡើយ​ទេ ដូចនេះ​លោក​រំពឹង​ថា បទបញ្ជាថ្មី​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយឱ្យ​​ទូលំទូលាយ​​ដើម្បី​កុំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅពេល​សង្គម​ស៊ីវិល​ចុះ​ធ្វើ​សកម្មភាព​​នៅពេល​ក្រោយ​ទៀត៖ «ការ​បើក​នេះ​គ្រាន់​តែ​ជាជ្រុង​តូច​មួយ​ វា​មិន​អាច​គ្រប់​គ្រាន់នោះ​ទេ។ វា​បន្ថែម​លើការ​អនុវត្ត​ជាក់ស្តែងឱ្យ​មាន​ទៀត​។ ហើយ​មិន​ត្រឹម​តែ​សង្គម​ស៊ីវិល​ទេ ទីពីរគឺលំហនៃ​ព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​ ហើយ​បន្ថែម​លើ​ហ្នឹង​ទៀត គួរ​តែ​បើក​លំហ​នៃ​សិទ្ធិ​នយោបាយ។ នេះ​គួរ​តែ​ជា​ចំណុច​សំខាន់​សម្រាប់រដ្ឋាភិបាល​ថ្នាក់​ជាតិ​ដែល​លោក​ត្រូវ​គិត​គូរ​ឡើងវិញ»

លិខិត​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា ​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ក្រុង​បើក​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ពេញ​លេញ​​​ចំពោះ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ព្រម​ទាំង​សហ​គមន៍​​នានា ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​តាម​​មូលដ្ឋាន។ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ថ្មី​នេះ សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​ មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈ​ពេល​ ៣ថ្ងៃ មុន​ពេល​ចុះធ្វើ​សកម្មភាព​របស់​ខ្លួន​ ដូច​កាល​ពី​មុន​​នោះ​ឡើយ។ ក្រសួង​បញ្ជាឱ្យ​អភិបាល​ខេត្ត​ក្រុង​ទាំង​អស់​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទោះជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក​ លោក សឺង សែនករុណា ហាក់​មិន​ទាន់​ជឿ​ជាក់​នៅ​ឡើយ​​ទេ​ថា សេចក្តីជូន​ដំណឹង​នេះ នឹង​អាច​អនុវត្ត​បាន​ដោយ​មាន​ប្រសិទ្ធភាព​នោះ ព្រោះ​កន្លង​ទៅ​មាន​បទបញ្ជា​ផ្ទាល់​មាត់ ឬ​ក៏​លិខិត​មួយ​ចំនួន​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​​មិន​ទាន់​អនុវត្ត​បាន​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​ជឿជាក់​ថា សេចក្តី​ជូន​ដំណឹង​ថ្មី​នេះ នឹង​មិន​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​ឡើយ​ ដរាប​ណា​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ឬ​ជ្រួតជ្រាប​ដល់​អាជ្ញាធរ​មូលដ្ឋាន​នោះ។ លោក​ក៏​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​តាម​ដាន​ការ​អនុវត្តសេចក្តីជូន​ដំណឹង​នេះ ហើយ​បើ​រក​ឃើញ​ថា មន្ត្រី​មាន​សមត្ថកិច្ច​ណា​មិន​អនុវត្ត​ ឬ​ធ្វើ​ផ្ទុយ​ពី​ខ្លឹមសារ​នៃលិខិត​នេះ​ ត្រូវ​មាន​វិធាន​ការ​លើ​មន្ត្រី​ទាំង​នោះ៖ «ការ​ផ្តល់​ឱ្យ​សកម្មភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​មាន​សកម្មភាពទូលំទូលាយ​ឡើង​វិញ​ហ្នឹង វា​ជា​រឿង​មួយ​ល្អ​ប្រសើរ​ ក៏​ប៉ុន្តែ​យើង​សុំ​ឱ្យ​ខាង​រដ្ឋាភិបាល​គួរ​តែ​ផ្សព្វផ្សាយអំពី​ការ​ចេញនូវ​សេចក្តី​ណែនាំ​ថ្មី​ហ្នឹង ដល់​មន្ត្រីពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ជាតិ។ ហើយ​ក៏​ស្នើសុំ​ឱ្យ​លុប​ចេញ​នូវ​ការ​ចោទប្រកាន់​ថា អង្គការ​ខាង​យើង​ខ្ញុំ​​ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ចលនាណាមួយ បដិវត្តន៍​ពណ៌ ឬក៏ផ្តួល​រំលំ​រដ្ឋាភិបាល​អីហ្នឹង សូមឱ្យ​មាន​ការ​លុប​ចេញ​ផង​ដែរ ដើម្បី​ឱ្យ​យើង​ខ្ញុំ​ធ្វើ​កិច្ច​ការ​ទៅ​វា​អត់​មាន​ការ​មន្ទិល​សង្ស័យ​ក្នុង​ការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ទាំង​អស់»

កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់ ​ណែនាំ​មន្រ្តី​ក្រោម​ឱវាទ ឱ្យ​សហការ​ជាមួយ​នឹង​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល និ​ង​សហគមន៍​មូលដ្ឋាន​ដែរ។ ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាលដែល​បាន​ចុះ​បញ្ជី​តាម​ច្បាប់​ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​ររាំង​ និង​រំលោភ​បំពាន​ឡើយ។ ក្រសួង​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​ការ​រារាំង​ ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ ត្រូវ​រាយការណ៍​ករណី​នេះ​ជូន​អភិបាល​ខេត្ត​ ក្រុង​ ឬ​ក្រសួង​​មហាផ្ទៃ ដើម្បី​ជួយ​សម្រួល​ និង​ដោះ​ស្រាយ​បញ្ហា​នោះ។

ទោះជាយ៉ាងណា ការ​ណែនាំ​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់​ក្រោម​អនុវត្ត​តាម​នោះឡើយ។ មួយ​សប្តាហ៍​ ក្រោយ​​​ពេល​ចេញ​លិខិត​នេះ ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​ច្រើន​នាក់​មក​ពី​តាម​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស បាន​នាំគ្នាឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ប៉ុន្តែ​សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ទៅ​វិញ។ ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​ទៅ​ប្រមូ​លផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រោម​ការ​ឃ្លាំមើល​យ៉ាង​តឹង​រ៉ឹង ហើយ​សូម្បី​តែ​អ្នក​សារព័ត៌មាន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ទីលាន​នោះ​ដែរ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ការ​ណែនាំ​របស់​ក្រសួង​​​មហាផ្ទៃ​នេះ គ្រាន់​តែ​ជា​ការ​បន្ធូរ​បន្ថយ​សម្ពាធ ដែល​ធ្លាប់​គ្រប​សង្កត់​លើ​ក្រុម​សង្គម​ស៊ីវិល​ប៉ុណ្ណោះ មិន​ទាន់​រាប់​ថា ជា​ការ​បើក​លំហ ឬ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា សមាគម​ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ នៅ​តែ​ប្រឈម​នឹង​ការ​រើសអើង​ ដោយ​មិន​អាច​ជួល​ទីតាំង​ឯកជន ​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ ឬ​កម្មវិធី​សិក្ខាសាលា​បាន​​ ព្រោះ​​ម្ចាស់​ទីតាំង​ទាំង​នោះ​​រង​សម្ពាធ​ពី​អាជ្ញាធរ​ដែន​ដី​មិន​ឱ្យ​ជួល​កន្លែង​របស់​ខ្លួន​ឱ្យ​ក្រុម​សង្គម​ស៊ីវិល៖ «..ណ វា​អត់​មាន​ផ្ទុក​វិធាន​គតិយុត្តិ​អ្វី​នោះ​ទេ។ បាន​ន័យ​ថា វា​អត់​មាន​អំណាច​ទៅ​ចាប់​បង្ខំ​ឱ្យ​មន្ត្រី​ណា​ម្នាក់​អនុវត្ត​ច្បាប់​នោះ​ទេ គ្រាន់​តែ​ប្រាប់​ឱ្យ​ដឹង។ ដឹង​ហើយ​ ទុក​ក្នុង​ចិត្ត​ទៅ មិន​ឃើញ​គេ​មក​ជូន​ដំណឹង​ ក៏​កុំ​ខឹង​គេ កុំ​ទៅ​បិទ​ កុំ​ទៅ​ផ្អាក​គេ។ ខ្ញុំ​នៅ​តែ​សង្កត់​ធ្ងន់​ទៅលើ​ថា ពេល​ខ្លះ​យើង​ទៅ​ជួល​សណ្ឋាគារ ផ្ទះ​សំណាក់​អី​ហ្នឹង​ ម្ចាស់​សណ្ឋាគារ ម្ចាស់​ផ្ទះ​សំណាក់​ហ្នឹង ក៏​ត្រូវ​ការ​ឱ្យ​យើង​ហ្នឹង​បង្ហាញ​លិខិត​ស្នាម​ មាន​ការ​អនុញ្ញាត​ពី​ខេត្ត​ ពី​អាជ្ញាធរ​ស្រុក​អ៊ីចឹង​ដែរ។ ក្រុម​អ្នក​រក​ស៊ី​ទាំង​អស់​ហ្នឹង គេ​ស្ថិត​នៅ​ក្រោម​អំណាច​រដ្ឋបាល​របស់​សមត្ថកិច្ច​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​អី​ហ្នឹង​ដែរ។ យើង​បារម្ភ​ថា ឥទ្ធិពល​ហ្នឹង​វា​នៅតែមាន»

លោក​ក៏​ចង់​ឃើញ​ក្រសួង​មហាផ្ទៃ​ចេញ​ប្រកាស​លុប​ចោល​បទ​បញ្ជា​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ដែល​​ឱ្យ​សមត្ថកិច្ច​តាម​ដាន​រាល់​សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល​នោះ​ដែរ ព្រោះ​លោក​បារម្ភ​ថា ​អាជ្ញាធរ​ខ្លះ​​អាច​នៅ​អនុវត្ត​តាម​បទ​បញ្ជា​នេះ​នៅ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លកខ្មែរ (PKH) លោក អាង ជាតិ​ឡោម ​នៅ​តែ​ព្រួយ​បារម្ភ​​ថា អាជ្ញាធរ​នឹង​នៅ​តែ​បន្ត​ឃ្លាំមើល​សកម្មភាពរបស់​ក្រុម​អង្គការ​សង្គមស៊ីវិល និង​សហគមន៍​មូលដ្ឋាន​ដដែល​ ព្រោះ​លិខិត​ដែល​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​ដាន​សកម្មភាព​របស់​សង្គម​ស៊ីវិល​នោះ មិន​ទាន់​ត្រូវ​បាន​និរាករណ៍​ចោល​នៅ​ឡើយ។ លោកអះអាងថា នឹង​រង់ចាំមើល​ការ​អនុវត្ត​បទបញ្ជាថ្មី​នេះ ថា​តើ​នឹង​មាន​ប្រសិទ្ធភាព​បាន​ដល់កម្រិត​ណា​នោះ៖ «មើល​ទៅ​លិខិត​ហ្នឹង គឺអាច​គ្រាន់តែ​ថា បើក​ទូលាយ​បន្តិច។ បើក​ទ្វារ បើក​បង្អួច​បន្តិច ឱ្យ​មានសេរីភាព​ខ្លះ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​មូលដ្ឋាន​ធ្វើ​សកម្មភាព ប៉ុន្តែ​អត់​បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​មាន​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ ក្នុង​ការ​ជួប​ជុំ​​​ប្រជាពលរដ្ឋ​ទេ។ ពាក្យ​ថា​សកម្មភាព​ហ្នឹង គឺ​គេ​សំដៅ​ទៅ​លើ​សកម្មភាព​ប្រជុំ​ បណ្តុះ​បណ្តាល​តូចៗ ក្នុង​តំបន់​ណា​មួយ ប៉ុន្តែ​អត់​បាន​បញ្ជាក់​ថា មាន​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ ជួប​ជុំ​ប្រជា​ពលរដ្ឋ​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ្វី​មួយ​នោះ​ទេ។ កន្លែង​ហ្នឹង​ដែល​​នៅ​ជា​ការ​កង្វល់​ ​នៅ​ជា​ការ​ព្រួយ​បារម្ភ»

សិទ្ធសេរីភាព​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​នៅកម្ពុជា ត្រូវ​បាន​កាត់​បន្ថយ និង​រួម​តូច​ជាង​មុន​ ក្រោយ​​​​​​ពេល​របបក្រុង​ភ្នំពេញបាន​បង្កើត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ក្រៅ​ពី​ច្បាប់​នេះ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា និង​បទបញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​បន្ថែម​ការ​ត្រួត​ពិនិត្យ និង​រឹតបន្តឹង​កាន់​តែ​ខ្លាំង​លើ​សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល។ បន្ថែម​ពី​លើ​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​បែប​បង្គ្រប់​កិច្ច​មក​ដល់ របប​ក្រុង​ភ្នំពេញ​ក៏​​បាន​ដាក់​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ទាំង​អស់ ត្រូវ​តាម​ដាន​ និង​ក្តាប់​រាល់​ព័ត៌មាន​របស់​​អង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ដែល​របប​នេះ​​សង្ស័យ​​ថា មាន​និន្នាការ​ប្រឆាំង​ទៀត​ផង។ ការ​តាម​ដាន​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​​​វេលា​​រាល់​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​មូលដ្ឋាន​ ដែល​របប​នេះ​​ចោទ​ថា ប៉ុន​ប៉ងបង្ក​​អស្ថេរភាព​ និង​ភាព​វឹកវរ​ក្នុង​សង្គម។

សង្គម​ស៊ីវិល​អះអាង​​ថា ដើម្បី​ឱ្យ​ពួក​គេ​មាន​សិទ្ធិ​សេរីភាព​ទូលំ​ទូលាយ​ក្នុង​ការ​បំពេញ​មុខ​ងារ​វិញ​បាន​ លុះ​ត្រា​តែ​​មាន​ការ​កែប្រែ​ច្បាប់​ស្តីពី​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​បទបញ្ញតិ​ដទៃ​ទៀត​ ដែល​មាន​ចរឹត​រឹតត្បិត​​ ហើយ​​ការ​កែប្រែ​នោះ​ទៀត​សោត​ ត្រូវ​តែ​ជា​ការ​កែប្រែ​ទៅ​រក​ភាព​វិជ្ជមាន​ មិន​មែន​បន្ថែម​ការ​រឹត​ត្បិត​​​កាន់​តែ​ខ្លាំង​ជាង​មុន​នោះ​ឡើយ។ បន្ថែម​ពី​លើ​នេះ ពួក​គេ​ក៏​ទាម​ទារ​ឱ្យ​របប​លោក​ ហ៊ុន សែន បើក​ចំហ​សិទ្ធិ​សេរីភាព​សម្រាប់​សារព័ត៌មាន​ឯករាជ្យ និង​សិទ្ធិ​ធ្វើ​នយោ​បាយ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​ ១១៨នាក់​ផង​ដែរ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នាពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល