ក្រសួង​ការពារ​ជាតិ​បដិសេធ​រឿង​កងទ័ព​៥០០​នាក់​ចូលរួម​ថត​កុន​ឲ្យ​ក្រុមហ៊ុន​អាមេរិក

ដោយ ឡេង ម៉ាលី
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ថត​កុន​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដឹក​នាំ​ថត​ដោយ អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
សកម្មភាព​ថត​កុន​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដឹក​នាំ​ថត​ដោយ អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​ក្រសួង​ការពារ​ជាតិ បដិសេធ​ចំពោះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ថា កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៥០០​នាក់ បាន​ចូលរួម​ថត​កុន​ឲ្យ​ក្រុមហ៊ុន​អាមេរិក។ ការ​ថត​កុន​នេះ គឺ​សំដៅ​ទៅ​រក​ការ​ថត​រឿង "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែល​ដឹកនាំ​ដោយ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie )

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត នៅ​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា បដិសេធ​ថា កង​យោធពល​ខេមរភូមិន្ទ​មិន​បាន​ចូលរួម​ថត​កុន​ឲ្យ​អាមេរិក ដែល​ដឹកនាំ​ដោយ​អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ទេ៖ «កងទ័ព​អត់​មាន​កម្លាំង​ណា​ជួល​បួន​ប្រាំ​រយ​នាក់​ទេ ព្រោះ​និយាយ​រួម កងទ័ព​អត់​មាន​ពេលវេលា​ណា​ទៅ​ថត​កុន​ជាមួយ​គាត់​ទេ។ សង្ស័យ​មាន គឺ​មាន​តែ​ប្រជាជន​ស្លៀកពាក់​ទាហាន​ប្រើ​ជា​រូបភាព​បញ្ចាំង​កុន អាច​ជឿ​ថា​កើត​មាន​រឿង​ហ្នឹង​ច្រើន​ជាង»

ការ​បដិសេធ​នេះ គឺ​ក្រោយ​ពេល​ដែល​ទស្សនាវដ្ដី ញូវយ៉ក (NYMAG.COM) កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ចេញ​ផ្សាយ​អំពី​ការ​រិះគន់​ចំពោះ​អ្នកស្រី អែនជេលីណា ចូលី ថា​បាន​សហការ​ជាមួយ​កង​ខេមរភូមិន្ទ​ចំនួន ៥០០​នាក់ ពេល​ថត​ភាពយន្ត​ខ្នាត​ធំ​អំពី​ជីវិត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ម្នាក់ ឈ្មោះ អ៊ឹង លឿង។ ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ហើយ​ថា​ទាហាន​ទាំងនេះ​ដើរ​តួ​ជា​កងទ័ព​ខ្មែរ​ក្រហម។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) រិះគន់​តារា​ភាពយន្ត​ហូលីវូដ (Hollywood) ដ៏​ល្បី​ឈ្មោះ និង​ជា​ផលិតករ​ភាពយន្ត អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ចំពោះ​ការ​សហការ​ជាមួយ​កង​ខេមរភូមិន្ទ ដែល​ថា​ជា​កម្លាំង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​មួយ ប្រសិន​បើ​កិច្ច​សហការ​មាន​មែន។

ទស្សនាវដ្ដី ញូវយ៉ក ស្រង់​សម្ដី​លោក ប៊្រែដ អាដាម ទៀត​ថា ការ​ដែល​អ្នកស្រី អែនជេលីណា ចូលី ទៅ​សុំ​ច្បាប់​ផលិត​ភាពយន្ត​នៅ​កម្ពុជា និង​បាន​ដាក់​ទុន​វិនិយោគ​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ជា​រឿង​ល្អ​មួយ ហើយ​អ្នកស្រី​អាច​នឹង​ជួប​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​អ្នកស្រី​ត្រូវ​ឋិត​ក្នុង​ជំហរ​ច្បាស់លាស់​មួយ​ថា អ្នកស្រី​មិន​បាន​ផ្ដល់​អំណាច និង​ភាព​ស្រប​ច្បាប់ ឬ​ចំណាយ​លុយ​ទៅ​មនុស្ស​ខុស​ឡើយ។ លោក​ថ្លែង​ទៀត​ថា ការ​ធ្វើ​ការ​ជាមួយ​ទាហាន​រដ្ឋាភិបាល គឺ​ជា​ទង្វើ​ហាមឃាត់ ជា​កំហុស​ដ៏​អាក្រក់ ដោយ​លោក​ថា កង​ទាហាន​ទាំងនោះ គឺ​ជា​កង​កម្លាំង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ផ្ដាច់ការ​ដើម្បី​សម្លាប់​អ្នក​ការពារ​បរិស្ថាន ដែល​វា​ជា​ទង្វើ​ផ្ទុយ​ពី​ជំហរ​របស់​អ្នកស្រី។

លោក​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជន​ផ្ដាច់ការ​ម្នាក់​ដែល​ជាប់​ក្នុង​កំណត់​ត្រា​ពី​ការ​សម្លាប់ ការ​និរទេស ការ​ដាក់ និង​ការ​គំរាម​កំហែង​អ្នក​នយោបាយ​ប្រឆាំង ហើយ​ទាំង​លោក ហ៊ុន សែន ក៏ដូចជា​ថ្នាក់​ដឹកនាំ​ប្រទេស មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ រួម​ទាំង​មេ​ទាហាន​ផ្សេង​ទៀត សុទ្ធតែ​ជា​អតីត​សមាជិក​ខ្មែរ​ក្រហម។

លោក ឈុំ សុជាត ឆ្លើយតប​ថា លោក​ស្គាល់​ច្បាស់​ចំពោះ​ទស្សនៈ​របស់​លោក ប៊្រែដ អាដាម៖ «គាត់​មាន​ទស្សនៈ​មួយ គាត់​មិន​ដែល​និយាយ​ចំណុច​វិជ្ជមាន​ពី​រដ្ឋាភិបាល​ទេ។ គាត់​និយាយ​តែ​អវិជ្ជមាន​រហូត»

លោក ប៊្រែដ អាដាម គូស​បញ្ជាក់​ថា ភាពយន្ត "មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" នេះ និយាយ​អំពី​ភាព​តក់ស្លុត​ពី​ពួក​ខ្មែរ​ក្រហម ហើយ​អ្នកស្រី​នៅ​តែ​ទាក់ទង​ជាមួយ​ខ្មែរ​ក្រហម​ដោយ​គ្មាន​ការ​ពិចារណា។ លោក​ថា អ្នកស្រី​មាន​មធ្យោបាយ​ផ្សេង​ទៀត​ក្នុង​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា ហើយ​មិន​ជាប់​ពាក់ព័ន្ធ​ដោយ​កងទ័ព​កម្ពុជា ដែល​ជា​កង​កម្លាំង​នៅ​តែ​បន្ត​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ឧទាហរណ៍ អ្នកស្រី ចូលី អាច​ជួល​មនុស្ស​ក្រៅ​ពី​នេះ​ឲ្យ​ដើរ​តួ​ជា​យោធា​ខ្មែរ​ក្រហម​បាន។ លោក​បន្ត​ថា វា​ជា​គ្រោះថ្នាក់​សីលធម៌​មួយ​ក្នុង​ការ​ទាក់ទង ឬ​ធ្វើ​ជំនួញ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ មិន​ដឹង​ថា​អ្នកស្រី​មិន​យល់ ឬ​មិន​ខ្វល់​ពី​បញ្ហា​នេះ​ទេ?

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នកស្រី អែនជេលីណា ចូលី ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​លេច​ឡើង​នូវ​ក្ដី​បារម្ភ​ពី​ក្រម​សីលធម៌។ កាល​ពី​ឆ្នាំ​២០០២ អ្នកស្រី អែនជេលីណា ចូលី បាន​ទិញ​ដី​សម្រាប់​មូលនិធិ ម៉ាដុក ចូលី ភិត (Maddox Jolie-Pitt Foundation) ពី​ឈ្មោះ យឹម ទិត ដែល​គេ​ចោទ​ថា​ជា​ឃាតក​សម្លាប់​រង្គាល និង​ជា​អតីត​មេ​បញ្ជាការ​យោធា​ខ្មែរ​ក្រហម។ រឿង​នេះ​មិន​ដឹង​ថា​ជា​កំហុស​របស់​អ្នកស្រី ឬ​បុគ្គលិក​របស់​អ្នកស្រី​ទេ។ វា​មិន​គួរ​កើត​មាន​ឡើយ។ អ្នកស្រី​មិន​គួរ​ផ្ទេរ​លុយ​ទៅ​ជន​ណា​ដែល​ត្រូវ​គេ​ចោទ​ពី​ការ​ប្រល័យ​ពូជ​សាសន៍​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ទស្សនាវដ្ដី ញូវយ៉ក មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នកស្រី អែនជេលីណា ចូលី នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល